The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​ក្រសួង​សង្គមកិច្ច ណែនាំ​ដល់​មន្ត្រី​ប្រតិបត្តិ​ករ​ផ្នែក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ត្រូវ​បង្កើន​ប្រសិទ្ធភាព​

​ក្រសួង​សង្គមកិច្ច ណែនាំ​ដល់​មន្ត្រី​ប្រតិបត្តិ​ករ​ផ្នែក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ត្រូវ​បង្កើន​ប្រសិទ្ធភាព​

​ក្រសួង​សង្គមកិច្ច ណែនាំ​ដល់​មន្ត្រី​ប្រតិបត្តិ​ករ​ផ្នែក​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ត្រូវ​បង្កើន​ប្រសិទ្ធភាព​

​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ណែនាំ​ដល់​មន្ត្រី​ប្រតិបត្តិ​ករ​ផ្នែក​កម្មវិធី​ជំនួយ​សង្គម​របស់​រដ្ឋា​ភិ​បាល ត្រូវ​ពង្រឹង​ការអនុវត្ត​កម្ម​វី​ធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ផ្សេងទៀត ឱ្យមាន​ប្រសិទ្ធភាព​បន្ទាប់ពី​រកឃើញ​នូវ​ភាពខ្វះខាត​មួយចំនួន​។​

​សេចក្តីណែនាំ​របស់​ក្រសួង​សង្គមកិច្ច ចុះ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ ២០២៣ បាន​លើកឡើងថា ផ្អែក​តាម​ការវាយតម្លៃ​ជារួម​លើ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​កន្លងមក ក្រសួង​ពិនិត្យឃើញថា ដំណើរការ​អនុវត្ត​កម្មវិធី​ក៏ដូចជា​ការប្រើប្រាស់​អែប​(APP)​សម្រាប់​ការចុះឈ្មោះ និង​ការអនុវត្ត​លក្ខខណ្ឌ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្របតាម​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​សេចក្តីណែនាំ​បញ្ជាក់ថា​៖«​ទោះជា​យ៉ាងនេះ​ក្តី ក៏​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​តម្រូវឱ្យ​មានការ​ពង្រឹង​បន្ថែមទៀត ដើម្បីឱ្យ​ការអនុវត្ត​កម្មវិធី​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

​អាស្រ័យហេតុនេះ ក្រសួង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ប្រតិបត្តិ​ករ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ សម្រាប់​រដ្ឋបាល​ឃុំ សង្កាត់​។ ក្នុងនោះ រដ្ឋបាល​ឃុំ សង្កាត់ បន្ត​ពង្រឹង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​អ្នកទទួលផល​ដោយ​អ្នកទទួលបន្ទុក​កម្មវិធី​នៅ​ឃុំ សង្កាត់​មិនត្រូវ​ធ្វើការ​អនុម័ត​ជំនួស​មេឃុំ ចៅសង្កាត់​។

​មេឃុំ ចៅសង្កាត់ ត្រូវ​ផ្តល់​ការអនុម័ត​ការចុះឈ្មោះ​អ្នកទទួលផល ដោយ​ប្រើប្រាស់​ឈ្មោះ​អ្នកប្រើប្រាស់​របស់ខ្លួន​។ ការចុះឈ្មោះ​ចូល​កម្មវិធី​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ អ្នកទទួលផល​អាយុ​លើសពី​១៦​ឆ្នាំ ត្រូវដាក់​ឈ្មោះ ស្ត្រី​មាន​ផ្ទៃពោះ និង​ថតរូប​ស្ត្រី​មាន​ផ្ទៃពោះ​(​មិនត្រូវ​ដាក់ឈ្មោះ​ប្តី ឬ អាណាព្យាបាល​ឡើយ​) ការចុះឈ្មោះ​ចូល​កម្មវិធី​សម្រាប់​កុមារ​ជា​អ្នកទទួលផល ដាក់ឈ្មោះ​ម្ដាយ ឬ ឈ្មោះ​ឪពុក ឬ​/​និង អាណាព្យាបាល និង​ថតរូប​កុមារ​។ មិនត្រូវ​ធ្វើការ​ចុះឈ្មោះ​ឡើងវិញ ចំពោះ​អ្នកទទួលផល ដែល​បាន​ចុះឈ្មោះ​រួច​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​កន្លងមក ហើយ​បាននិងកំពុង​បន្ត​ការអនុវត្ត​លក្ខខណ្ឌ​ពិនិត្យ​សុខភាព​។ ធ្វើការ​ណែនាំ និង​ពន្យល់​អ្នកទទួលផល​ឱ្យបាន​យល់ច្បាស់​អំពី​ការប្រើប្រាស់ និង​ការ​ទុកដាក់​បណ្ណ គណនី​ធនាគារ ដើម្បី​ចៀសវាង​ការបាត់បង់ ឬ ការបិទ​គណនី​ធនាគារ និង​ត្រូវ​សហការ​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ក្នុងការ​ផ្តល់​បណ្ណ​អាទិភាព ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ ឱ្យស្រប​ទៅតាម​នីតិវិធី​កំណត់​។

