​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃ​សុក្រ​ ទី​ ២០ ខែមករា​នេះ ​បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល សរុប​ចំនួន ​២៧៣ ​ច្បាប់ ដែល​ធ្វើឱ្យ​ចំនួន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទទួលបាន​សរុប​ចំនួន ​២១ ៦៤០ ​ច្បាប់​ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​ ២០ ខែមករា​នេះ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាសថា នៅ​ថ្ងៃ​សុក្រ ទី​២០ ខែមករា ឆ្នាំ​២០២៣ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល សរុប​ចំនួន​២៧៣​ច្បាប់​។ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២០ មករា នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល សរុប​ចំនួន​២១ ៦៤០​ច្បាប់​ហើយ​។​

​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដែល​បានបញ្ចប់​ការប្រកាស​របស់ខ្លួន​១០០%​រួមមាន​៖

​ក្រសួង​-​ស្ថាប័ន​ចំនួន ៨ គឺ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ធនាគារជាតិ នៃ​កម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អាជ្ញាធរ​សវនកម្ម​ជាតិ​។​

​រាជធានី​-​ខេត្ត ចំនួន ១៨ រួមមាន ខេត្ត​ប៉ៃលិន មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ កំពង់ចាម សៀមរាប ត្បូងឃ្មុំ កែប ក្រចេះ បន្ទាយមានជ័យ រតនគិរី កំពង់ឆ្នាំង ព្រះសីហនុ កោះកុង បាត់ដំបង ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​២​ឆ្នាំ ពីថ្ងៃ​ទី​១​ដល់ទី​៣១ មករា ឆ្នាំ​២០២៣ គឺ​អនុវត្តតាម “​សេចក្តីជូនដំណឹង ស្តីពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប​២​ឆ្នាំ ឆ្នាំ​២០២៣​ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២​។​

​ក្រុមការងារ​នៃ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នឹង​រង់ចាំ​ទទួល​ឯកសារ​ប្រកាស​៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​មិន​ឈប់សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ឡើយ ពី​ម៉ោង ០៨:០០ ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច​៕