ភ្នំពេញៈ ក្លិប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) ដែល​បច្ចុប្បន្ន​មាន​សមាជិក​សរុប ៤៩១ នាក់ គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នាយក និង​ប្រធាន​របស់​ខ្លួន​សម្រាប់ អាណត្តិ​ទី៧ នៅ​ថ្ងៃទី​២៧ ខែ​មករា​នេះ។

ក.អ.ក បាន​ជូន​ដំណឹង​ថា អាណត្តិទី​៦ នៃ​គណៈកម្មាធិការ​នាយក ក.អ.ក នឹង​ត្រូវ​បញ្ចប់ ដូច្នេះ ក.អ.ក នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នាយក និង​ប្រធាន ក.អ.ក សម្រាប់​អាណត្តិ​ទី៧ នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ ២០២៣ ខាងមុខ។

យោងតាម​លក្ខន្តិកៈ និង​បទ​បញ្ហា​ផ្ទៃក្នុង ក.អ.ក សមាជិក ស្ថាបនិក និង សមាជិក​គណៈកម្មាធិការ​នាយក​អាណត្តិ​ចុងក្រោយ (អាណត្តិទី៦) មាន​សិទ្ធិ​ឈរ​ឈ្មោះ​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នាយក។ ចំពោះ​សមាជិក​សកម្ម ដែល​មាន​បំណង​ឈរ​ឈ្មោះ ចាំបាច់​ត្រូវ​មាន​ញ្ញត្តិ​គាំទ្រ​ដោយ​សមាជិក​សកម្ម​មួយ​ភាគ​បី​ក្នុង​ចំណោម​សមាជិក​សរុប ដែល​បច្ចុប្បន្ន ក.អ.ក មាន​សមាជិក​សរុប ៤៩១ នាក់។

សមាជិក​ស្ថាបនិក សមាជិក​គណៈកម្មាធិការ​នាយក អាណត្តិ​ទី​៦ និង សមាជិក​សកម្ម​ដែល​មាន​បំណង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោតនេះ សូម​ទៅ​ចុះ​ឈ្មោះ ឬ​ផ្តល់​ព័ត៌មាន​ទៅ​ទីស្នាក់ការ ក.អ.ក ដោយ​ភ្ជាប់​ជាមួយ​នូវ​បញ្ជី​ឈ្មោះ​អ្នក​គាំទ្រ (សម្រាប់ សមាជិក​សកម្ម ) ឱ្យបាន​មុន​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ ២០២៣ ជាកំណត់។

ក.អ.ក បាន​សម្ដែង​ក្តី​សង្ឃឹម​ថា សមាជិក​ស្ថាបនិក​សមាជិក​គណៈកម្មាធិការ​នាយក​អាណត្តិ​ទី ៦ និង​សមាជិក សកម្ម​ដែល​មាន​បទ​ពិសោធន៍​និង​សមត្ថភាព​ក្នុង​វិជ្ជា​ជីវៈសារព័ត៌មាន​នឹង​ចូលរួម​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​នេះ ដើម្បី​រួម​ចំណែក​ជួយ​ដល់​ប្រតិបត្តិការ​របស់ ក.អ.ក ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្តទៀត៕