
លោក ស ខេង ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្ម បរទេស នៅព្រឹកថ្ងៃសុក្រ ទី ២០ ខែមករា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅក្នុងឆ្នាំ ២០២២ ពួកឧក្រិដ្ឋជននៅក្រៅប្រទេសមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោកបញ្ឆោត តាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើស ល្បែងភ្នាល់អនឡាញខុសច្បាប់ និងទាក់ទាញបោកបញ្ឆោតពលករបរទេសឱ្យចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ក្រោមរូបភាពផ្តល់ប្រាក់ឈ្នួលខ្ពស់។ នៅក្នុងឆ្នាំ ២០២២ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញបទល្មើសបោកបញ្ឆោត តាមប្រព័ន្ធអនឡាញចំនួន ៤៤៥ ករណី និងបានឃាត់ខ្លួនជនបរទេសចំនួន ១ ០៤៥ នាក់។
លោកស ខេង បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្ម បរទេស នៅកម្ពុជា នាព្រឹកថ្ងៃសុក្រទី២០ ខែមករា ឆ្នាំ២០២៣នេះ។
លោកបន្ដថា ប្រឈមមុខចំពោះសភាពការណ៍នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថា បានរងគ្រោះ ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសប៊ុករបស់លោក ឬតាមប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បន្ថែមពីនេះ ក៏មានប្រព័ន្ធទំនាក់ទំនងនានានៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមកទល់ពាក់កណ្តាលខែមករាឆ្នាំ២០២៣នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ ករណី។
ក្នុងនោះអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១ ០៤៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានជនសង្ស័យប្រព្រឹត្តបទល្មើសចំនួន ១២០នាក់ មាន ៤សញ្ជាតិ ត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើស ចំនួន ៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ៤ក្រុមហ៊ុន។
លោកស ខេងបានលើកឡើងថា ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។
នៅក្នុងពិធីនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំចំពោះគោលការណ៍សំខាន់ៗមួយចំនួន រួមមាន៖ គាំទ្រដល់ផែនការសកម្មភាព និងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលរៀបចំដោយគណៈកម្មការអន្ដរក្រសួង និងសូមជំរុញលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការរួមគ្នាអនុវត្តន៍ផែនការសកម្មភាពនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