ភ្នំពេញៈ ជំងឺ​គ្រុនឈាម​កើតឡើង​ចំនួន​ ១១ ៧១៩ ​ករណី ​បណ្តាលឱ្យមាន​អ្នកស្លាប់​យ៉ាងហោច ​១៨​ នាក់ ​ដែល​សុទ្ធតែជា​ក្មេង​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​។ ក្រសួង​ជំនាញ​បាន​ត្រៀម​សេរ៉ូម ៧​ ម៉ឺន​ប្លោក ​ថ្នាំ​បាញ់​មូស​ ៩ ០០០​ លីត្រ​ និង​ថ្នាំ​អាបែត​ប្រមាណ​ ៤០០ ​តោន ​ដើម្បី​ប្រើប្រាស់​ទប់ទល់​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​។ នេះ​បើតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០២២ ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​គ.ជ.គ.ម.​។

​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០២២ ​និង​ទិសដៅ​ឆ្នាំ​២០២៣​ របស់ ​គ.ជ.គ.ម​. បានឱ្យដឹងថា​ តាមរយៈ​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល ​ជំងឺ​គ្រុនឈាម​មាន​ការកើនឡើង​ច្រើន​ក្នុង​ឆ្នាំ​២០២២ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​។ មូលហេតុ​សំខាន់​គឺ​ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេញ​១​ឆ្នាំ ​និង​បង្កឱ្យមាន​ការលិចលង់​ជាច្រើន​កន្លែង ​បង្កើត​ជម្រក​មូស​ខ្លា ​ដែលជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​។

​របាយការណ៍​បញ្ជាក់ថា​៖«វិធានការ​ក្នុង​ការឆ្លើយតប ​ក្រសួង​ជំនាញ​បាន​ត្រៀម​សេរ៉ូម​៧​ម៉ឺន​ប្លោក ​ថ្នាំ​បាញ់​មូស ​៩ ០០០​លីត្រ​ ថ្នាំ​អាបែត​ប្រមាណ​៤០០​តោន ​ដើម្បី​ប្រើប្រាស់​ទប់ទល់​បង្ការ ​និង​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​។ ករណី​រងគ្រោះ​ជំងឺ​គ្រុនឈាម​មាន​ចំនួន ​១១ ៧១៩​ករណី​ និង​រងគ្រោះ​ស្លាប់​ចំនួន ១៨​នាក់ ​ដែល​សុទ្ធតែជា​ក្មេង​អាយុ​ក្រោម ១៥​ឆ្នាំ ​(ទិន្នន័យ​ក្រសួង​សុខាភិបាល ​រយៈពេល​៤៨​សប្ដាហ៍)»។

​ដោយឡែក ​លោក​លាង ​ឫទ្ធា ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួង​សុខាភិបាល ​ឱ្យដឹង​នៅ​ថ្ងៃទី​៨​ មករា ថា ​នៅ​ឆ្នាំ​២០២៣​នេះ ​ស្ថានភាព​ជំងឺ​គ្រុនឈាម ​អាច​នឹង​កើន​ឡើងដល់​ជាង​២​ម៉ឺន​ករណី ​ខ្ពស់​ជាង​ឆ្នាំ​២០២២​ទៅ​ទៀត​។ នៅ​ឆ្នាំ​២០២២ ​មាន​ករណី​ជំងឺគ្រុនឈាម​ជាង​១២ ៥០០​ករណី ​មាន​ស្លាប់​ចំនួន​១៩​ករណី ​កើនឡើង​ជាង​៦​ដង ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ​ដែល​មាន​ចំនួន ១ ៨១១​ករណី ​មាន​ស្លាប់​តែ​ចំនួន ៨​ករណី​។​

​បើ​តាម​លោក​លាង ឫទ្ធា ​ស្ថានភាព​នៃ​ការកើនឡើង​នេះ​ ដោយសារ​ការកត់សម្គាល់​ជាក់ស្តែង​មកដល់​ចុងឆ្នាំ​ហើយ ​ចំនួន​ករណី​ជំងឺ​គ្រុន​ឈាម ​នៅតែមាន​និន្នាការ​កើនឡើង​នៅតាម​ខេត្ត-​ក្រុង​មួយចំនួន​ ដូចជា​នៅ​ភ្នំពេញ ​ខេត្តពោធិ៍សាត់​ និង​ខេត្តសៀមរាប​ជាដើម​ដោយសារ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​។ លោក​បញ្ជាក់ថា ​ជំងឺ​គ្រុនឈាម ​ជាទូទៅ ​កើតឡើង​នៅ​កន្លែង​ណា ​ដែល​មាន​មនុស្ស​កកកុញ​រស់នៅ ​ដូចជា​នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល ​កំពង់ចាម ​កំពង់ស្ពឺ ​ត្បូងឃ្មុំ ​និង​ខេត្តសៀមរាប​ជាដើម​។ ប៉ុន្តែ​ក៏មាន​ឱកាស​កើតឡើង​នៅ​ភូមិ​ដាច់ស្រយាល​ដែរ ​បើសិន​ជាមាន​ការប្រើ​ពាងទឹក​ច្រើន ​ហើយ​មិនចេះ​សម្អាត​។​

