
ក្រុមមន្ត្រីនៃស្ថាប័នពាក់ព័ន្ធជួបពិភាក្សាពីវឌ្ឍនភាពនៃគម្រោងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ រូបថត Sok Puthyvuth's FB
ភ្នំពេញៈ កម្ពុជាសម្រេចបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក្រោមជំនួយប្រទេសកូរ៉េខាងត្បូង ក្នុងន័យធ្វើទំនើបកម្មមធ្យោបាយអប់រំតាមរយៈប្រព័ន្ធឌីជីថល ដែលបានឆ្លងកាត់ការសាកល្បង ដោយជោគជ័យលើការបង្កើតមាតិកា និងបង្រៀនដល់សិស្សសាលារៀនមួយ ហើយស្ថាប័ននេះមានគម្រោងពង្រីកឱ្យដល់សាលារៀននៅទូទាំងប្រទេស ដើម្បីចូលរួមកែប្រែវិស័យអប់រំកម្ពុជាឱ្យឈានទៅមុខ មានគុណភាព និងសម្បូរបែប។
នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ តាមរយៈកិច្ចប្រជុំ រវាងក្រសួងចំនួន៤ ដោយមានលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអ្នកដឹកនាំ និងមានការចូលរួមពីថ្នាក់ដឹកនាំ ជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានពិនិត្យពីវឌ្ឍនភាពនៃគម្រោងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ក្នុងន័យធ្វើទំនើបកម្មមធ្យោបាយអប់រំនៅកម្ពុជា ស្របតាមសម័យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។
លោក សុខ ពុទ្ធិវុធ លើកឡើងថា៖«គម្រោងបង្កើតស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ជាពិសេស ការដកពិសោធន៍ ក្នុងបរិបទជំងឺរាតត្បាតជាសកលកូវីដ១៩ ហើយជាដំណើរការពន្លឿនផ្នែកអប់រំតាមរយៈឌីជីថល និងអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលផ្សេងៗនៅកម្ពុជា»។
លោកបានបន្ថែមថា គម្រោងនេះ ក៏ជាសកម្មភាពអាទិភាពមួយផងដែរ ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថលប្រកបដោយការរួមបញ្ចូលគ្នា។
បន្ទាប់ពីពិភាក្សារវាងក្រសួងទាំង៤ លោក សុខ ពុទ្ធិវុធ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យនៃវឌ្ឍនភាពនៃគម្រោង EBC ជុំវិញលទ្ធផលនៃការដាក់សាកល្បងលើការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតរបស់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព។ លោកបង្ហាញក្តីសង្ឃឹមថា នឹងពង្រីកគម្រោងនេះ សម្រាប់ក្របខ័ណ្ឌសាលារៀននៅទូទាំងប្រទេស នