ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាសថា នៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ រាជ​រដ្ឋា​ភិ​បាល​នឹង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​ដល់​យុវជន​នៃ​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​ប្រមាណ ​១,៥ លាន​នាក់​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជា​​ជីវៈ​របស់​រដ្ឋ​ក្នុង​កម្រិត​សញ្ញា​​ប​ត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​ ១ ដោយ​មិន​បង់ថ្លៃ​ហើយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ទៀតផង​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ជិត​ ៧​ ពាន់​នាក់ នា​ថ្ងៃទី ​២៣ ខែមករា លោក​បាន​ថ្លែងថា​៖ «​យើង​នឹងធ្វើ​នៅ​ចុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។​ចាប់ពី​នោះ​ទៅ បានសេចក្តីថា​យើង​នឹង​រ៉ាប់រង​សម្រាប់​សិស្ស​ទទួល​ការបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​ចេញពី​គ្រួសារ​ក្រីក្រ​គ្មាន​លទ្ធភាព​រៀន​នៅ​មហាវិទ្យាល័យ​។ យើង​យក​ពួកគាត់​ទៅ​បណ្តុះបណ្តាល មិន​ត្រឹមតែ​មិន​បង់ថ្លៃ​ទេ ក៏ប៉ុន្តែ​យើង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ឱ្យ​គាត់​ថែមទៀត ធ្វើ​ម៉េច​បណ្ដុះបណ្ដាល​ធនធានមនុស្ស​»​។​

​លោក ហ៊ុន សែន បន្តថា បើ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រង្វង់​ ១,៥​ លាន​នាក់​នេះ​បាន លោក​គិតថា សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវធ្វើ​សមា​ហ​រណកម្ម​ជាមួយនឹង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដោយ​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើ​ធនធានមនុស្ស​ដែល​បម្រើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែលមាន​ចំនួន​ច្រើន​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ដូច្នេះ​ ១ ​លាន​ ៥ ​សែន​នាក់​ដែល​យើង​ត្រូវ​បណ្តុះបណ្តាល​ក្នុង​ ១​ ឆ្នាំនេះ ​គឺ​ក្នុងពេល​ខាងមុខ​ដែល​យើង​ដាក់​ជា​ទិសដៅ​សម្រាប់​ផ្ដល់ឱ្យ​ពួកគេ​នូវ​ជំនាញ​ដែល​យើង​នឹង​ទទួលបាន​នូវ​កា​រវិ​និ​​យោគ​ពី​ខាងក្រៅ​កាន់តែច្រើន​ហើយ​គេ​ត្រូវការ​មិនមែន​គ្រាន់តែ​បញ្ហា​កម្លាំង​នោះទេ​កម្លាំង​អត់​បច្ចេកទេស​គេ​មិន​យក​ទេ​»​។​

​លោក​បាន​បន្ថែមថា កម្ពុ​ជាមាន​សក្ដានុពល​នៃ​មនុស្ស​វ័យក្មេង​ចំនួន​ច្រើន ក៏ប៉ុន្តែ​សមត្ថ​ភាព​របស់​ពួកគេ​នៅមានកម្រិត​។ ​ដូច្នេះហើយ​ទើប​លោក​ដាក់ឱ្យ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច​សិក្សា​អំពី​លទ្ធភាព​នៃ​ការដែល​រាជរដ្ឋាភិបាល​ជំរុញ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​យុវជន​ក្រីក្រ​ទទួលបាន​នូវ​ការបណ្ដុះបណ្ដាល មិន​ត្រឹមតែ​មិន​បង់ប្រាក់​នោះទេ ក៏ប៉ុន្តែ​រាជ​​រដ្ឋាភិបាល​ត្រូវ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ឱ្យ​ពួកគាត់​ថែមទៀត​។​

​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​បើ​មិន​អ៊ីចឹង គាត់​អត់​មាន​ប្រាក់​ចូលរៀន យើង​ឱ្យ​រៀន​ទទេ​ហើយ ក៏ប៉ុន្តែ​គាត់​អត់​មានអី​ទទួលទាន​។ អ៊ីចឹង​ទេ​យើង​ត្រូវ​ផ្តល់ប្រាក់​ឱ្យ​គាត់​ថែមទៀត​។​តែដោយសារ​ថវិកាជាតិ​យើង​បានអនុម័ត​រួចហើយ យើង​មិនមាន​កញ្ចប់​ថវិកា​សម្រាប់​ការ​អនុវត្ត​ភ្លាមៗ​នោះទេ ក៏ប៉ុន្តែ​រឿងនេះ​វា​នឹង​អនុវត្ត​នៅ​ចុងឆ្នាំ ឬ​ដើម​ឆ្នាំក្រោយ​តែម្តង​»​។

