ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​និង​ក្រសួង​មហាផ្ទៃ​ ដាក់​ចេញ​ផែនការ​សកម្ម​ភាព​រួម​គ្នា​រយៈ​ពេល​ ៦ខែ ​ដើម្បី​ចុះ​ត្រួត​ពិនិត្យ​ការងារ​អធិការ​កិច្ច​ហត្ថ​ពល​កម្ម​បរទេស​ តាម​សហ​គ្រាស ​គ្រឹះ​ស្ថាន​ ក្នុង​ការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញ​ដូរ​មនុស្ស ​ជួញ​ដូរ​ពល​កម្ម​ ឬ​បទ​ល្មើស​ផ្សេងៗ​ដោយ​ប្រើ​ប្រាស់​ជន​បរ​ទេស​នៅ​កម្ពុជា​។​

​ការ​ដាក់​ចេញ​ផែន​ការ​រួមគ្នា​នេះ បា​នធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ការ​ងារ​គ្រប់​គ្រង​ហត្ថ​ពល​កម្ម​បរទេស​នៅ​ កម្ពុជា ​កាល​ពី​ថ្ងៃទី​២០ ​ខែមករា​ ឆ្នាំ​២០២៣ ​នៅ​សណ្ឋា​គារ​សុខា​ រាជធា​នី​ភ្នំពេញ ​បន្ទាប់​ពីក្រសួង​ទាំង​២​ បាន​អនុវត្ត​តាម​ច្បាប់​ស្តីពី​អន្តោ​ប្រវេសន៍​ និង​ច្បាប់​ស្តីពី​ការងារ​ ដោយ​បាន​ចុះ​ធ្វើ​អធិការ​កិច្ច​ហត្ថ​ពល​កម្ម​បរទេស តាម​សហ​គ្រាស គ្រឹះ​ស្ថាន ដែល​បាន​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ​២០០០​។​

​ក្នុង​ឱកាស​នោះ លោក ​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ថ្លែង​ថា តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ទាំង​២គឺ​ម្ចាស់​ឬក៏​នាយក​សហ​គ្រាស​គ្រឹះ​ស្ថាន​ភាគ​ច្រើន​បាន​យល់​ដឹង និង​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​អន្តោ​ប្រវេ​សន៍ និង​ច្បាប់​ស្តីពី​ការ​ងារ​កាន់​តែ​ល្អ​ប្រសើរ​។

​ទោះ​ជា​យ៉ាង​ណា ​លោក​បាន​អះ​អាង​ថា គណៈ​កម្ម​ការ​អន្តរ​ក្រសួង​ជំរុញនិ​ង​ត្រួត​ពិនិត្យ​ការងារ​អធិ​កា​រកិច្ច​ហត្ថ​ពល​កម្ម​បរទេស ​បាន​ដាក់​ចេញ​នូវ​យុទ្ធ​នាការ​ប្រតិ​បត្តិ​ការ​ដែល​មាន​រយៈ​ពេល​៦​ខែ ចាប់​ពី​ខែមករា ​ដល់​ខែមិ​ថុនា ឆ្នាំ​២០២៣​។

លោក​បាន​បន្ត​ថា ផែន​ការ​នេះ​ត្រូវ​បាន​បែង​ចែក​ជា​២ដំណាក់​កាល​ដោយ​ដំណាក់​កាល​ទី​១​មាន​រយៈ​ពេល​៣​ខែ ចាប់ពី​ខែ​មករា ដល់​ខែមីនា ឆ្នាំ​២០២៣ ជា​ដំណាក់​កាល​​ផ្សព្វ​ផ្សាយ​បាន​ទូលំ​ទូលាយ​ដល់​សហ​គ្រាស​ គ្រឹះ​ស្ថាន​ដែល​មាន​ប្រើ​ប្រាស់​ហត្ថ​ពល​កម្ម​បរទេស ​និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​យល់​ជ្រួត​ជ្រាប និង​ចូលរួម​អនុ​វត្ត​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​បន្ត​នូវ​គោល​ការណ៍​វិធាន​ការ​ដែល​ច្បាប់​បាន​កំណត់​អំពី​កា​រងារ​អធិ​ការ​កិច្ច​ហត្ថ​ពល​កម្ម​បរទេស​។

