ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​អះអាងថា ​កំពុង​ស្វែងរក​ការពិត​ករណី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​(CPP) ​ដែល​កាន់​អំណាច​ប្រកាស​ពី​សមាជិក​បក្ស​ភ្លើងទៀន​ចុះចូល​ជាង​ ៦០០​ នាក់​។ ការលើកឡើង​បែបនេះ ​បន្ទាប់ពី​ក្រុម​ការងារ ​CPP ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​អះអាងថា ​បក្ស​កាន់អំណាច​ទើបតែ​បានទទួល​សមាជិក​បក្ស​ភ្លើងទៀន​ ដោយសារបក្ស​របស់​ពួកគេ​គ្មាន​គោល​នយោបាយ​ច្បាស់​លាស់​។​

លោក​ លី ​សុធា​រ៉ាយុត្តិ ​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ​បញ្ជាក់ថា ​ចំពោះ​ដំណឹង​ដែលថា ​សមាជិក​បក្ស​ភ្លើងទៀន​ចូល​បក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ​នោះ ​ខាង​គណបក្ស​ផ្ទាល់​កំពុង​ស៊ើបសួរ​ស្វែងរក​ការពិត ​និង​បញ្ជាក់​បន្ថែម​ដើម្បី​បំភ្លឺ​ជូន​ម្ចាស់​ឆ្នោត។​

លោក​បញ្ជាក់ថា​៖ «យើង​កំពុង​ជជែក​ជាមួយ​ខាង​ខេត្ត​សាមី ​ដើម្បី​ដឹងថា ​ដំណឹង​នេះ​ពិត ​ឬ​មិន​ពិត ​ហើយ​បើជា​ការពិត​ តើ​មាន​ប៉ុន្មាន​នាក់ ​និង​មាន​សមាសភាព​អ្វីខ្លះ ​ហើយ​បើ​មិន​ពិត​ទេ ​តើ​វា​យ៉ាងម៉េច ​ដែល​ខ្ញុំ​ហើយ​ខេត្ត​សាមី​ហ្នឹង​កំពុង​ពិនិត្យ​មើល»។​

​លោក​ លី ​សុធា​រ៉ាយុត្តិ ​បន្ថែមថា​៖ «ជាទូទៅ ​នៅមុន​ការបោះឆ្នោត ​តែង​មាន​ការឃោសនា​ស្រដៀងៗ​គ្នា​នេះ​ជានិច្ច​ថា​ សមាជិក​គណបក្ស​ប្រឆាំង​ទៅ​ចូលរួម​ជីវភាព​នយោបាយ​នឹង​គណបក្ស​នយោបាយ​ណាមួយ​។ ប៉ុន្តែ​ភាគច្រើន​គ្មាន​រឿង​បែបនេះ​កើតឡើង​ឡើយ ​ដែល​ភាគច្រើន​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ»។

​លោក​បន្តថា ​គណបក្ស​ភ្លើងទៀន ​មមាញឹក​នឹង​ការកសាង​ភាពរឹងមាំ​របស់​បក្ស ​សម្រាប់​ត្រៀម​ការបោះឆ្នោត​ជាតិ ​នៅ​ខែ កក្កដា ​ឆ្នាំ​ ២០២៣ ​ខាងមុខ ​ដោយ​គ្មាន​ពេល​ខ្វាយខ្វល់​ច្រើន​ពី​ដំណឹង​បែបនេះ​ទេ។​

កាលពី​ទី ​២២ ខែ​មករា​ ឆ្នាំ​២០២៣ ​លោក​លី​ សាម៉េត ​ទីប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​បានឱ្យ​ដឹងថា ​មាន​សមាជិក​មកពី​គណបក្ស​ភ្លើងទៀន​ចំនួន​៦៧៥​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ បានសម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដើមខែ​មករា​នេះ​។ លោក​លី សាម៉េត ​អះអាងថា ​ដោយសារ​ភាពឈ្លាសវៃរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ទើប​បន្ទន់ចិត្ត​ឱ្យ​មនុស្ស​៦៧៥នាក់​នេះ ​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។​

​លោក​លី សាម៉េត ​លើកឡើងថា​៖«ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​គ្រប់​បែបយ៉ាង ​ក្នុង​ការប្រកប​របរ​ទទួលទាន​ចិញ្ចឹម​ជីវិត​ ការប្រតិបត្តិ​ជំនឿ​សាសនា ​និង​គណបក្ស​នយោបាយ​ជាដើម ​ហើយ​ប្រជាពលរដ្ឋ​បាន​ស្រឡាញ់ ​និង​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ជា​រៀង​រហូត​មក»។​

​លោក​ក៏បាន​បញ្ជាក់​ពី​មូលហេតុ ​ដែល​សមាជិក​បក្ស​ភ្លើងទៀន​ទាំងនោះ ​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ផងដែរ​ ដោយ​លោក​ថា ​ព្រោះ​ពួកគេ​យល់ថា ​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ភ្លើងទៀន ​គឺ​គ្មាន​គោលជំហរ​នយោបាយ​ច្បាស់​លាស់​។​

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងថា ដំណឹង​នេះ​ជា​រឿង​ពិត ហើយ​ចំនួន​សមាជិក​គណបក្ស​ភ្លើងទៀន​ចំនួន ៦៧៥​នាក់ ជា​ចំនួន​ច្រើន​ដែល​គេ​មិនអាច​លាក់បាំង​ជិត​ឡើយ​។​

លោក​សុខ ឥសាន ​បន្តថា​៖«ការលើកឡើង​ពី​អ្នកនាំពាក្យ​របស់​គណបក្ស​ភ្លើងទៀន ​គ្រាន់តែ​ជា​[ការការពារ]​មុខមាត់​ប៉ុណ្ណោះ ​កុំឱ្យ​ធ្លាក់​ទៅក្នុង​ស្ថានការណ៍​យ៉ាប់​ពេក​។ ប៉ុន្មាន​ថ្ងៃនេះ​គឺ​មក​ច្រើន​[អ្នកចូលរួម​ជីវភាព​នយោបាយ] ​ថែមទាំង​មាន​ក្បាល​ម៉ាស៊ីន​បក្ស​ភ្លើងទៀន​នៅ​កំពង់ធំ​បានមក​ចូល​ដែរ ​ហើយ​មាន​គណៈ​ចលនា​ខ្មែរ​អ៊ិស្លាម​របស់​បក្ស​ភ្លើងទៀន​មក​មួយ​គណៈ​តែម្តង»។

លោក​ឥសាន ​ថ្លែងថា​៖«ពលរដ្ឋ​មាន​ជំនឿ​លើ​គណបក្ស​ទេវតា ​ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលមាន​កម្មវិធី​នយោបាយ​ល្អ ​ហើយ​បាន​សាង​គុណសម្បត្តិ ​និង​ស្នាដៃ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ​ក្នុង​កិច្ចការកសាង​សន្តិភាព​ ឯកភាព​ជាតិ ​និង​ការអភិវឌ្ឍ»។​

ជុំវិញ​បញ្ហា​នេះ ​លោក​យង់ ពៅ ​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​ចាត់ទុក​ដំណឹង​ពី​ការចូល​រួម​ជីវភាព​នយោបាយ​ ជា​រឿង​ធម្មតា ​ដែល​ពលរដ្ឋ​មាន​សិទ្ធិ​ផ្លាស់ប្តូរ​ការចូលរួម​ជាមួយ​បក្សនយោបាយ​នានា ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប្រទេស ​និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ប៉ុន្តែ​រឿង​មិនធម្មតា​នោះ​នៅត្រង់​សមាជិក​បក្ស​ភ្លើងទៀន​ជា​បក្សប្រឆាំង​ទៅ​ចូលរួម​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​កាន់​អំណាច​នៅ​ចំ​មុន​ការបោះ​ឆ្នោត​ជាតិ។​

