ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​និទ្ទេស​ A នៅ​ថ្ងៃទី ​២ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ខណៈដែល​លោក​បាន​ថ្លែង​ពី​ការផ្តល់​អាទិភាព ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​នៃ​ការរីកចម្រើន​របស់​ប្រទេសជាតិ​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ជិត​ ៧​ ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមករា​។ លោក​មានប្រសាសន៍ថា មានមតិ​មួយចំនួន​បានលើកឡើង​ទាំង​ទទឹងទិស​ថា សកម្ម​ភាពចុះ​ជួប​សំណេះសំណាល​រវាង​នាយករដ្ឋមន្ត្រី នៅតាម​គ្រឹះស្ថានសិក្សា​ផ្សេងៗ ក៏​ដូច​ជាការ​ជួប​ជាមួយ​សិស្ស​និទ្ទេស A របស់​កម្ពុជា​ជាដើម​ថា ជាការ​ដណ្តើម​ការ​ងារ កាត់មុខ​រដ្ឋមន្ត្រីក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៅវិញ​។ លោក​បញ្ជាក់ថា នេះ​គឺជា​ទង្វើ ​១ ​ដែល​អគុណ​ធម៌ ហើយ​លោក​មិន​ចង់​បញ្ជូន​សារ​អ្វី​បន្ថែមទៀត​ទេ សំខាន់​អ្វីដែល​ត្រូវខិតខំ​ធំ​បំផុត​គឺ​ការរក្សា​សន្តិភាព​ឱ្យ​គង់វង្ស ទើប​ធ្វើការ​អភិវឌ្ឍ​បាន​។

​លោក​ថ្លែងថា​៖ «​មាន​អ្នកខ្លះ​ថា ឯង​ទៅ​សម្ពោធ​សាលា​ថា ឯង​កាត់មុខ​ក្រសួង​អប់រំ ក្នុងពេលដែល​សាលា​នោះ ត្រូវបាន​រដ្ឋមន្ត្រី​អប់រំ​ខ្លួនឯង​ជា​អ្នក​អញ្ជើញ​ខ្ញុំ​ទៅ​សម្ពោធ​សាលា​នោះ​ទៅទៀត​។ ឯង​ទៅ​សម្ពោធ​មន្ទីរ​​ពេទ្យ ថា​ឯង​ហ្នឹង​គឺ​កាត់មុខ​រដ្ឋមន្ត្រី​សុខាភិបាល ឯង​មក​ចែក​សញ្ញាបត្រ​ថា ឯង​កាត់មុខ​រដ្ឋមន្ត្រី​អប់រំ ក្នុងពេលដែល​និស្សិត សាស្ត្រាចារ្យ​ត្រូវការ​ឱ្យមាន​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល​ដើម្បី​ចែកជូន​»​។

​លោក​ ហ៊ុន សែន បានលើកឡើង​ទៀតថា ការជួប​សំណេះសំណាល​ជា​​មួយ​សិស្ស​ពូកែ​ដើម្បី​ជាការ​លើក​ទឹក​ចិត្ត នេះ​ជា​រឿង​មួយ​សំខាន់​។ ជាមួយគ្នានេះ ការលើកកម្ពស់​ធនធាន​មនុស្ស​កាន់តែ​សំខាន់​ថែមទៀត ព្រោះ​បើ​គ្មាន​ធនធានមនុស្ស គឺ​មិន​អាចធ្វើ​អ្វី​បានឡើយ ហេតុនេះ​ត្រូវ​ផ្តល់​អាទិភាព ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​នៃ​ការរីកចម្រើន​របស់​ប្រទេសជាតិ​។

​លោក​បញ្ជាក់ថា បច្ចុប្បន្ន​សកលលោក​កំពុង​វិ​វ​ឌ្ឍ​ប្រែប្រួល​ក្នុងដំណាក់កាល​នៃបដិ​វត្ដ​ន៍​ឧស្សាហកម្ម​ ៤.០ ដែលជា​របត់​ថ្មី​នៃ​សភាពការណ៍​ដែល​កម្ពុជា​ត្រូវ​ដើរ ឬ​និយាយ​មួយបែប​ទៀត គឺជា​ការ​ចូលដល់​ដំណាក់កាល​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​ទាមទារ​នូវ​ការពង្រឹង​សមត្ថ​​ភាព​ធនធានមនុស្ស​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ឃើញ​អំពី​អតុល្យភាព​រវាង​សេចក្តីត្រូវការ នៃ​ការអភិវឌ្ឍ​ជាមួយនឹង​សមត្ថភាព​ធនធានមនុស្ស នៅមានកម្រិត​។ ចំណុច​នេះ​ទាមទារ​ឱ្យ​យើង​រួមគ្នា​ដោះស្រាយ ដើម្បី​ពង្រឹង​ដល់​គុណភាព នៃ​ការអប់រំ​បណ្តុះបណ្តាល សំដៅ​លើកកម្ពស់ ធនធានមនុស្ស​របស់​យើង ដើម្បី​ឆ្លើយតប​ជាមួយ​ការ​​អភិវឌ្ឍ​ដែល​ចេះតែ​កើនឡើង​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​»​។

​ជាមួយ​ការជំរុញ​ក្នុងការ​លើកកម្ពស់​ធន​ធាន​មនុស្ស​នេះដែរ លោកនាយក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​មោទនភាព​អំពី​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ ១ គឺ​ការ​​ផ្តល់ឱ្យ​វិស័យ​ឯកជន ចូលរួម​វិនិយោគ​ក្នុង​វិស័យ​អប់រំ​។ កម្ពុជា​បានចាប់ផ្តើម​ផ្តល់ឱកាស​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើ​វិស័យ​អប់រំ​តាំងពី​ឆ្នាំ ១៩៨៩ - ១៩៩០ មក​ម្ល៉េះ ពោលគឺ​មុន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចាប់ផ្តើម​។