​អ្នកទទួលបន្ទុក​កម្ម​វិធី​នៅ​ឃុំ សង្កាត់​ត្រូវ​ស្ថិតនៅ​ប្រចាំការ​គ្រប់​ម៉ោង​ធ្វើការ ករណី​អវត្តមាន ត្រូវមាន​អ្នក​ជំនួស​ដែល​អ្នក​បំពេញការងារ​បាន សម្រាប់ធ្វើ​ការចុះឈ្មោះ​ដើម្បី​ចៀសវាង​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ មិនអាច​ទទួល​សេវា​ចុះឈ្មោះ​ចូល​កម្មវិធី​បាន​ទាន់ពេលវេលា​។ មេឃុំ ចៅសង្កាត់​ត្រូវ​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ក្នុងចំណោម​មន្ត្រី​ទទួលបន្ទុក​កម្មវិធី ដើម្បី​ត្រួតពិនិត្យ និង​កែលម្អ​ការអនុវត្ត​កម្មវិធី និង​បង្ហាត់បង្ហាញ​ការប្រើប្រាស់​អែប​ពីគ្នា​ទៅវិញទៅមក​។​

​ប្រភព​ដ​ដែរ​បន្តថា ចំពោះ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​អ្នកទទួលផល ដោយ​បន្ត​ការផ្តល់​បណ្ណ​អាទិភាព​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដែល​មិនទាន់មាន​បណ្ណសម​ធម៌ ឬ បណ្ណ​សមធម៌​តាម​ការស្នើសុំ​ក្នុង​គ្រួសារ​ក្រីក្រ ស្របតាម​នីតិវិធី​កំណត់​។ ត្រូវ​ផ្ដល់​ការអនុវត្ត​លក្ខខណ្ឌ​ជូន​អ្នកទទួលផល​ជា​ស្ត្រី ដែលមាន​បណ្ណ ប​.​ស​.​ស​. ដោយ​ត្រូវ​ផ្តល់នូវ​អត្ថប្រយោជន៍​ទាំង​បណ្ណ ប​.​ស​.​ស​. និង​ទាំង​កម្មវិធី​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៅ​គ្រប់​ដំណាក់កាល ពិសេស​នៅ​ដំណាក់កាល​សម្រាល​។​

​ប្រភព​ដដែល បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ សុខាភិបាល មន្ទីរ​ផែនការ រាជធានី ខេត្ត ក្នុងការ​ជំរុញ និង​គាំទ្រ​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។

​ចំណែក ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ វិញ មន្ត្រី​កម្មវិធី​នៅ​ថ្នាក់ ឃុំ​/​សង្កាត់ ត្រូវអនុវត្ត​ឱ្យមាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ទន់ភ្លន់ ហើយ​ត្រូវ​សហការ​ជាមួយ​មន្ត្រី​ប្រតិបត្តិ នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត ធ្វើការ​ដោះស្រាយ​នូវ​បណ្តឹង​អ្នកទទួលផល​ឱ្យបាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​៕

អត្ថបទគួរចាប់អារម្មណ៍