សៀមរាបៈ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) កាលពី​ថ្ងៃទី​ ២០ ខែមករា បានរៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន​ដល់​មន្ត្រី​ជំនាញ​សកម្មភាព​មីន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ហ្វឹកហ្វឺន​នៅ​កម្ពុជា​អស់​រយៈពេល​មួយ​សប្តាហ៍​។​

​ក្នុង​ពិធី​បិទ​បញ្ចប់​នោះ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​លោក ហេង រតនា សង្ឃឹមថា​អ្នកជំនាញ​ទាំងអស់​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ទទួលបាន​ការហ្វឹកហ្វឺន​នេះ នឹង​ប្រើប្រាស់​ឧបករណ៍​ដោះមីន​ដែល​សមស្រប​ស្ថានភាព​ជាក់ស្តែង និង​មាន​សុវត្ថិភាព ដើម្បី​អនុវត្ត​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ប្រភព CMAC បានឱ្យដឹងថា រយៈពេល​ពេញ​១​សប្តាហ៍​នេះ សិក្ខាកាម​របស់​អ៊ុយ​ក្រែ​ន​ទទួលបាន​ការហ្វឹកហ្វឺន​ប្រកបដោយ​វិជ្ជាជីវៈ និង​បទពិសោធន៍​លើ​ទីលាន​ចម្ការមីន​ជាក់ស្តែង ក្រោម​ការសហការ​រវាង​គ្រូ​ជំនាញ​បច្ចេកទេស​របស់​អង្គភាព​ស៊ីម៉ាក់ រួម​ជាមួយនឹង​ការបង្ហាញ​បន្ថែម​លើ​ឧបករណ៍​បច្ចេកវិទ្យា​ម៉ាស៊ីនរាវមីន​។

CMAC បន្តថា​៖​​«​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះដែរ សិក្ខាកាម​របស់​អ៊ុយ​ក្រែ​ន​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រមទាំង​បាន​សិក្សា​ស្វែងយល់​បន្ថែមទៀត​ពី​កម្លាំង​ជំនាញ​របស់​អង្គភាព CMAC ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅ​ចម្ការមីន ដែល​អាចឆ្លើយតប​ទៅនឹង​ស្ថានភាព​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ផងដែរ ដូចជា​កម្លាំង​ជំនាញ​បោសសម្អាត​មីន​ដោយ​គ្រឿងចក្រ និង​កម្លាំង​ជំនាញ​បោសសម្អាត​មីន​ដោយ​ការបញ្ជា​សុនខ​»​។

ការបណ្តុះបណ្តាល​នេះ គឺមាន​ការគាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។​

​កាលពី​ថ្ងៃទី​១៩ ខែមករា សិក្ខាកាម​អ៊ុយ​ក្រែ​ន​បានធ្វើ​ទស្សនកិច្ច​នៅ​ចម្ការមីន​BS/13959(A2''2) ស្ថិតនៅ​ភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ​។

លោក ព្រីង បញ្ញា​រិ​ទ្ធ ប្រធាន​កងឯកភាព​កំចាត់មីន​ទី​២ បាន​ស្វាគមន៍​សិក្ខាកាម​អ្នកដោះមីន​មកពី​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន SESU និង​គណៈប្រតិភូ ព្រមទាំង​បានធ្វើ​បទ​បង្ហាញ​ពី​សមិទ្ធផល​និង​សកម្មភាព​ប្រតិបត្តិការ​នៃ​កម្លាំង​បោសសម្អាត​មីន​នៅ​តំបន់​កំពុង​ឈរជើង​ផងដែរ​។

​សូមជម្រាបថា ពិធី​បិទ​វគ្គ​នេះដែរ ក៏មាន​ការចូលរួម​ធ្វើជា​អធិបតី​ដោយ​លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក Ichitomo TANINAN ភារធារី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោកស្រី Katsura MIYAZKI អនុប្រធាន​អង្គការ​JICA-TOKYO និង​លោក Stanislav Kulykivsky ប្រធាន​ជំនួយ​ច្ចេកទេស​របស់​អ៊ុយ​ក្រែ​ន​៕​