​លោក​បាន​បញ្ជាក់​ថា​៖«​ក្នុង​ដំណាក់​កាល​ផ្សព្វ​ផ្សាយ​ តម្រូវឱ្យ​សហ​គ្រាស គ្រឹះ​ស្ថាន ដែល​ប្រើ​ប្រាស់​ហត្ថព​ល​កម្ម​បរទេស​បំពេញ​របាយ​ការណ៍​ស្វ័យ​ប្រកាស​អំពី​ការប្រើ​ប្រាស់​ហត្ថ​ពល​កម្ម​បរទេសដូ​ចដែល​មាន​គំរូ​ផ្តល់​ជូន និង​ត្រូវ​បញ្ជូន​មក​វិញ​តាម​រយៈ​ការងារ​អធិការកិ​ច្ច​ហត្ថ​ពល​កម្ម​បរទេស​ នៅ​រាជធានី​-​ខេត្ត ​ឱ្យបាន​មុន​ថ្ងៃទី ​១៥ ខែ​មីនា ឆ្នាំ​២០២៣​។

​ចំណែក​ដំណាក់​កាល​ទី​២ លោក ​អ៊ិ​ត សំហេង បាន​អះ​អាង​ថា គឺមាន​រយៈពេល​ ៣ ​ខែ ចាប់ពី​ខែមេ​សា ដល់​ដំណាច់ ​ខែមិ​ថុនា ឆ្នាំ​២០២៣ ជា​ដំណាក់​កាល​ចុះ​អធិការ​កិច្ច​ជាក់​ស្តែងនៅ​តាម​គ្រប់​សហ​គ្រាស​ គ្រឹះ​ស្ថាន ដែល​មាន​ប្រើ​ប្រាស់​ហត្ថពល​កម្ម​បរ​ទេស ​ដោយ​ផ្អែក​តាម​ស្វ័យ​របាយ​ការណ៍ និង​ប្រតិទិន​របស់​ក្រុម​ការងារ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ផែនការ​សកម្ម​ភាព​នេះ ​ក៏មាន​គោល​បំណង​ក្នុងការ​ចូល​រួមចំ​ណែក​គាំទ្រ​ដល់​ផែន​ការ​ប្រតិ​បត្តិ​ការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ​ជួញ​ដូរ​ពលក​ម្ម និង​អាជីវ​កម្ម​ផ្លូវភេទ បទ​ល្មើស​ពាក់​ព័ន្ធ​ល្បែង​ស៊ីស​ង​ខុសច្បា​ប់ ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ ប​ទល្មើស​គ្រឿង​ញៀន បទ​ល្មើស​សម្អាត​ប្រាក់ ឬ​បទ​ល្មើស​ផ្សេងៗ​ទៀត សំដៅ​ចូល​រួម​ថែ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សង្គម​»​។

