
លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ រូបថតក្រសួងពាណិជ្ជកម្ម
លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគី ដូចនេះលោកសូមលើកទឹកចិត្តឱ្យមានការសិក្សាតាមដានពីការអនុវត្តផ្នែកកម្មសិទ្ធិបញ្ញា ដើម្បីផ្តល់មតិយោបល់ជូនថ្នាក់ដឹកនាំ និងជាមូលដ្ឋានក្នុងការចរចាកិច្ចព្រមព្រៀងដទៃទៀតពាក់ព័ន្ធផ្នែកកម្មសិទ្ធិបញ្ញា។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងទិសដៅការងារ ឆ្នាំ ២០២៣ របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែមករានេះ លោក អ៊ុក ប្រជា បានបញ្ជាក់ថា៖ «មន្រ្តីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ត្រូវខិតខំទាញប្រយោជន៍ជាអតិបរមាពីអនុស្សរណៈនៃការយោគយល់គ្នាដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះកិច្ចព្រមព្រៀងរួចរាល់ ទន្ទឹមនឹងនេះ ត្រូវបន្តថែរក្សាកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយដៃគូចាស់ និងបង្កើនដៃគូសហការថ្មីបន្ថែមទៀត»។
លោកបន្ថែមថា នាយកដ្ឋានកម្មសិទ្ធិបញ្ញា ត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធីសិក្សា និងរៀបចំវគ្គបណ្តុះបណ្តាល ជូនមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីលើកកម្ពស់ចំណេះដឹងរបស់មន្ត្រី ក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍអាជីវកម្ម។
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា ការទទួលបាននូវការយកចិត្តទុកដាក់ និងសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលើកទឹកចិត្ត និងបំផុសស្មារតីមន្ត្រីរាជការក្រោមឱវាទក្នុងនាយកដ្ឋានកម្មសិទ្ធិបញ្ញាឱ្យខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម ហើយឈានទៅសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនរាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម និងជនរួមជាតិទាំងមូល។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា បាននិងកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនិងតំបន់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