​លោក​បន្តថា ការចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន​នេះ បាន​បង្កើត​នូវ​ស្ថាន​ភាព​ដ៏​ល្អប្រសើរ​ជាមួយនឹង​ការ​អនុ​​ញ្ញាត​ឱ្យ​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​យក​​ ១ ​ផ្នែក​ដើម្បី​បង្រៀន​បង់ថ្លៃ និង​បាន​បង្កើត​នូវ​ស្ថានភាព​ងាយស្រួល​សម្រាប់​សាកលវិទ្យាល័យ​ទាំងអស់​របស់​រដ្ឋ​ដែល​ក្នុងនោះ មាន​ការជួយ​ផ្តល់នូវ​ការ​បំប៉ន​លើ​ប្រាក់ឧបត្ថម្ភ​សម្រាប់​សាស្ត្រាចារ្យ​ដែល​ចូល​បង្រៀន និង​សម្រាប់​ដំណើរការ​តាម​សាលា​ផង​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​បើសិនជា​យើង​មិន​ផ្តល់ឱកាស​ឱ្យ​វិស័យ​ឯកជន​បាន​ចូលរួម​នៅក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ទេនោះ ហើយ​បើ​យើង​មិន​ផ្តល់ឱកាស​ឱ្យ​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​ ១ ​ផ្នែក យក​ថ្លៃ​សិក្សា​ទេនោះ នោះ​សិស្ស​ដែល​ចប់​បាក់​ឌុប​ជាង​ ១០​ ម៉ឺន​នាក់​ក្នុង ១ ​ឆ្នាំ នឹង​ទៅណា​? ខណៈដែល​រដ្ឋ​មាន​សមត្ថភាព​ទទួលបាន​ត្រឹម​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​»​។

​លោក​ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល Westline Education Group និង​ជា​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បានឱ្យដឹងថា ការចូលរួម​របស់​វិស័យ​ឯកជន​បានធ្វើ​ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង​ក្នុងការ​អភិវឌ្ឍ​ធន​​ធាន​មនុស្ស​នៅ​កម្ពុជា​។ នេះ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន ក៏ដូចជា​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា រដ្ឋ និង​ឯកជន គឺជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​។ លោក​បន្ថែមថា ជាធម្មតា​នៅក្នុង​ការអភិវឌ្ឍ​រប​ស់​ប្រទេសមួយ គេ​មិនអាច​ប្រើប្រាស់​តែ​ធនធាន​របស់​រដ្ឋ​មួយ​បានឡើយ ជាពិសេស​វិស័យ​អប់រំ​នេះ​តែម្តង​។

​លោក​ថ្លែងថា​៖ «​បើសិនជា​អ្នក​វិ​និ​យោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​ចាប់​អារម្មណ៍​ក្នុងការ​វិនិយោគ​ទៅលើ​វិស័យ​អប់រំ​នេះ វា​ពិតជា​រួមចំណែក​បាន​ច្រើន​មែនទែន ក្នុងការ​លើកកម្ពស់​ធ​ន​ធាន​​មនុស្ស ក៏ដូចជា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ កន្លងមក​មាន​សាលា​អន្តរជាតិ​ល្អៗ ដែល​នាំយក​កម្មវិធីសិក្សា​បែប​អន្តរជាតិ​មក​បូកផ្សំ​ជាមួយនឹង​កម្មវិធីសិក្សា​ចម្រុះ​របស់​កម្ពុជា ដែល​នេះ​ជាការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​របស់​យើង​»​។​

​បើតាម​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅក្នុង​សម័យ​ប្រឡង ៥-៦ ​ធ្នូ ឆ្នាំ​ ២០២២ មាន​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​សរុប​ចំនួន ៩០ ៩៥០ ​នាក់​ក្នុងនោះ ជាប់​និទ្ទេស ​A ចំនួន​សរុប ១ ០៤៩ ​នាក់ និទ្ទេស​ B ចំនួន ៧ ២៣២​ នាក់ និទ្ទេស​ C ចំនួន ១៩ ០៥៣ ​នាក់ និទ្ទេស​ D ចំនួន ៣១ ១៦៦ នាក់ និង និទ្ទេស ​E ចំនួន ៣២ ៤៥០ ​នាក់​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏បាន​ឱ្យដឹង​ផងដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សា​លាម​ត្តេ​យ្យ​សិក្សា និង​សាលា​រៀនចំណេះ​ទូទៅ ទាំង​សាធារណៈ និង​ឯក​​ជន ប្រមាណ​ជិត ១៥ ០០០​ កន្លែង​នៅ​ទូទាំងប្រទេស​។ ក្រសួង​បាន​កំពុង​បន្ត​លើកកម្ពស់​គុណវុឌ្ឍិ​គ្រូបង្រៀន​ដោយមាន​កិច្ចសហការ​វិជ្ជមាន​ជា​មួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​ក្រសួង​-​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន សហគមន៍​តាម​មូលដ្ឋាន មាតាបិតា សិស្ស​-​និស្សិត និង​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​នៃ​គោលនយោបាយ​ស្ដីពី​គ្រូបង្រៀន​របស់​ក្រសួង​អប់រំ ក៏ដូចជា​ការបន្ត​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ២០១៨-២០២៣៕