
មន្ត្រី ក.ប.ប ចុះត្រួតពិនិត្យទីតាំងផលិតស្រា ១ កន្លែង ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីឆ្នាំ ២០២១។ រូបថត CCF
ស្វាយរៀងៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំយកសារធាតុគីមីផ្សេងៗ ដូចជាមេតាណុលទៅលាយជាមួយនឹងម្ហូបអាហារ ឬលាយធ្វើជាស្រាស ដើម្បីផឹក ព្រោះវាអាចបណ្តាលឱ្យពុលស្លាប់បាន។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែល លោកស្រីបានចុះពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ១៩នៅខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ ទី ២០ ខែមករានេះ។
លោកស្រីបានបញ្ជាក់ថា៖ «យើងបានដឹងបានឮកន្លងមកហើយ ពិសេសគឺស្រាសនេះតែម្តង...ចៀសវាងយកសារធាតុគីមីផ្សេងៗយកទៅច្របូកច្របល់ជាមួយម្ហូបអាហាររបស់យើង ដែលអាចធ្វើឱ្យពុលបាន»។
លោកស្រីបានអំពាវនាវបន្ថែមថា៖«ម្យ៉ាងវិញទៀត សម្រាប់គ្រឿងស្រវឹង សូមកុំយកសារជាតិមេតាណុលទៅលាយធ្វើជាស្រាស ពីព្រោះយើងអត់មានអីទៅវាស់វែងនូវកម្រិតមេតាណុលដែលយើងលាយជាស្រានោះទេ។ អ៊ីចឹងវានឹងអាចធ្វើឱ្យយើងពុល ហើយប្រសិនកម្រិតមេតាណុលហ្នឹងខ្ពស់ វានឹងអាចធ្វើយើងបាត់បង់ជីវិតបាន»។
លោកស្រីឱ វណ្ណឌីនដែលជាប្រធានគណៈកម្មការចំពោះចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសផងនោះ ក៏បានធ្វើការអំពាវនាវសាជាថ្មីម្តងទៀតផងដែរ ឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ទៅតាមវេន ឬកាលកំណត់ពេលវេលាដែលត្រូវទទួលយក ព្រោះថាវ៉ាក់សាំងមិនខ្វះនោះទេ។
លោកស្រីបានមានប្រសាសន៍ថា៖«ឥឡូវនេះយើងបានចាក់ទៅដល់ដូសទី៦ហើយ។ អ៊ីចឹងតាមការសង្កេតមួយទៀតគឺថាបងប្អូនមួយចំនួននៅចាក់ដូសទី៣ ដូសទី៤ និងមួយចំនួនទៀតដូសទី៥ ហើយព្រឹកមិញគឺភាគច្រើនគឺគាត់ចាក់ដូសទី៦។ នេះគឺជាការចូលរួមចំណែកមួយទៀតរបស់បងប្អូននៅក្នុងការទប់ស្កាត់ការផ្ទុះសាជាថ្មីឡើងវិញនូវវីរុសកូវីដ១៩ ជាពិសេសគឺពពួកបំប្លែងថ្មី»៕