​លោក​ លាង ឫទ្ធី ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ​ដោយ​ឧស្សាហ៍​លាង​ពាងទឹក ​រៀបចំ​ទុកដាក់​អីវ៉ាន់​ក្នុង​ផ្ទះ​ឱ្យបាន​ល្អ ​ឱ្យមាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ ​សម្អាត​ទាំង​ក្នុងផ្ទះ ​និង​ក្រៅ​ផ្ទះ​ បរិវេណ​ផ្ទះ ​សម្បក​កំប៉ុង ​កង់ឡាន ​និង​ត្រឡោក​ដូង​ផងដែរ​ ធ្វើ​យ៉ាងណា​ឱ្យ​បរិស្ថាន​ស្អាត ​កុំឱ្យ​មាន​ទឹក​ដក់ ​ដែលជា​កន្លែង​នាំឱ្យ​កើត​មូស​ខ្លា ​ដែលជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​។​

​លោក​ថ្លែងថា​៖«សូម​ប្រជាជន​យើង​ទាំងអស់​បន្ត​ការយកចិត្ត​ទុកដាក់​សម្អាត​លំនៅ ​បរិស្ថាន ​ឧស្សាហ៍​លាង​ពាង ​១​អាទិត្យ ​ម្តង ​ឬ​យ៉ាង​ហោចណាស់ ​ឱ្យបាន ២​ដង​ ឧស្សាហ៍​ដូរ​ទឹក​ថូផ្កា​។ ចំណែក​ចានឆ្នាំង​របស់​របរ​បោះ​ចោល​ជុំវិញ​ផ្ទះ​ ត្រឡោក​ដូង ​អីហ្នឹង ​គឺ​គ្រប​ផ្កាប់​កុំឱ្យ​ដក់​ទឹក​ កាលណា​ភ្លៀង​មក ​ឬ​ពេល​ទឹក​ស្រក​ទៅវិញ​ វាដក់​ទឹក​អាចជា​ឱកាស​កកើត​មូស​ខ្លា»។​

​លោក​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​បញ្ជាក់ថា ​ជំងឺ​គ្រុនឈាម ​អាច​នឹង​ផ្ទុះ​កើតមាន​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០២៣​នេះ ​ព្រោះ​ឆ្នាំនេះ​កៀក​ទៅនឹង​វដ្ត​នៃ​ការផ្ទុះ​ជំងឺ​គ្រុនឈាម ​ដែល​តែង​កើតមាន​ឡើងជា​រៀង​រាល់ ​៤-៥​ឆ្នាំ​ម្តង​។ ជំងឺ​នេះ​បាន​ផ្ទុះ​លើក​ចុងក្រោយ ​កាលពី​ឆ្នាំ ២០១៩​។ លោក​ប្រាប់ថា​ បើ​មាន​ករណី​សង្ស័យ​កូនចៅ​មាន​កើត​ជំងឺគ្រុនឈាម​ មិនត្រូវ​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង ​និង​នាំទៅ​ព្យាបាល​នៅ​ពេទ្យ​តាម​ភូមិ ​ឬ​ពេទ្យ​ឯកជន ​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់​នោះ​ឡើយ​ ព្រោះ​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

​លោក​បញ្ជាក់​ទៀតថា ​បើសិន​មាន​អាការ​ក្តៅខ្លួន ​ចាប់ពី​ ៣៩-៤០​អង្សា ​និង​មាន​រោគសញ្ញា ​ដូចជា ​មុខ​ក្រហម ​ឈឺ​ប្រឡង់​កែវភ្នែក ​ចាក់​ទៅ​ក្រោយ ​ឈឺក្បាល ​ចង់​ក្អួត ​ឬ​ក្អួត​ ឈឺពោះ ​ឈឺ​សាច់ដុំ​ ឬ​សន្លាក់​ដៃជើង ​ស្នាម​អុចៗ​ក្រហម​លើ​ស្បែក ​ឬ​មាន​ហូរឈាម​តាម​អញ្ចាញ​ធ្មេញ​ជាដើម ​ត្រូវ​រួសរាន់​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​ជាបន្ទាន់​ កុំ​ព្យាយាម​សាកល្បង​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង ​ឬ​យកទៅ​ព្យាបាល​នៅ​ពេទ្យ​តូចៗ​តាម​ភូមិ ​ព្រោះ​គ្មាន​ឧបករណ៍​សម្ភារ​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​ទាន់​ពេល​វេលា​នោះ​ទេ​៕