ក្រសួងសុខាភិបាល សហការ​ជាមួយ​អង្គការ ហេឡែន ខេលល័រ អន្តរជាតិ នឹង​រៀបចំ​សិក្ខា​សាលា​ណែនាំ​គម្រោង “ព្យាបាល​និង​ថែទាំ​កុមារកង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ” នៅ​ថ្ងៃទី ២៧ ខែមករា ខាង​មុខ​នេះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កង្វះអាហារូបត្ថម្ភ​នៅ​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​រួមគ្នា​រវាង​ស្ថាប័ន​ទាំងពីរ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​សិក្ខាសាលា ណែនាំ​ជា​ផ្លូវការនូវ​គម្រោង "ព្យាបាល​និង​ថែទាំ​កុមារ​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ” ដើម្បី​បង្កើត​ការ​យល់ដឹង​រួម​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​នានា អំពី​គោលដៅ គោលបំណង អ្នក​ទទួលផល​គោលដៅ ទីតាំង​គោលដៅ ពេលវេលា​អនុវត្ត​គម្រោង និង​លទ្ធផល​រំពឹង​ទុក​របស់​គម្រោង។ សិក្ខាសាលា​នេះ ក៏​ដើម្បី​បញ្ជាក់​តួនាទី និង​ទំនួល​ខុសត្រូវ​ក្នុង​ចំណោម​ដៃគូ​ពាក់ព័ន្ធ និង​ពិភាក្សា​អំពី​ជំហាន​បន្ទាប់​នៃ​ការ​អនុវត្ត​គម្រោងផងដែរ។

កម្មវិធី​សិក្ខា​សាលា​ណែនាំ​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ នៅ​ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ និង​៣០នាទីព្រឹក ដល់​ម៉ោង ១២:០០ ថ្ងៃត្រង់។

សិក្ខាសាលា​ណែនាំ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន ក្រសួង​សុខាភិបាល ម្ចាស់​ជំនួយ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល យុវជន​ជើងឯក​អាហារូបត្ថម្ភ អ្នកសារព័ត៌មាន​ជើងឯក​អាហារូបត្ថម្ភ មន្ទីរ​សុខាភិបាល និង​ការិយាល័យ​ស្រុក​ប្រតិបត្តិ។

សេចក្តី​ជូនដំណឹង​ដដែល បាន​ឱ្យ​ដឹង​ថា យោង​តាម​របាយការណ៍​បឋម​នៃ​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ ២០២១-២០២២ កុមារ​កម្ពុជា ប្រមាណ ១០ ភាគរយ មាន​បញ្ហា​ស្គមស្គាំង។ ទោះបីជា​អាហារូបត្ថម្ភ​សម្រាប់​កុមារ គឺជា​អាទិភាព​សំខាន់​មួយ​ក្នុង​ឯកសារ​អភិវឌ្ឍន៍ជាតិ​កម្ពុជា​ក៏ដោយ ក៏​គោល​នយោបាយ ផែនការ​សកម្មភាព និង​កម្មវិធី​មិនទាន់​បាន​ផ្សារ​ភ្ជាប់​គ្រប់គ្រាន់ ជាមួយ​នឹង​ការ​វិនិយោគ​ដើម្បី​ធានា​បាន​នូវ​ធនធាន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​នោះទេ។

ប្រភព​ដដែល​បន្តថា កុមារ​ប្រមាណ ៥០០០០នាក់ ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ មិន​បាន​ទទួល​ការ​ព្យាបាល​ដែល​នឹង​ធ្វើឱ្យ​មាន​ការ​កើនឡើង​អត្រាស្លាប់ និង​ជំងឺ ក្នុង​ចំណោម​កុមារ​អាយុក្រោម ៥ឆ្នាំ ដែល​ជា​ឧបសគ្គ​មួយ​រារាំង​ដល់​ការ​លូតលាស់​ដ៏ល្អ​ប្រសើរ​របស់​កុមារ ក៏​ដូចជា សេដ្ឋកិច្ចជាតិ​កម្ពុជា ផងដែរ​នៅ​ពេល​អនាគត។

បច្ចុប្បន្ននេះ ធនធាន​របស់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​គឺ​អាច​ព្យាបាល​កុមារ​កម្ពុជា​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ បាន​ប្រមាណ​តែ​ ១០ ភាគរយ តែ​ប៉ុណ្ណោះ ដែល​មិនទាន់​អាច​ឈាន​ទៅ​ដល់​ការ​សម្រេច​គោលដៅ ដែល​បាន​កំណត់​ក្នុង​ការ​ព្យាបាល​កុមារ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ ២៥ ០០០នាក់ ជា​រៀងរាល់​ឆ្នាំ នៅ​ត្រឹម​ឆ្នាំ​២០២០។ កង្វះ​ការ​យល់ដឹង​អំពី​ផលវិបាក​នៃ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក៏​ដូចជា កម្រិត​ថវិកា និង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ គឺជា​កត្តា​រួមចំណែក​ធ្វើ​ឱ្យ​មូលនិធិ​ក្នុង​ស្រុក​និង​ខាង​ក្រៅ​មិនបាន​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ ប្រឆាំង​នឹង​បញ្ហា​ស្គមស្គាំង។

ផែនទី​បង្ហាញ​ផ្លូវ​ស្តី​ពី​ផែនការ​សកម្មភាព​សកល​របស់​កម្ពុជា​លើ​បញ្ហា​ស្គមស្គាំង​របស់​កុមារ បាន​កំណត់​ខេត្ត​ចំនួន ១៣ ជា​ភូមិសាស្ដ្រ​ដែល​មាន​សារ:សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ស្គមស្គាំង​របស់​កុមារ។ មាន​សកម្មភាព ៤ ប្រភេទ (សុខភាព អាហារ គាំពារសង្គម ទឹកស្អាត និង​អនាម័យ) ត្រូវ​បាន​ផ្ដល់​អាទិភាព​ដោយ​ផែនការ​នេះ ហើយ​នឹង​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន ២៥​លាន​ដុល្លារ​ក្នុង​រយៈពេល ៣​ឆ្នាំ ដើម្បី​ពន្លឿន​ការ​ការពារ និង​ការ​ព្យាបាល​បញ្ហា​ស្គមស្គាំង​របស់​កុមារ។ គម្លាត​ថវិកា​សរុប​ដើម្បី​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ចំនួន ១៧,២ លានដុល្លារ (៦៩ ភាគរយ)។

ប្រភព​ដដែល គូស​បញ្ជាក់​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​មធ្យម និង​ធ្ងន់ធ្ងរ ​នៅ​កម្ពុជា អង្គការហឡែន ខេលល័រ កម្ពុជា នឹង​គាំទ្រ​ក្រសួង​សុខាភិបាល​ក្នុង​ការ​បង្កើន​ការ​ព្យាបាល​កុមារ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់មធ្យម និង​ធ្ងន់ធ្ងរ ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ (២០២៣-២០២៧) នៅ​ក្នុង​ខេត្ត​គោលដៅ​ដូចជា ខេត្តតាកែវ សៀមរាប និងកំពង់ឆ្នាំង ជាដើម៕