ភ្នំពេញៈ លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​រដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បន្ត​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​នីតិរដ្ឋ កែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ពង្រឹង​យុត្តិធម៌​សង្គម និង​ការពារ​សិទ្ធិ​ពលរដ្ឋ ដើម្បី​ពង្រឹង​និរន្តរភាព​នៃ​ការកសាង​អភិវឌ្ឍ​ជាតិ​ឱ្យមាន​មូលដ្ឋាន​រឹងមាំ​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​។​

​ការជំរុញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​លោក​ហ៊ុន ម៉ា​ណែ​ត ធ្វើជា​តំណាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោកនាយក​រដ្ឋមន្ត្រី​នា​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៣​កាលពី​ថ្ងៃទី​២០ ខែមករា​នេះ​។

​លោក​ហ៊ុន ម៉ា​ណែ​ត​ក៏បាន​ស្នើ​ដល់​ក្រុមការងារ​មេធាវី​ទាំងពីរ ឱ្យ​បន្ត​ប្រតិបត្តិ និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​វិជ្ជាជីវៈ​មេធាវី ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ក្រមសីលធម៌ និង​បទបញ្ជាផ្ទៃក្នុង​នៃ​គណៈមេធាវី ក៏ដូចជា​សេចក្តីសម្រេច​ផ្សេងៗ​របស់​គណៈមេធាវី និង​រក្សា​ឱ្យបាន​នូវ​សុចរិត​ភាព និង​ភាពស្មោះត្រង់ ដើម្បី​លើកតម្កើង​ឧ​ត្ត​ម​ប្រយោជន៍​នៃ​យុត្តិធម៌ ព្រមទាំង​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​តម្លៃ​នៃ​វិជ្ជាជីវៈ​មេធាវី ហើយក៏​សូម​បន្ត​ពង្រឹងសមត្ថភាព​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ឱ្យស្រប​ទៅនឹង​ការវិវឌ្ឍ​ជឿនលឿន​នៃ​សង្គម ក៏ដូចជា​ការ​សម្រប​ខ្លួន​នៅ​នឹង​ដំណើរ​សមាហរណកម្ម និង​ការប្រកួតប្រជែង​នៅក្នុង​តំបន់ និង​សកលលោក​។​

​លើសពីនេះ​ទៀត លោក​ក៏​សូមឱ្យ​បន្ត​ចូលរួមចំណែក​កសាង​សង្គម​មួយ​ប្រកបដោយ​យុត្តិធម៌ សមធម៌ និង​សុខដុមរមនា សម្រាប់​ទាំងអស់គ្នា ជាពិសេស​ការបន្ត​ផ្តល់​សេវា​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​ផ្លូវច្បាប់ ស្របតាម​គោលការណ៍​សតិសម្បជញ្ញៈ សីលធម៌​វិជ្ជាជីវៈ និង​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុងនាម​ជា​មេធាវី និង​ក្នុងតួនាទី​ជា​មេធាវី​ស្ម័គ្រចិត្ត​របស់លោក​នាយក​រដ្ឋមន្ត្រី​។​

​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ជាច្រើន ដែល​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​ទាំងពីរ​បាន​ខិតខំ​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២​។ ក្នុងនោះ​រួមមាន​៖ ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័នរដ្ឋ ព្រមទាំង​ការ​តំណាង និង​ការជួយ​ការពារ​ក្តី​ជូន​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ជាតិ​នៅ​ចំពោះមុខ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​។

​ចំពោះ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោកនាយក​រដ្ឋមន្ត្រី​គឺមាន​ដូចជា​៖ ការទទួល​ពិគ្រោះ​យោបល់​, ការ​តំណាង និង​ការជួយ​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ​ជូន​ស្ត្រី​-​កុមារី​ងាយ​រងគ្រោះ ដែលមាន​ជីវភាព​ក្រីក្រ​ខ្សត់ខ្សោយ និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​។

​លោក​បាន​បញ្ជាក់ថា​៖«​ទាំងអស់នេះ ពិតជា​បានបង្ហាញ​អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​មេធាវី​ដែលជា​អ្នក​វិជ្ជាជីវៈ​ច្បាប់​ឯករាជ្យ និង​សេរី ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​សង្គម​ប្រជាធិបតេយ្យ​ផ្អែកលើ​នីតិរដ្ឋ ក៏ដូចជា​ការពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មកលើ​យុត្តិធម៌​សង្គម និង​ការធានាបាន​នូវ​ភាពសុខដុមរមនា​តាមរយៈ​ការសម្របសម្រួល​ដោះស្រាយ​ទំនាស់​ផ្សេងៗ​»៕