ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ប្រកាស​ជ្រើសរើស​បេក្ខជន​ចំនួន ៨ ៦១៩​ នាក់​ ឱ្យទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​មិន​បង់ថ្លៃ​​ ១០០​​ ភាគរយ សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤​។ នេះ​បើតាម​សេចក្តី​​ជូនដំណឹង​របស់​ក្រសួង​អប់រំ​​យុវជន និង​កីឡា​។

​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំមុន ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ ​២០២៣ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ជន និង​កីឡា បានឱ្យដឹងថា ចំនួន​អាហារូបករណ៍​សរុប ៨ ៦១៩​ នាក់​នេះ បែង​ចែកជា ៤ ​អាទិភាព​រួមមាន សិស្ស​ទូទៅ​ចំនួន​ ៥ ៣៩៣ ​នាក់ សិស្ស​អាទិភាព​នារី​ចំនួន ១ ១៦៣​ នាក់ សិស្ស​អាទិភាព​ក្រីក្រ​ចំនួន​ ១ ៥១៣ ​នាក់ និង​សិស្ស​អាទិភាព​តំបន់​ដាច់ស្រយាល​ចំនួន​ ៥៥០ ​នាក់​។​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​បេក្ខជន​អាចដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​រួមមាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ​ចំនួន​ ២០ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​ចំនួន ​១៩ សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​។

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុ​ជន​និង​កីឡា បានឱ្យដឹង​ទៀតថា ការផ្តល់​អាហារូបករណ៍​នេះ ទី​១​ គឺ​ផ្តល់​តាមរយៈ​ការជ្រើសរើស មានន័យថា បេក្ខជន​នឹងត្រូវ​បានជ្រើសរើស​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​ផ្អែកលើ​និទ្ទេស​រួម​នៃ​លទ្ធផល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០២២-២០២៣​។ ទី​២ ជ្រើសរើស​តាមរយៈ​ការប្រឡង មានន័យថា បេក្ខជន​នឹងត្រូវ​ធ្វើការ​ប្រឡង​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ប្រសិនបើ​ជ្រើសរើស​មុខជំនាញ​ដែល​ឆ្លងកាត់​ការប្រឡង​និង​ពុំទាន់​ជាប់​អាហារូបករណ៍​មិន​បង់ថ្លៃ ១០០​ ភាគ​រយ នៅ​កន្លែង​ណាមួយ​នៅឡើយ​។​

​ប្រភព​ដដែល​ឱ្យដឹងទៀតថា លក្ខ​​ខណ្ឌ​នៃ​ការស្នើសុំ​អាហារូបករណ៍​គឺជា​សិស្ស​កំពុង​រៀន​ថ្នាក់​ទី​ ១២ ចំណេះ​ទូទៅ បំពេញវិជ្ជា និង​បេក្ខជនស្វៃរិន​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​។​

​ចំពោះ​បេក្ខជន​ឆ្នាំ​ចាស់​ដែល​ពុំទាន់​បាន​ជាប់​អាហារូបករណ៍​ ១០០ ​ភាគរយ ហើយ​មានបំណង​ស្នើសុំ​អាហារូបករណ៍​អាចដាក់​ពាក្យ​ប្រឡង​លើ​មុខជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ប៉ុណ្ណោះ និង​ត្រូវមាន​ព្រឹត្តិបត្រ​លទ្ធផល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​និង​ត្រូវមាន​អាយុ​យ៉ាងច្រើន​បំផុត​ ២២ ​ឆ្នាំ គិត​ត្រឹម​សប្ដាហ៍​ទី​៤ ​ខែធ្នូ ឆ្នាំ​ ២០២៣​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បញ្ជាក់ថា​៖ «​បេក្ខជន​ជា​សិស្ស​ថ្នាក់​ទី​ ១២ ​ដែល​កំពុង​សិក្សា​ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣ ​ត្រូវ​មក​ទទួល​សំណុំ​ពាក្យសុំ​អាហា​រូប​ករ​ណ៍​ពី​វិទ្យាល័យ​របស់ខ្លួន​យកទៅ​បំពេញ​ចាប់ពី​ថ្ងៃទី​ ២៤ ខែមេសា ដល់​ថ្ងៃទី ​១៧ ខែកក្កដា ឆ្នាំ​ ២០២៣ និង​ប្រគល់​មកវិញ​នៅ​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ ២០២៣ វេលា​ម៉ោង ៥.០០ ​នាទី ល្ងាច​ជា​កំហិត​»​។

​ចំណែក​បេក្ខជនស្វៃរិន និង​បេក្ខជន​បំពេញវិជ្ជា​ត្រូវ​មក​ទទួល​សំណុំ​ពាក្យសុំ​អាហារូបករណ៍​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត​ដែល​ខ្លួន​បាន​បំពេញ​សំណុំបែបបទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​ ២០២១-២០២២ យកទៅ​បំពេញ​ចាប់ពី​ថ្ងៃទី​ ២៤ ខែមេសា ដល់​ថ្ងៃទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៣ និង​ប្រគល់​មកវិញ​នៅ​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ ​២០២៣ វេលា​ម៉ោង ៥ ល្ងាច​ជា​កំហិត​។​

