
ស្រូវលិចទឹកនៅខេត្តបន្ទាយមានជ័យ កាលពីខែសីហា ឆ្នាំមុន។ រូបថត រដ្ឋបាលខេត្ត
ភ្នំពេញៈ តាមរបាយការណ៍ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា តាមការប៉ាន់ស្មានវិស័យកសិកម្មទទួលរងការខូចខាតសរុប ៨១,៨ លានដុល្លារ ក្នុងនោះស្រូវមាន ៥៧,២ លានដុល្លារ។
របាយការណ៍ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានចេញកាលពីពេលថ្មីៗនេះបានឱ្យដឹងថា កាលពីឆ្នាំ ២០២២ កន្លងមក ស្រូវទទួលរងការប៉ះពាល់ចំនួន ២៤៤ ២៥៨ហិកតា ហើយខូចខាតមានចំនួន១៣២ ៥៤៤ហិកតា។
ដោយឡែក ដំណាំផ្សេងៗប៉ះពាល់ចំនួន ៧៨ ២៧៩ហិកតា ខូចខាត ៣៩ ០៣៩ហិកតា ហើយសត្វពាហនៈងាប់ ២៤ក្បាល និងជន្លៀស ៣៧ ៥០៦ក្បាលផងដែរ។
របាយការណ៍ដដែលក៏បានឱ្យដឹងផងដែរថា មូលដ្ឋានរងគ្រោះមាន ២៥ រាជធានី ខេត្ត ១៣៣ ស្រុក ក្រុង និង ៦០៦ឃុំ សង្កាត់ ហើយប្រជាពលរដ្ឋរងគ្រោះចំនួន ១៥៩ ៩៨១គ្រួសារ ស្មើនឹង ៦៣៩ ៩២៤នាក់។ លើសពីនោះប្រជាជនត្រូវជម្លៀសមាន ៥ ៦៨៧គ្រួសារ ស្មើនឹង ២២៧៤៨នាក់ (១៦ខេត្ត)៕