​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ​លោក​យង់ ពៅ ​លើកឡើងថា​៖«ខ្ញុំ​មើលឃើញ​ថា ​ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​ដូចជា​មិន​ក្តៅគគុក​ណាស់​ណា​ទេ ​វា​គ្រាន់តែ​ជា​ស្ថានការណ៍​វិវឌ្ឍ​កើតឡើង​មាន​ពេល​ដដែលៗ ​នៅមុន​ការបោះឆ្នោត​។ ម្យ៉ាង​ការបោះឆ្នោត​លើក​នេះ ​ជាការ​សំខាន់​ក្នុង​ការជ្រើសរើស​មេដឹកនាំ​ប្រទេស​ផង​ ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ​សម្រាប់​ការប្រកួត​ប្រជែង​នយោបាយ​ដែល​មើលទៅ​ហាក់​ក្តៅគគុក» ។​

បើ​តាម​លោក​យង់ ពៅ ​លោក​មើលឃើញ​ថា ​ភាពជា​អ្នកដឹកនាំ​នយោបាយ​របស់​គណបក្ស​ភ្លើងទៀន ​សព្វថ្ងៃ​មិន​ទាន់មាន​ភាព​លំនឹង​នៅឡើយ ​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​សមាជិក ​និង​អ្នកគាំទ្រ​ខ្លួន​អាច​អស់​ជំនឿ ​និង​ចាក​ចេញទៅ​ស្វែងរក​ការ​ជ្រក​កោន​នយោបាយ​នៅ​ទី​ថ្មី។​

សម្រាប់​លោក​ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​លើកឡើងថា ​ទោះបីជា​រដ្ឋធម្មនុញ្ញ​កម្ពុជា ​បានចែង​យ៉ាងច្បាស់​ពី​សិទ្ធិ​ចូលរួម​ជីវភាព​នយោបាយ​របស់​ពលរដ្ឋ​ក្តី ​ប៉ុន្តែ​នៅក្នុង​សង្គម​ជាក់ស្តែង ​សកម្មភាព​នៃ​ការកៀរគរ ​និង​ការចុះ​ចូល​របស់​សមាជិក​នៃ​បក្ស​មួយ​ទៅមួយ​តែង​ប្រព្រឹត្តទៅ​នៅមុន​ការបោះឆ្នោត​ឈាន​មកដល់​។ លោក​ថា ​នេះ​ជា​រូបភាព​បំបែក​ និង​ជា​រូបភាព​បង្ហាញ​ឥទ្ធិពល​របស់​គណបក្ស​មួយ​ទៅលើ​គណបក្ស​មួយ​ផ្សេង​ទៀត។​

លោក​បញ្ជាក់ថា​៖«ទោះបីជា​ដំណើរ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​កម្ពុជា ​ចាប់ផ្តើម​តាំងពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ​ក្តី ​ប៉ុន្តែ​នៅមុន​ការបោះឆ្នោត​ក្នុង​អាណត្តិ​នីមួយៗ ​តែងតែ​មាន​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​នយោបាយ ​និង​កម្តៅ​នយោបាយ​មាន​ការកើន​ឡើង​គួរឱ្យ​ព្រួយបារម្ភ​ជានិច្ច»។​

បើ​តាម​លោក​ប៉ា ច័ន្ទរឿន ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ការវិវឌ្ឍ​ការប្រណាំង​ប្រជែង​នយោបាយ ​ដោយ​ប្តូរ​ពី​ការប្រើ​អំពើហិង្សា​លើ​គូប្រកួត​នយោបាយ​នា​អតីតកាល ​មកជា​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ​និង​ច្បាប់​វិញ​នៅមុន​ការបោះឆ្នោត​ ដើម្បី​គាបសង្កត់​គូប្រកួត​នយោបាយ​។ ជារួម​ លោក​ថា​ អ្នកនយោបាយ​កម្ពុជា​មិនទាន់​អាច​វិវឌ្ឍ​ខ្លួន​មក​ធ្វើ​នយោបាយ​ត្រឹមត្រូវ​តាម​ក្បួន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​ឡើយ​ទេ៕

វីដេអូ៖