​លោក​បញ្ជាក់​បន្ថែមថា ចំពោះ​បេ​ក្ខ​ជន​ដែល​ពុំមាន​លក្ខខណ្ឌ​ដូច​ក្នុង​ ២​ ចំណុច​ខាងលើ ហើយ​មានបំណង​ស្នើសុំ​អាហារូបករណ៍​ចូលរៀន​មុខជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ត្រូវ​មក​ទទួលយក​សំណុំ​ពាក្យសុំ​ប្រឡង​យក​អាហារូបករណ៍​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​យកទៅ​បំពេញ​ចាប់ពី​សប្តាហ៍​ទី​ ២ ដល់​សប្តាហ៍​ទី​ ៣ ខែធ្នូ ឆ្នាំ ​២០២៣ និង​ប្រគល់ជូន​សាកល​​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​វិញ​យ៉ាងយូរ​ត្រឹម​ចុង​សប្តាហ៍​ទី​៣ ខែធ្នូ ឆ្នាំ​ ២០២៣ វេលា​ម៉ោង​ ៥​ ល្ងាច​ជា​កំហិត​។​

​លទ្ធផល​នៃ​ការជ្រើសរើស​នឹងមាន​បិទ​ផ្សាយ​នៅ​សប្តាហ៍​ទី​១ ខែធ្នូ ឆ្នាំ​ ២០២៣ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ​និង​មាន​បិទ​ផ្សាយ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​ខេត្ត និង​គ្រប់​វិទ្យាល័យ​ដែលមាន​បេក្ខជន​ជាប់​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិ​​ញ្ញាប​ត្រ​មិន​បង់ថ្លៃ​សិក្សា ១០០%​។​

​ចំណែក​លទ្ធផល​ប្រឡង​របស់​បេក្ខជន​ដែល​ជ្រើសរើស​មុខជំនាញ​ឆ្លងកាត់​ការប្រឡង​នឹងមាន​បិទ​ផ្សាយ​នៅ​សប្ដាហ៍​ទី​ ១ ខែមករា ឆ្នាំ​ ២០២៤ នៅតាម​មណ្ឌល​ប្រឡង​នៃ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នីមួយៗ​។​

លោក ហង់​ជួន ណា​រ៉ុ​ន បានឱ្យដឹង​បន្ថែមថា សេចក្ដីណែនាំ​ក្នុងការ​បំពេញ​​ពាក្យ លក្ខខណ្ឌ​កំណត់​មុខវិជ្ជា និទ្ទេស​រួម និង​ចំនួន​ជ្រើសរើស​តាម​មុខជំនាញ​នីមួយៗ​និង​ការកំណត់​តំបន់​ដាច់ស្រយាល​នៅតាម​រាជធានី​-​ខេត្ត​មានចែង​ក្នុង​សៀវភៅ​កម្រង​ព័ត៌មាន​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ដែល​បាន​ចែកជូន​ដល់​បេក្ខជន​ប៉ុណ្ណោះ​។ បេក្ខជន​អាច​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​នៅ​នាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​អាហារូបករណ៍​។​

​ដោយឡែក​ចំពោះ​បេក្ខជន​ដែលមាន​បំណង​ដាក់​ពាក្យសុំ​អាហារូបករណ៍​លើ​មុខជំនាញ​វិស័យ​សុខាភិបាល​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ​នេះ ត្រូវ​ឆ្លងកាត់​ការប្រឡង​ថ្នាក់ជាតិ ហើយ​មិនត្រូវ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា​ឡើយ​។

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយា​វី បានឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ខែមករា​ថា ការផ្តល់​អាហារូបករណ៍​នេះ​នៅមាន​ចំនួន​តិច​នៅឡើយ ហើយ​ការផ្តល់​អាហារូបករណ៍​នេះ​ទៀតសោត​ទោះបី​ផ្តល់ឱ្យ​ ១០០ ​ភាគ​រយ​ឬ​លើស​នេះ​ទៀត​ក៏ដោយ ប៉ុន្តែ​ការ​ស្នាក់នៅ​ហូបចុក​របស់​និស្សិត​មួយចំនួន​នៅ​ជួប​បញ្ហា​ខ្វះខាត​ដោយសារ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​អាណាព្យាបាល ជាពិសេស​ការ​ដោះបំណុល​ធនាគារ​។

​លោកស្រី​ថ្លែងថា​៖ «​ពលរដ្ឋ​[​ខ្លះ​]​បាន​ត្អូញត្អែរថា​ទោះបី​ឱ្យ​អាហារូបករណ៍​ដល់​ ២០០% ​ក៏ដោយ ក៏​គាត់​អត់​មាន​សមត្ថ​​ភាព​ក្នុង​ការឱ្យ​កូន​គាត់​សិក្សា​ដែរ អ៊ីចឹង​មានតែ​ពួកគាត់​បង្ខំចិត្ត​ឱ្យ​កូន​គាត់​ធ្វើការ​ដើម្បី​រកលុយ​សង​បំណុល​ធនាគារ​»​។

​អ្នកស្រី​បានលើកឡើង​ដែរ​ថា យុវជន​មួយចំនួន​លែង​ចង់​បន្ត​ការសិក្សា​ដោយសារ​ការបន្ត​ការសិក្សា​ទៅមុខទៀត ចំ​ណាយ​ពេល​កាន់តែ​វែង​នាំឱ្យ​គ្រួសារ​របស់គេ​កាន់​តែមាន​ហានិភ័យ​ខ្ពស់​អស់​ផ្ទះសំបែង​ជាដើម ហេតុនេះ​ទើប​គេ​ត្រូវ​រូតរះ​រក​ការងារ​ធ្វើ​ដើម្បី​គ្រួសារ​ដែលជា​បញ្ហា​ចំពោះមុខ​សំខាន់បំផុត​៕