អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាននិងកំពុងត្រួតពិនិត្យ និងរៀបចំឈ្មោះបេក្ខភាពម្ចាស់ជយលាភីមេដាយមាស កីឡាជាតិលើកទី៣ បញ្ចូលក្របខ័ណ្ឌនគរបាលជាតិ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំងអស់ដែលបានប្រកួតដណ្តើមបានមេដាយមាស។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣ បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារ កីឡាករ កីឡាការិនី ទទួលបានជយលាភីមេដាយមាស ពីការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ ២០២២ ដែលត្រូវបញ្ចូលក្នុងក្របខ័ណ្ឌនគរបាលជាតិ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី លោក យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក យិត ភីរៈ អគ្គលេខាធិការ បានបញ្ជាក់ថា គិតមកទល់ពេលនេះ ការផ្តល់ឯកសាររបស់កីឡាករ កីឡាការិនី ពីប្រតិភូទទួលបន្ទុកតាមប្រភេទកីឡានីមួយៗ បានប្រមាណជា ៩៧ ភាគរយហើយ។ ដោយឡែក ការងារដែលនៅសេសសល់ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបាននិងកំពុងរៀបចំបង្ហើយ។
ក្នុងកិច្ចប្រជុំនោះ លោក សរ សិទ្ធិ បានផ្តល់អនុសាសន៍ដល់ប្រតិភូ ប្រតិភូរង និងគ្រូបង្វឹក ដែលទទួលបន្ទុកការងារនេះ ត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ពាក់ព័ន្ធនឹងឯកសារនានារបស់អត្តពលិករបស់ខ្លួន ពោលធ្វើឱ្យបានត្រឹមត្រូវ ស្របតាមលិខិតឧទ្ទេសនាមចាត់បញ្ជូនទៅចូលរួមការប្រកួតកន្លងមក និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេស ត្រូវមានសុក្រិតភាព។
ជាមួយគ្នានេះ លោក សរ សិទ្ធិ ក៏បានជំរុញដល់អគ្គលេខាធិការរង ដែលទទួលបន្ទុកតាមប្រភេទកីឡានីមួយៗ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ឡើងវិញ នូវរាល់ឯកសារនានា ដែលប្រតិភូបញ្ជូនមកឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា រាល់ព័ត៌មាននានាពាក់ព័ន្ធការបញ្ចូលក្របខ័ណ្ឌនគរបាលជាតិរបស់កីឡាករ កីឡាការិនី ដែលជាម្ចាស់មេដាយមាសកីឡាជាតិ ប្រតិភូ ប្រតិភូរង និងគ្រូបង្វឹកទាំងអស់ត្រូវបន្តផ្សព្វផ្សាយ និងផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ ដល់កីឡាករ កីឡាការិនី ទាំងនោះ ចៀសវាងការទទួលព័ត៌មានណាមួយមិនច្បាស់លាស់។ ក្នុងករណី បើមានបញ្ហាណាមួយកើតឡើង ត្រូវដោះស្រាយឱ្យបានលឿនទាន់ពេលវេលា កុំឱ្យមានបញ្ហាទៅថ្ងៃមុខ។
លោក សរ សិទ្ធិ មានប្រសាសន៍ថា៖ «ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សមិទ្ធផលដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបាននៅពេលនេះ គឺជាមោទនភាពមួយពុំអាចកាត់ថ្លៃបានឡើយ ដែលមន្ត្រី និងកីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង រួមគ្នាតបស្នងនូវគុណូបការៈដែលសម្តេចបានផ្តល់ជូននៅពេលនេះ»។
លោកគូសបញ្ជាក់ថា រាល់ជោគជ័យដែលអគ្គលេខាធិការដ្ឋានទទួលបាន គឺជាចំណែកនៃជោគជ័យរបស់ពួកយើងទាំងអស់គ្នា ពោលគឺពុំមែនជាជោគជ័យរបស់នរណាម្នាក់ផ្តាច់មុខនោះទេ។
សូមជម្រាបជូនថា ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ កន្លងទៅ ក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ៤៦១នាក់ ឱ្យទៅចូលរួម។ លទ្ធផលដែលទទួលបាន គឺក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ ១ ឈរលើបណ្តាក្រសួងស្ថាប័ន និងរាជធានី ខេត្ត ដែលបានបញ្ជូនអត្តពលិកមកចូលរួមប្រកួត ដោយដណ្តើមបានមេដាយសរុបចំនួន ២១១ គ្រឿង ក្នុងនោះមេដាយមាស ១០៣ ប្រាក់ ៥៨ និងសំរឹទ្ធ ៥០គ្រឿង។ នេះបើតាមប្រភពពី អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