​ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ឆឺ​ត​គៀត អាត់​ថា​កន ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា​បាន​ឯកភាពគ្នា​ក្នុង​ការជំរុញឱ្យ​គណៈកម្មការ​ព្រំដែន​រួម ដើម្បី​រៀបចំ​ពិនិត្យ​បង្គោល​ព្រំដែន និង​បោះបង្គោល​ព្រំដែន​ឡើងវិញ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី​។​

​ការឯកភាព​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​លោក ឆឺ​ត​គៀត អាត់​ថា​កន (CherdKiat ATTHAKOR) ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួប​សម្ដែង​ការគួរសម​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​នា​ថ្ងៃទី​ ២០ ខែមករា ​នៅ​វិមាន​សន្តិភាព​។​

​លោកនាយក​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរាជទូត​ថៃ​ថ្មី​បាន​ឯកភាពគ្នា​ក្នុង​ការជំរុញឱ្យ​គណៈកម្មការ​ព្រំដែន​រួម ដើម្បី​រៀបចំ​ពិនិត្យ​បង្គោល​ព្រំដែន និង​បោះបង្គោល​ព្រំដែន​ឡើងវិញ ព្រមទាំង​ការដោះមីន​ចេញពី​ព្រំដែន ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំងសងខាង ក្នុងការ​ចេញចូល​រក​ស៊ី និង​ត្រួតពិនិត្យ​ព្រំដែន​នៅ​កន្លែង​ចាំបាច់ ដើម្បី​ជំរុញ​ការឆ្លងកាត់​របស់​ប្រជាពលរដ្ឋ និង​ការឆ្លងកាត់​ទំនិញ ជាពិសេស​ដោយ​ចាត់ទុក​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់ គឺត្រូវធ្វើ​ឱ្យ​លឿន ហើយ​ច្រក​ផ្សេងៗ​ទៀត ក៏ត្រូវ​ជំរុញ​បើក ដោយ​ពុំ​រង់ចាំ​កាលកំណត់​នោះទេ​។​

​ម្យ៉ាងវិញទៀត​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ឯកភាព និង​បានឱ្យ​ក្រសួង​យុត្ដិធម៌ ពិនិត្យ​ពិចារណា​លើ​ការបញ្ជូន​អ្នកទោស​ដោយ​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ ដោយ​មិនចាំបាច់​ធ្វើ​បត្យាប័ន​នោះទេ គឺថា​ផ្លាស់ប្ដូរ​អ្នកទោស​ទៅវិញទៅមក ដោយ​យោងទៅលើ​ការស្ម័គ្រចិត្ត​៕