​លោក​លើកឡើងថា ទាំងអស់នេះ​គឺជា​ការឆ្លុះបញ្ចាំង​នៃ​ការ​​ខិតខំ​ប្រឹងប្រែង​នៃ​ផ្នែក​រដ្ឋ និង​វិស័យ​ឯកជន​ដែល​ត្រូវ​ប្រមើល​មើល​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុងដំណាក់កាល​នៃបដិ​វឌ្ឍន៍​ឧស្សាហកម្ម ៤.០ ឬ​និយាយ​មួយបែប​ទៀតថា ជា​ដំណាក់កាល​នៃ​សេដ្ឋកិច្ច​ឌី​ជី​​ថ​ល​ដែល​ទាមទារ​ឱ្យមាន​ការ​ខិតខំ​ទាំងអស់គ្នា​។​

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះដែរ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់បាន​លើកឡើងថា កម្ពុ​ជានា​សម័យ​ឧស្សាហកម្ម​ ៤.០ គឺ​ពិតណាស់​ត្រូវការ​អ្នកជំនាញ​ជាច្រើន ដើម្បី​បំពេញការងារ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាត​វៃ​ទាំងអស់នោះ​។ ហេតុនេះ ដើម្បីឱ្យ​ការអប់រំ​បែប​ឌីជីថល ធ្វើឡើង​បាន​កាន់តែ​ប្រសើរ ក្រសួង​អប់រំ​បានធ្វើ​ការងារ​ជាច្រើន ដើម្បី​បញ្ជ្រាប​ការបណ្តុះបណ្តាល​នៅ​គ្រប់​កម្រិត​ដើម្បី​ជំរុញ​កម្ពុជា​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការប្រកាស​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​ក្រីក្រ​នេះដែរ លោក​ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) បានបង្ហាញ​ការ​សា​​ទរ​ចំពោះ​គំនិត​នេះ ប៉ុន្តែ​លោក​ថា គំនិត​នេះ​ហាក់ដូចជា​យឺត​បន្តិច ព្រោះ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​កន្លងមកនេះ យុវជន​ក្រីក្រ​បាន​ជួប​បញ្ហា​ច្រើន​ពី​វិបត្ដិ​កូ​វីដ​១៩ និង​វិបត្តិ​នៃ​ទំនិញ​ឡើងថ្លៃ​។​

​ទន្ទឹមគ្នានេះ​លោក​បញ្ជាក់ថា​៖ «​ដើម្បីឱ្យ​គោលនយោបាយ​នេះ​ជោគជ័យ​រដ្ឋាភិបាល​គួរតែ​ធានាបាន​នូវ​បរិយាកាស​អំណោយ​ផល​ដល់​ភាគី​ពាក់ព័ន្ធ និង​ត្រូវតែ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ណា​ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​យុវជន​»​។​

​លោក​ថា រដ្ឋាភិបាល​ក៏ត្រូវ​ផ្តោតលើ​ពលរដ្ឋ​ទូទៅ ដោយ​មិន​ផ្តោតលើ​និន្នាការ​នយោបាយ​នោះទេ ពិសេស​ជំរុញ​ការបណ្តុះបណ្តាល​ស្ត្រី​ក្រីក្រ​ជាដើម​។​គួរ​បញ្ជាក់ដែរថា បើតាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​ក្នុងពេល​ថ្មី​នេះ បានឱ្យដឹងថា កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ជាច្រើន​ផ្នែក​ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​លើ​គ្រប់​​ផ្នែក​ទាំងអស់​ក្នុងសង្គម​នាពេល​បច្ចុប្បន្ន​នេះ​។

​ក្រសួង​ការងារ​អះអាងថា ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​ក្នុងការ​ចូលរួម​ជា​ចំណែក​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងសម័យ​បច្ចេកវិទ្យា​ឌីជីថល​នេះ សិស្ស​និស្សិត​គួរ​ងាក​ចំណាប់​អារម្មណ៍​មក​សិក្សា​ផ្នែក​បច្ចេក​​ទេស វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យា​ឱ្យបាន​ច្រើន​។

​ក្រសួង​ការងារ​បន្តថា ការ​សិក្សា​ទៀតសោត ក៏​ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​ឱ្យបាន​ស៊ី​​ជម្រៅ ដើម្បី​មាន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ទាំង​ក្នុងប្រទេស និង​ក្នុង​តំបន់ ព្រោះ​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល ការប្រកួតប្រជែង​កាន់​តែមាន​លក្ខណៈ​ទូលាយ​នៅ​គ្រប់​តំបន់​ទាំងអស់​លើ​ពិភពលោក​៕