
ក្រសួងទេសចរណ៍ បានជូនដំណឹងថា មានការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៥ ក្រុមហ៊ុន បានស្នើសុំបិទអាជីវកម្មទេសចរណ៍រួមមាន ទីភ្នាក់ងារទេសចរណ៍ អេស៊ា ខននើរ ត្រាវែល (ASIA CORNER TRAVEL, LTD.), ការីទេសចរណ៍ ប៊ីយ៉ន បឌើរ ត្រាវែល អេន ធួរ ឯ.ក (BEYOUND BORDERS TRAVEL AND TOURS CO., LTD),ការីទេសចរណ៍ ហ្គូដ ធួរ & អ៊ែរ ឯ.ក (GOOD TOURS & AIR CO., LTD.),ការីទេសចរណ៍ ខូរៀ អេស៊ា ត្រាវែល (KOREA ASIA TRAVEL) និង ការីទេសចរណ៍ មេរុ ធួរ (MERU TOUR) ។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី២០ ខែមករា បានបញ្ជាក់ថា ក្រសួងនឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ។
នៅក្នុងកិច្ចប្រជុំលើកទី៣ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា មកទល់ពេលនេះ អាជីវកម្មទេសចរណ៍ប្រមាណ៨៥ភាគរយ បានបើកដំណើរការឡើងវិញហើយ តែមិនទាន់បានពេញលេញនៅឡើយទេ។
នៅក្នុងកិច្ចប្រជុំនោះ ភាគីរដ្ឋនិងឯកជន បានសម្រេចឯកភាពលើផែនការសកម្មភាពសំខាន់៥ចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣ - Visit Cambodia Year 2023» ក្រោមទិសស្លោក «រាល់ថ្ងៃ គឺជាអច្ឆរិយ: Every day is a Wonder»ផងដែរ។
លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានឱ្យដឹងថា ជាការកត់សម្គាល់របស់លោកឃើញថាមានក្រុមហ៊ុនជាច្រើន ដែលមិនទាន់បានបើកដំណើរការឡើងវិញចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក និងខ្លះបើកដំណើរការដែរ តែមិនទាន់បានពេញលេញនៅឡើយ។
ទោះជាបែបនេះក្តី លោកបានបញ្ជាក់ថា៖« យើងឃើញមានក្រុមហ៊ុនចាស់ៗជាច្រើនមិនដំណើរ ប៉ុន្តែក៏ឃើញមានក្រុមហ៊ុនថ្មីៗខ្លះលេចមុខឡើងដែរ ដោយមួយរយៈនេះ បើមើលទៅតាមបណ្តាញសង្គមមានឃើញក្រុមហ៊ុនថ្មីៗច្រើន ដែលចាប់ផ្តើមបើកដំណើរការឡើង។ យ៉ាងណាក៏ដោយ ខ្ញុំមិនមានតួលេខជាក់លាក់នៃការបិទ ឬបើកអាជីវកម្មទេសចរណ៍ទាំងនោះទេ ដោយសារតែយើងត្រូវការពេលវេលាសិក្សាស្រាវជ្រាវ និងត្រូវចំណាយថវិកាច្រើនដែរ»។
លោកបានប្រាប់បន្ថែមថា ការស្នើសុំបិទអាជីវកម្មទេសចរណ៍ មានលក្ខណៈស្មុគស្មាញជាងស្នើសុំបើកអាជីវកម្មទេសចរណ៍ ជាពិសេសពាក់ព័ន្ធបញ្ហាពន្ធដារ ដោយកន្លងទៅធ្លាប់មានប្រតិបត្តិករទេសចរណ៍ខ្លះបានស្នើសុំការជួយពីសមាគម ព្រោះតែត្រូវបង់ពន្ធច្រើនពេកនៅពេលគាត់ស្នើសុំបិទអាជីវកម្ម។
រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ តាមរយៈក្រសួងការងារ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភលើកទី៨៨ ជូនដល់កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ប្រមាណ ៩០០ នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ការផ្តល់ជូនសាច់ប្រាក់ឧបត្ថម្ភលើកទី៨៨ នេះ គឺត្រូវផ្តល់ជូនកម្មករនិយោជិត នៃសហគ្រាសចំនួន១២ នៃវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល៕