ភ្នំពេញៈ សាកលវិទ្យាល័យ ​Okayama(Okayama University) ​របស់​ជប៉ុន ​បាននិង​កំពុង​រៀបចំ​ពិព័រណ៍​សិក្សា​អន​ឡាញ​ សម្រាប់​ប្រទេស​កម្ពុជា ​និង​ប្រទេស​អាស៊ាន ​ឆ្នាំ​២០២៣ ​និង​សម្រាប់​ប្រជាជន​នៃ​បណ្តា​ប្រទេស​ទាំងនេះ ​ដែលមាន​បំណង​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​

ពិព័រណ៍​សិក្សា​នេះ​ រៀបចំឡើង​រយៈពេល ​ជាង​៣​សប្តាហ៍ ​នៅ​ឆ្នាំ​២០២៣​នេះ ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​៥ ​ខែមករា​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៨ ​ខែមករា​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន ​សម្រាប់​អាស៊ាន ​(Study in Japan for ASEAN)​ប្រចាំ​រាជធានី​ភ្នំពេញ ​ចុះ​ថ្ងៃទី​១២ ​ខែមករា ​ដែល​ផ្សព្វផ្សាយ​ ដោយ​សា្ថន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​នៅ​ថ្ងៃទី​២០ ​ខែមករា ​បាន​បញ្ជាក់ថា​ កម្មវិធី​ពិព័រណ៍​សិក្សា​អន​ឡាញ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​បណ្តាញ​សកល ​នៃ​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ នៅ​អាស៊ាន​(Study in Japan Global Network Project -ASEAN) ​ដែលជា​គម្រោង​ផ្តល់ឱ្យ​ដោយ​ក្រសួង​អប់រំ​ជប៉ុន​។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​ចំនួន​ ៦​ដង ​ក្នុងនោះ​តាមរយៈ​អន​ឡាញ​២​ដង​។ ចំណែកឯ​ នៅ​ប្រទេស​កម្ពុជា ​ឡាវ ​មាន​ចំនួន​១​ដង ​តាមរយៈ​អន​ឡាញ​។ ដោយសារ​ការ​រាតត្បាត​ដោយ​វីរុស​កូវីដ១៩ ​ពិព័រណ៍​សិក្សា​នេះ​ធ្វើឡើង​តាមរយៈ​អន​ឡាញ ​សម្រាប់​ប្រទេស​អាស៊ាន​ចំនួន​១០»។​

​ក្រៅពី​គោលបំណង​បង្កើន​ចំនួន​និស្សិត​ពី​អាស៊ាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ពិព័រណ៍​សិក្សា​នេះ ​ក៏មាន​គោលបំណង​ផ្តល់ជូន​ប្រជាជន​អាស៊ាន​នូវ​ព័ត៌មាន​ចាំបាច់ ​និង​ថ្មី​ចុងក្រោយ​បង្អស់ ​ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​ពួកគេ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ព្រមទាំង​ផ្តល់នូវ​ព័ត៌មាន​ការងារ ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖«នៅ​ក្នុង​ពិព័រណ៍​សិក្សា​នេះ ​យើង​នឹង​ណែនាំ​ព័ត៌មាន​អំពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ​ឱកាស​ការងារ ​ស្ថាប័ន ​និង​គ្រឹះស្ថាន​អប់រំ ​ដែល​ចូលរួម​នៅលើ​គេហទំព័រ​ពិសេស»។​

ប្រភព​ដដែល​បន្ថែមថា ​ស្ថាប័ន ​និង​គ្រឹះស្ថាន​អប់រំ​ចំនួន​៥៣ ​មកពី​ទូទាំង​ប្រទេស​ជប៉ុន ​នឹង​ផ្ដល់​ការប្រឹក្សា​តាម​អន​ឡាញ​ និង​ណែនាំ​ព័ត៌មាន​អាហារូបករណ៍ ​និង​ព័ត៌មាន​បន្ថែម ​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​

ពិព័រណ៍​អន​ឡាញ​នេះ​ត្រូវបាន​ទទួលស្គាល់​ថា ​ជា​កម្មវិធី​សម្រាប់​គម្រប់​ខួប​៥០​ឆ្នាំ​នៃ​មិត្តភាព ​និង​សហប្រតិបត្តិការ​អាស៊ាន​-ជប៉ុន ​និង​គម្រប់​ខួប​៧០​ឆ្នាំ ​នៃ​មិត្តភាព ​រវាង​កម្ពុជា-​ជប៉ុន​។​

គួររំឭកថា ​ការិយាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន​សម្រាប់​អាស៊ាន​ប្រចាំ​រាជធានី​ភ្នំពេញ ​ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ ​កម្ពុជា-​ជប៉ុន​(CJCC) ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រាជធានី​ភ្នំពេញ ​កាលពី​ខែមិថុនា ​ឆ្នាំ​២០២២​។​

​ការិយាល័យ​សិក្សា​នេះ​មាន​បេសកកម្ម​ការងារ​រៀបចំ​កម្មវិធី​សិក្ខាសាលា​ពិសេស​នៅ​កម្ពុជា ​សម្រាប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ​តាម​អន​ឡាញ ​និង​ដោយផ្ទាល់ ​ដើម្បី​អបអរសាទរ ​និង​រំឭក​ដល់​ការបើក​សម្ពោធ​ការិយាល័យ​សិក្សា​នេះ​។​

សាកលវិទ្យាល័យ​ Okayama ​ត្រូវបាន​ចាត់តាំង​ឱ្យ​អនុវត្ត​គម្រោង​បណ្តាញ​សកល ​នៃ​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ នៅ​អាស៊ាន​ដោយ​ក្រសួង​អប់រំ ​វប្បធម៌ ​កីឡា ​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​(MEXT) ​របស់​ជប៉ុន ​នៅ​ឆ្នាំ​២០១៩ ​ក្នុង​គោល​បំណង​បង្កើន​ចំនួន​និស្សិត​អន្តរជាតិ​ពី​អាស៊ាន ១,៥​ដង ​ក្នុង​រយៈពេល​៥​ឆ្នាំ​៕