
បុរសរងគ្រោះនិងត្រាក់ទ័រដែលខូចដោយផ្ទុះមីនពីថ្ងៃទី ២២ មករា។ រូប Heng Ratana page
ព្រះវិហារៈ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជាំក្សាន្តទាំងយប់ បន្ទាប់ពីបានបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោនបណ្តាលឱ្យផ្ទុះកាលពីល្ងាចថ្ងៃទី ២២ ខែមករា ស្ថិតក្នុងភូមិសែនរុងរឿង ៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក សាយ ដេត អធិការនគរបាលស្រុកជាំក្សាន្តបានឱ្យដឹងនៅថ្ងៃទី ២៣ ខែមករាថា នៅម៉ោង ១៧ និង៤៥ នាទី ថ្ងៃទី ២២ ខែមករានៅចំណុច WA (17886_70731) ក្នុងភូមិសែនរុងរឿង ៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីត្រាក់ទ័រគូបូតា ១ គ្រឿងភ្ជួរឈូសឆាយដីបានជាន់ប៉ះមីនតោន បណ្តាលឱ្យផ្ទុះខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសអ្នកបើកបរម្នាក់ ឈ្មោះសៀក គឹមហុង ភេទប្រុសអាយុ ២០ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។ លោកប្រាប់ថា អ្នករងរបួសត្រូវបានដឹកមកដល់មន្ទីរពេទ្យបង្អែកជាំក្សាន្ត នៅវេលាម៉ោង ២០ យប់។
លោកអធិការបានឱ្យដឹងទៀតថា ជនរងគ្រោះដែលរងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះមីនតោននេះ ត្រូវរបួសធ្ងន់ចំភ្នែក និងផ្ទៃមុខ ប៉ុន្តែមិនមានដាច់ដៃជើងទេ។ មកដល់ថ្ងៃទី ២៣ ខែមករា ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។
លោកបញ្ជាក់ថា៖ «ពលរដ្ឋបានទៅភ្ជួរដីដាំដំណាំដំឡូងដូចរាល់ឆ្នាំ ប៉ុន្តែលើកនេះប៉ះចំមីនតោនផ្ទុះ ប្រហែលអាចបណ្តាលមកពីការភ្ជួរដីយូរៗទៅ ដីស្តើងទៅៗ ហើយត្រាក់ទ័របើកជាន់ពីលើគ្រប់កម្រិតទម្ងន់ក៏ផ្ទូះទៅ»។
លោក សាយ ដេត បានឱ្យដឹងថា ជាំក្សាន្តជាអតីតតំបន់សមរភូមិក្តៅដែលបន្សល់ទុកគ្រាប់មីនច្រើន។កន្លងមកពលរដ្ឋធ្លាប់បានឃើញគ្រាប់មីននៅរាយប៉ាយ និងបានរាយការណ៍ទៅអាជ្ញាធរហើយអាជ្ញាធរបានរាយការណ៍បន្តទៅមន្ត្រីជំនាញដោះមីនដើម្បីដោះយកទៅកម្ទេចចោលជាបន្តបន្ទាប់។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរលើហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី ២២ ខែមករាថា សង្គ្រាមបានបញ្ចប់ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបន្តគំរាមកំហែងធ្វើឱ្យស្លាប់ និងរបួសជាហូរហែ។ ជាមួយគ្នានេះលោកបានអំពាវនាវជាថ្មីឱ្យពលរដ្ឋរស់នៅក្នុងតំបន់អតីតសមរភូមិ ជាពិសេសនៅស្រុកជាំក្សាន្តត្រូវមានការប្រុងប្រយ័ត្ននិងរាយការណ៍ជាបន្ទាន់ទៅកម្លាំងសមត្ថកិច្ច កម្លាំងស៊ីម៉ាក់ និងអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានព័ត៌មានទាក់ទងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីអាចជួយអន្តរាគមន៍បានទាន់ពេល និងធានាសុវត្ថិភាពជូន។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋនៅតំបន់ដែលរងការគំរាមកំហែងដោយសារគ្រាប់មីនបើមានព័ត៌មានមានអីបន្ថែម សូមរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជាពិសេសកម្លាំងនគរបាលជាតិអាជ្ញាធរមូលដ្ឋាន និងកម្លាំង CMAC នៅទីនោះដើម្បីយើងងាយស្រួលឆ្លើយតបតាមសំណូមពររុករកធានាសុវត្ថិភាព»។
CMAC បានសរសេរលើហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី ២៣ ខែមករាថា វិនាសកម្មដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតែគំរាមកំហែងអាយុជីវិតពលរដ្ឋស្លូតត្រង់។ជាក់ស្តែងការផ្ទុះមីនតោននៅស្រុកជាំក្សាន្តខេត្តព្រះវិហារនេះ គឺជាសោកនាដកម្មនៃសំណល់ជាតិផ្ទុះពីសង្គ្រាមដែលគ្រោះថ្នាក់និងអសន្តិសុខសុវត្ថិភាពដល់ប្រជាកសិករនិងរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
CMAC បានបញ្ជាក់ថា «អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីននិងគ្រាប់មិនទាន់ផ្ទុះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះ ទៅកម្ទេចចោល»។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីនធ្លាប់បានថ្លែងក្នុងពិធីប្រកាសក្រុងសៀមរាបនិងស្រុកក្រឡាញ់ជាក្រុងស្រុកអស់មីនកាលពី ថ្ងៃទី ១៦ ខែមករា ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ផ្ទៃដីសង្ស័យមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២ ៥៥៤ គីឡូម៉ែត្រការ៉េត្រូវបានបោសសម្អាតរួចដោយរកឃើញ និងកម្ទេចចោលនូវមីនប្រឆាំងមនុស្សចំនួន ១ ១៥៣ ២១៧ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ១៣៥ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ០៣៤ ៧២៧ គ្រាប់ ព្រមទាំងបានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៩ លាននាក់។
លោកបន្តថា ជាមួយគ្នានោះ រាជធានី-ខេត្តចំនួន ៦ បានប្រកាសអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ។ រីឯឆ្នាំ ២០២៣ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន ១២ ទៀត ជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កណ្ដាល ក្រចេះ កំពង់ស្ពឺ កំពង់ធំ ខេត្តសៀមរាប មណ្ឌលគិរី និងខេត្តរតនគិរី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានាផងដែរ៕