ភ្នំពេញៈមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកទឹកចិត្តដល់សិស្ស-និស្សិតដែលទើបបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជ្រើសរើសមុខជំនាញសាធារណការសម្រាប់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រដែលជាជំនាញកំពុងមានការពេញនិយម និងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។
នៅក្នុងកម្មវិធី MPWT Live Show របស់ក្រសួងសាធារណការលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូនអះអាងថា វិស័យដឹកជញ្ជូនផ្លូវគោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពោលគឺបានរួមចំណែកប្រមាណ៩០ភាគរយ នៃការដឹកជញ្ជូនសរុបនៅកម្ពុជា។
លោកបានបន្ថែមថា ទោះយ៉ាងណា វិស័យនេះនៅតែជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា កង្វះធនធាន លិខិតបទដ្ឋានគតិយុត្តនិងឯកសារជំនាញបច្ចេកទេសផ្សេងៗដែលទាំងនេះទាមទារឱ្យកម្ពុជាត្រូវអភិវឌ្ឍធនធានឱ្យបានច្រើននិងមានគុណភាពដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើន។
លោកបានបញ្ជាក់ថា៖ «ឱកាសការងារលើវិស័យសាធារណការនិងដឹកជញ្ជូននៅកម្ពុជាមានភាពទូលំទូលាយណាស់ទាំងនៅក្រសួងស្ថាប័នរដ្ឋ និងឯកជន ហើយតម្រូវការធនធានមានសមត្ថភាពលើវិស័យនេះនឹងមានការកើនឡើងខ្ពស់នាពេលអនាគត»។
ជាមួយគ្នានេះដែរ លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកថា វិស័យផ្លូវថ្នល់ជាសសរស្តម្ភនៃការជួយជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖«ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការសិក្សាលើជំនាញសាធារណការគឺជាឱកាសរបស់យុវជនក្នុងការរួមចំណែកជួយអភិវឌ្ឍវិស័យសាធារណការនៅកម្ពុជា និងឱកាសទទួលបានការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន»។
លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូនបានគាំទ្រនិងបានលើកទឹកចិត្តឱ្យសិស្ស-និស្សិតដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់យកជំនាញសាធារណការសម្រាប់ការសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រព្រោះមុខជំនាញនេះមានឱកាសទទួលបានការងារខ្ពស់ទាំងនៅក្រុមហ៊ុនឯកជននិងក្រសួងស្ថាប័នរដ្ឋ។
លោកបានលើកឡើងថា គោលបំណងចម្បង១ទៀត គឺក្រសួងសាធារណការនិងដឹកជញ្ជូនចង់ឱ្យកម្ពុជាមានធនធានវិស្វករលើជំនាញសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែសម្បូរបែបដើម្បីចូលរួមអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ព្រោះកន្លងមករាល់គម្រោងអភិវឌ្ឍន៍សាធារណការ ហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ធំៗនៅកម្ពុជាភាគច្រើន គឺប្រើប្រាស់វិស្វករមកពីបរទេស។
លោក ហឿន សំនៀង បានបញ្ជាក់ថា៖ «ការលើកទឹកចិត្តឱ្យសិក្សាជំនាញនេះគឺដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការធនធានមនុស្សក្នុងវិស័យសាធារណការនាពេលបច្ចុប្បន្ននិងទៅអនាគត។ការកាត់បន្ថយការប្រើប្រាស់វិស្វករជំនាញជនបរទេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ស្ថិតក្នុងគោលដៅនៃការបង្កើតវិទ្យាស្ថាននេះផងដែរ»។
បើតាមលោក ហឿន សំនៀង កត្តាដែលជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូនឡើងគឺដើម្បីបណ្តុះបណ្តាលជំនាញសាធារណការនិងដឹកជញ្ជូនដល់យុវជនកម្ពុជាដើម្បីចូលរួមអភិវឌ្ឍវិស័យនេះនៅកម្ពុជា។ម្យ៉ាងវិញទៀត ការលើកទឹកចិត្តបែបនេះក៏ដោយសារមុខជំនាញនេះមិនត្រឹមតែអាចទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេថែមទាំងមានឱកាសការងារខ្ពស់នៅតាមក្រុមហ៊ុនឯកជន ក៏ដូចជាក្លាយជាមន្ត្រីក្របខ័ណ្ឌនៅតាមក្រសួងស្ថាប័នរដ្ឋផងដែរ។
សូមជម្រាបថា នៅក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (វ.ត.ស.ស.ដ. ) មានបង្រៀនជំនាញចំនួន៦ ដែលមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្នវិទ្យាស្ថាននេះកំពុងផ្ដល់ជូនអាហារូបករណ៍១០០ភាគរយចំនួន ៥០ កន្លែងជូនសិស្សានុសិស្សដែលទើបនឹងបញ្ចប់មធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះទៀតផង៕