ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ និង​ដុត​ក្រដាស់សែន ធូប និង​ទៀន ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ខាងមុខ ដើម្បី​ចៀសវាង​ការកើតឡើង​នូវ​គ្រោះ​អគ្គិភ័យ​។​

​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន​ទាំងអស់ និង «​ជនរួមជាតិ​» ដែល​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ប្រកប​តែ​សេចក្តីសុខ សុភមង្គល ព្រមទាំង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​កុំបី​ខាន​។​

​លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២០ ខែមករា ថា​៖ «​ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាស់សែន ធូប និង​ទៀន​… ដើម្បី​ចៀសវាង​កុំ​ឱ្យមាន​អគ្គិភ័យ​កើតឡើង ដែល​ធ្វើឱ្យ​រំខាន​ក្នុង​ថ្ងៃ​ចូលឆ្នាំ ព្រោះតែ​ការធ្វេសប្រហែស​»​។​

​លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ បើកបរ​គោរព​ច្បាប់​ចរាចរណ៍ មិនត្រូវ​ស្រវឹង​ក្នុងពេល​បើកបរ ត្រូវមាន​ការយោគយល់​គ្នា និង​ប្រុងប្រយ័ត្ន​ខ្ពស់ ទោះបី​បើកបរ​ជិត ឬ​ឆ្ងាយ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ទាំងអស់គ្នា​។

​លោកនាយក​រដ្ឋមន្ត្រី​សរសេរថា​៖ «​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សំណាងល្អ ជោគជ័យ និង​ហេង​ហេង​គ្រប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី ២០២៣ នេះ​តទៅ​»​។​

​គួរ​បញ្ជាក់ថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២២-២៤ ខែមករា​៕