បាត់ដំបងៈ សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត​បាត់ដំបង ផ្សព្វផ្សាយ​ស្តីពី​ការ​ស្តារ​ទំនាក់ទំនង​គ្រួសារ និង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​ដល់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ក្នុង​ ស្រុកកំរៀង ដើម្បី​កាត់​បន្ថយ​ការ​ចាញ់បោក​មេខ្យល់។

មន្រ្តី​អនុសាខា​កាកបាទ​ក្រហមក​ម្ពុជា ស្រុកកំរៀង ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​បាន​ផ្សព្វផ្សាយ​ស្តីពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព ការ​ស្តារ​ទំនាក់ទំនង​គ្រួសារ ព្រម​ទាំង​វិធានការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិកំប្រង់ ឃុំតាក្រី ស្រុក​កំរៀង ជាង ៣២នាក់ ដែល​រួម​មាន​ស្រ្តី ១៥​នាក់​ផងដែរ។ ការ​ផ្សព្វផ្សាយ​នេះ​ក៏​ស្ថិត​ក្រោម​ការ​បដិភាគ​ថវិកា​ដោយ​គណៈកម្មាធិការ​អន្តរជាតិ​កាក​បាទ​ក្រហម (ICRC) ផងដែរ។ នេះ​បើ​យោង​តាម​កាកបាទ​ក្រហម​កម្ពុជា កាល​ពី​ថ្ងៃទី​២០ ខែ​មករា​នេះ។

មន្រ្តី​អនុសាខាស្រុក និង​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ថា ដោយ​កង្វះ​ខាត​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត នៅ​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​នៅតែ​ជា​បញ្ហា​ប្រឈម។ ជា​រឿយៗ ដោយសារ​តែ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទៅ​ធ្វើ​ការងារ​នៅ​បរទេស​នោះ​បាន​ចាញ់​បោក​មេខ្យល់ ដែល​ធ្វើឱ្យ​អ្នក​ខ្លះ​ធ្លាក់ខ្លួន​ជា​ជន​រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៀតផង។

ដោយមើលឃើញ ពី​សារៈសំខាន់​នៃ​ព័ត៌មាន​សម្រាប់​ពលករ​ចំណាក​ស្រុក​កម្ពុជា និង​ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាជន​កម្ពុជា ក៏​ដូចជា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ស្វែង​រក​ការងារ​ធ្វើ​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បាន​រៀបចំ​ផ្សព្វផ្សាយ​ស្តីពី​ការ​លើក​កម្ពស់​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព ដើម្បី​បង្កើន​លទ្ធភាព​ឱ្យ​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ទទួល​បាន​នូវ​ព័ត៌មាន​ពេញលេញ​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការងារ​នៅ​បរទេស។

ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​នេះ​ក៏​មាន​គោលដៅ​មួយ​ចំនួន​ដូចជា៖ ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក បង្ហាញ​នូវ​គន្លឹះ​សំខាន់ៗ​ក្នុង​ការធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​ហានិភ័យ​ដែល​អាច​កើត​មាន​ផ្សព្វផ្សាយ​នូវ​បទពិសោធន៍​របស់​ពលករ​ចំណាកស្រុក។ ជាមួយគ្នា​នេះ​ ក្រុម​ការងារ​បាន​ចែក​ខិត្ត​ប័ណ្ណ​ការ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព និង​ឯកសារ​មួយ​ចំនួន​ដល់​អ្នក​ចូលរួម​ផងដែរ៕