បាត់ដំបងៈ រដ្ឋបាលក្រុងបាត់ដំបង ចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋដែលរស់នៅក្នុងក្រុង បាត់ដំបង ពិសេស សាធារណជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកពីការជួសជុល និងកែលម្អច្រាំងស្ទឹងសង្កែ ប៉ែកខាងកើតនៅកំណាត់ផ្លូវលេខ ១៥៩D។

សេចក្តីជូនដំណឹងចុះថ្ងៃទី ២០ ខែមករា នេះបានឱ្យដឹងថា កំណាត់ផ្លូវលេខ ១៥៩(D) ចំណុចមុខសណ្ឋាគារឃីងហ្វី និងភោជនីយដ្ឋានអាស៊ាន ស្ថិតនៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុង បាត់ដំបង ជារៀងរាល់ឆ្នាំ កំណាត់ផ្លូវនេះតែងតែមានការស្រុតដី ដែលធ្វើឱ្យខូចខាតផ្លូវនិងត្រូវបានជួសជុលជាប់ជាប្រចាំ។

ដោយពិនិត្យឃើញ ករណីនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសាងសង់ច្រាំងការពារមិនឱ្យបាក់ស្រុត និងធានាបាននិរន្តរភាពផ្លូវក្នុងការប្រើប្រាស់។ ក្នុងអំឡុងពេល ស្ថាបនាច្រាំងស្ទឹង បណ្តាលឱ្យមានការបាក់ស្រុតដី និងនាំឱ្យមានការខូចខាតផ្លូវដោយអន្លើ បន្ទាប់ពីស្ថាបនាច្រាំងស្ទឹងរួចរាល់ រដ្ឋបាលខេត្តបាត់ដំបង នឹងស្ថាបនាកំណាត់ផ្លូវនេះឡើងវិញ៕