
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ និងលោកJong-seong Lim សមាជិកសភាសាធារណរដ្ឋកូរ៉េ, Dr. Yong-deok Cho អគ្គលេខាធិកាក្រុមប្រឹក្សាទឹកអាស៊ី (AWC SG), តំណាង UNDP នៅកម្ពុជា និងសហការីនាទីស្តីការក្រសួង។
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានសំណូមពរដល់ប្រទេសកូរ៉េ ឱ្យជួយដល់ក្រសួង ធនធានទឹក និងឧតុនិយមលើមូលដ្ឋានបច្ចេកទេសប្រព័ន្ធផ្កាយរណប ឧតុនិយម ជលសាស្រ្ត និងការបណ្តុះបណ្តាលធនធានមនុស្ស។
ការសំណូមពរនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងលោកJong-seong Lim សមាជិកសភាសាធារណរដ្ឋកូរ៉េ, Dr. Yong-deok Cho អគ្គលេខាធិកាក្រុមប្រឹក្សាទឹកអាស៊ី (AWC SG), តំណាង UNDP នៅកម្ពុជា និងសហការីនាទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ស្តីពីបញ្ហាទឹកថ្នាក់ជាតិ និងតំបន់អាស៊ី។ នេះបើយោងតាមក្រសួងធនធានទឹក កាលពីថ្ងៃទី២០ ខែមករានេះ។
ក្រសួងបានបញ្ជាក់ថា៖ «ឯកឧត្តម Jong-seong Lim នឹងពាំនាំនូវសំណូមពរខាងលើជូនដល់រាជរដ្ឋាភិបាលកូរ៉េ និងបានបញ្ជាក់ថា ចំពោះអនាគតទៅមុខទៀត ប្រទេសកូរ៉េ នឹងធ្វើការជាមួយគ្នាពាក់ព័ន្ធនឹងវិស័យធនធានទឹក ពុំមែនសម្រាប់តែកម្ពុជាទេ គឺនៅក្នុងប្រទេសអាស៊ីទាំងមូល»។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលប្រទេសកូរ៉េ បាននិងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យធនធានទឹកត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ហើយនឹងបន្តនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ឱ្យកាន់តែល្អប្រសើរ និងកាន់តែរឹងមាំបន្ថែមទៀត។
លោករដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូ អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្តព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Jong-seong Lim ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជា កិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត។ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ប្រទេសកូរ៉េ បានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យធនធានទឹក និងបានផ្តល់ភាពវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍរបស់កម្ពុជា។
គិតមកដល់បច្ចុប្បន្ននេះ ជំនួយរបស់រដ្ឋាភិបាលកូរ៉េបាននិងកំពុងដំណើរការប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ គម្រោងសិក្សាសមិទ្ធិលទ្ធភាពព្រែកនាល ក្នុងខេត្តស្វាយរៀង គម្រោងសិក្សាសមិទ្ធិលទ្ធភាព 4P-IWRM ព្រែកគ្រៀល ព្រែកព្រះ ព្រែកកាំពី និងព្រែកទេរ ក្នុងខេត្តក្រចេះ គម្រោងសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ផែនការមេគ្រប់គ្រងទឹក និងប្រព័ន្ធជូនដំណឹងស្ទឹងសែន ក្នុងខេត្តកំពង់ធំ គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃការរៀបចំផែនការមេ ការគ្រប់គ្រងទឹកចម្រុះរបស់អនុអាងទន្លេមេគង្គទាំង ៥ ក្រុមនៅកម្ពុជា, ប្រព័ន្ធទទួលរូបភាពពីផ្កាយរណបឧតុនិយមកូរ៉េ និងទើបបានដំឡើងរួចរាល់នូវស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៧ កន្លែង នៅលើបណ្តារាជធានី ខេត្តចំនួន ១១៕