ភ្នំពេញៈ ស្ថាប័ន​ពាក់ព័ន្ធ បាន​ចាត់ទុកថា ក្នុង​បរិបទ​នៃ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​មានការ​រីកចម្រើន ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ ដែល​ទន្ទឹមគ្នានេះ ភាគី​ពាក់ព័ន្ធ ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញា​រួមគ្នា លើកកម្ពស់​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នៅតាម​ទីប្រជុំជន និង​ទីជនបទ​ក្នុងប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ ការប្តេជ្ញា​នេះ ត្រូវបាន​បង្ហាញឡើង​នៅក្នុង​សិក្ខាសាលា​នា​សប្តាហ៍​មុន ស្តីពី​ការរៀបចំ​ផែនការ​សម្រាប់​គម្រោង ការលើកកម្ពស់​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ក្នុង​ទីក្រុង នៃ​បណ្តា​ប្រទេស​នៅ​អាស៊ាន (AMUSE) ក្រោម​ការចូលរួម​ពី​ក្រសួងបរិស្ថាន ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់ រដ្ឋបាល​ខេត្តសៀមរាប និង​ក្រសួង​ពាក់ព័ន្ធ​ស្ថាប័ន​ថ្នាក់​ខេត្ត ប្រតិបត្តិ​ករ​ទេសចរណ៍ សមាគម​ចុងភៅ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន លោក កែ វង្ស​វ​ឌ្ឍ​នា បាន​លើកឡើងថា បញ្ហា​សំរាម​សំណល់​រឹង បញ្ហា​អនាម័យ បញ្ហា​គុណភាព​ទឹក និង​បញ្ហា​ខ្យល់​បរិយាកាស គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ដល់​បរិស្ថាន​។ លោក​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង គឺជា​កិច្ចការ​ចាំបាច់​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត ដែល​តម្រូវឱ្យ​មានការ​ពិនិត្យ​កែលម្អ​ឡើងវិញ​។​

មន្ត្រី​ក្រសួងបរិស្ថាន​រូបនេះ បាន​លើកឡើងថា​៖«​ការងារ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង បាន​ក្លាយជា​កិច្ចការ​អាទិភាព​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុងការ​លើកកម្ពស់​សោភណភាព​សណ្តាប់ធ្នាប់​សាធារណៈ សុខុមាលភាព​សង្គម និង​គុណភាព បរិស្ថាន​នៅតាម​បណ្តា​ទីប្រជុំជន និង​ទីជនបទ​។​ហេតុនេះ ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង គឺ​ត្រូវការ​ពិនិត្យ​អំពី​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​នីមួយៗ​ឱ្យមាន​ភាពច្បាស់លាស់​»​។​

​ជុំវិញ​រឿងនេះ លោក ឃឹម ហ្វី​ណង់ អភិបាលរង​ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី​សោភណភាព អនាម័យ​ក្នុង​ខេត្តសៀមរាប​ឱ្យ​ស័ក្តិសម​ជាទី​ក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​ពិភពលោក កន្លងមក​រដ្ឋបាលខេត្ត​បានដាក់​ចេញ​គោលការណ៍​នានា​ជាច្រើន​។​

​ក្នុងនោះ​មានដូចជា ពង្រឹង​ការផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​បរិស្ថាន សំណល់​រឹង រាវ ឧស្ម័ន​ដល់​គ្រប់​អ្នកពាក់ព័ន្ធ អាជីវ​កម្មដ្ឋាន សេវា​កម្មដ្ឋាន ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រមទាំង​ជំរុញឱ្យមាន​យុទ្ធនាការ​ប្រមូល​សំរាម​សម្អាត​អនាម័យ​តាម​ទីសាធារណៈ​នានា​ក្នុង​ខេត្ត​។​

​ លោក​ឃឹម ហ្វី​ណង់ បន្តថា​៖«​ក្រៅពី​ពង្រឹង​យន្តការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ក្នុង​ខេត្ត​ដែលមាន​ស្រាប់​ហើយ​នោះ​រដ្ឋបាលខេត្ត​ក៏បាន ដាំ​កូនឈើ រៀប​ការ៉ូឡា ដាំ​ស្មៅ ដាំ​ផ្កា ភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​ក្រុង ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ផងដែរ​»​។​

​ លើសពីនេះ រដ្ឋបាលខេត្ត​ក៏បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អ្នក​រំលោភបំពាន​តំបន់ការពារធម្មជាតិ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត រួមមាន ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដែនជម្រកសត្វព្រៃ «​ភ្នំ​ត្នោត​-​ភ្នំ​ពក​» ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» តំបន់ការពារទេសភាព​អង្គរ តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ដើម្បី​ធ្វើការ​ការពារ និង​ការអភិរក្ស​ធនធានធម្មជាតិ​ថែមទៀត​។​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី លោក ឃឹម ហ្វី​ណង់ អភិបាលរង​ខេត្តសៀមរាប​។​

​ បើតាម​លោក Frank Jittke​ ប្រធាន​ក្រុមការងារ​អាស៊ាន​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អាល្លឺម៉ង់ ក៏បាន​លើកឡើង​ពី​ផែនការ​គម្រោង ដែល​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​ក្រសួងបរិស្ថាន និង​ភ្នាក់ងារ​ប្រតិបត្តិការ​អាល្លឺម៉ង (GIZ) ដែល​គម្រោង​នេះ​អនុវត្ត​នៅក្នុង​ប្រទេស​គោលដៅ​ចំនួន​៤ នៅ​បណ្តា​ប្រទេស​អាស៊ាន​រួមមាន​៖ កម្ពុជា ឡាវ វៀតណាម ថៃ ក្នុង​រយៈពេល​៤​ឆ្នាំ ក្រោម​ថវិកា​គម្រោង​៦​លាន​អឺរ៉ូ ឬ​ជាង ៦,៥​លាន​ដុល្លារ​អាមេរិក​។​គម្រោង​នេះ នឹងត្រូវ​អនុវត្ត​លើ​គម្រោង​ចម្បង​ចំនួន​៤​រួមមាន​៖ សម្រាល​សម្ពាធ​លើ​ប្រព័ន្ធ​សាធារណៈ​ដែលមាន​ស្រាប់​, កាត់បន្ថយ​ផលប៉ះពាល់​/​បន្ទុក​ទៅលើ​បរិស្ថាន​, ដាក់បញ្ចូល​ការគ្រប់គ្រង​សំណល់​នៅក្នុង​ច្បាប់ និង​យុទ្ធសាស្ត្រ​ជាតិ​និង​ធានាបាន​នូវ​ភាព​ទាក់ទាញ​នៃ​វិស័យ​ទេសចរណ៍​ដែលមាន​សារៈសំខាន់​ខាង​សេដ្ឋកិច្ច​។​

​យ៉ាងណាមិញ តាមរយៈ​សិក្ខាសាលា​ខាងលើ ភាគី​ពាក់ព័ន្ធ ក៏បាន​ប្រកាស​យ៉ាង​មុតមាំ​ដែរ​ថា នឹង​គាំទ្រ​ពេញទំហឹង​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​ខាងលើនេះ ត្រូវបាន​អនុវត្ត​ដោយមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បរិស្ថាន​ស្អាត​លើកកម្ពស់​ភ្ញៀវទេសចរ និង​បង្កើន​សេដ្ឋកិច្ចជាតិ​៕