កណ្តាលៈ លោក ​គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​តាខ្មៅ និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន ជូន​ប្រជា​ពល​ដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ឱ្យបាន​សមរម្យ នឹងត្រូវ​រៀបចំ​បង្គន់​អនាម័យ​ជូន​ពួកគាត់​ប្រើប្រាស់​ឱ្យបាន​សមរម្យ​ផងដែរ​។​

​ជាពិសេស​ទៅទៀត​គឺ​ត្រូវ​គិតគូរ​ផងដែរ ចំពោះ​ទឹកស្អាត​សម្រាប់​ការប្រើប្រាស់ ហើយ​ផ្នែក​សុខាភិបាល ត្រូវ​ត្រៀម​គ្រូពេទ្យ​សម្រាប់​ជួយ​ពលរដ្ឋ​ទាំងនោះ ពេល​មាន​បញ្ហា​សុខភាព​។​

​បន្ថែម​ពីនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ក៏ត្រូវ​ត្រៀម​ជួយសង្គ្រោះ​ជា​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក​អភិបាល​ខេត្តកណ្ដាល បានធ្វើ​ការណែនាំ​បែបនេះ កាលពី​រសៀល​ថ្ងៃទី​ ១៩ ខែមករា ខណៈដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ស្ដីពី​ការរៀបចំ​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន ជូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ ស្ថិតនៅ​ភូមិ​ព្រែក​ថី សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ដោយមាន​ការចូលរួម​ពី​មន្ទីរជំនាញ អាជ្ញាធរ​ក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​៕​