​លោក​ អ៊ិត សំហេង ប្រ​កាស​ដែរ​ថា ​រាល់​ពេល​ចុះ​ប្រតិ​បត្តិការ​គឺ​ត្រូ​វមាន​ការ​សម្របស​ម្រួល​ពី​ស្ថាប័ន​អយ្យ​ការ​អម​សា​លាដំ​បូង រាជធានី​-​ភ្នំពេញ ។ ក្នុង​អំឡុង​ពេល​ប្រតិ​បត្តិ​ការ​ ម្ចាស់ ឬនិយោ​ជក ត្រូវ​បង្ហាញ​វត្ត​មាន​ពលករ​បរទេស​គ្រប់​រូប​និង​ឯកសារ​ពា​ក់ព័ន្ធ​របស់​ពួកគេ​ម្នាក់ៗដល់​ក្រុម​អធិការ​កិច្ច​ហត្ថ​ពល​កម្ម​បរទេស​ ហើយ​ ក្នុង​ករណី​រក​ឃើញ​បទ​ល្មើស​ដទៃ​ទៀត​ ក្រុម​ការងារ​អធិការ​កិច្ច​ហត្ថ​ពល​កម្ម​បរទេស ​ត្រូវ​រាយ​ការណ៍ជូន​អភិ​បាល​រាជ​ធានី​-​ខេត្ត ដើម្បី​សុំ​គោល​ការណ៍​ចាត់​វិធាន​ការ​ស្រប​តាម​នីតិ​វិធី​។​

​តាម​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ឱ្យដឹង​ថា ការ​ផ្តល់​បណ្ណ​ការងារ​ ឬ​សៀវ​ភៅ​ការងារ​ដល់​ជន​បរទេស​មាន​ការ​កើន​ឡើង​ពី​ ៤០០ ​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ ​២០៧ ​៨៨៦​នាក់ ​នៅ​ក្នុង​ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​ចំនួន​នេះ បាន​ថយ​ចុះ​មកវិញ​ក្នុង​អំឡុង​ជួប​វិបត្តិ​កូ​វីដ​១៩ ​ដែល​មាន​ចំនួន​ ១៨១ ៦៥៣​នាក់ គិត​ត្រឹម​ឆ្នាំ​ ២០២២ ​ដែល​នាំឱ្យ​ក្រសួង​ការងាររក​ចំណូល​ចូល​ថវិកា​ជាតិ​ និង ​ប្រាក់​ពិន័យ​សរុប​ប្រមាណ ២២,៨ ​លាន​ដុល្លា​រ។​

​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ជំ​រុញឱ្យ​គណៈ​កម្មការ​អន្ត​រក្រសួង​បន្ត​ពង្រឹងនិ​ង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​បំពេញ​ការងារ​រួមគ្នា​របស់​ក្រសួង​ស្ថា​ប័ន ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ក្នុងការ​គ្រប់​គ្រង​ហត្ថពល​កម្ម​បរ​ទេស​ឱ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​។​

​បន្ថែម​ពីនេះ ​លោក​ក៏បាន​អំពាវ​នាវ​ដល់ក​ម្មករ​ន​យោ​ជិ​តប​រទេស​ និយោជ​ក​នៃ​រោង​ចក្រ សហ​គ្រាស មូលដ្ឋា​ន​អាជីវ​កម្ម និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ​ផ្ដល់​ការ​គាំទ្រ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹម​ត្រូវ​ ចៀសវាង​ទទួ​លរង​នូវ​ទណ្ឌក​ម្ម​ណា​មួយ​ពី​មន្ត្រី​មាន​សមត្ថ​កិច្ច​។​

​លោក ស ខេង​ បាន​បញ្ជាក់ថា​៖​​«​ក្នុង​ពេល​ចុះ​ធ្វើ​អធិការ​កិច្ច​ ករណី​រ​កឃើញ​តម្រុយ​សង្ស័យ​បទ​ល្មើស​ជួញដូរ​មនុស្ស ​ជួញ​ដូរ​ពល​កម្ម អាជីវ​កម្ម​ផ្លូវ​ភេទ ឬ​បទ​ល្មើស​ផ្សេងៗ​ទៀត ក្រុម​ចម្រុះ​អធិការ​កិច្ច ត្រូវ​រាយ​ការណ៍​ជា​បន្ទាន់​មក​គណៈ​បញ្ជាកា​រ​ឯក​ភាព​រាជ​ធានី​-​ខេត្ត និង​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ចា​ត់វិធាន​ការ​ស្រប​តាម​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​ជា​ធរមា​ន​»​៕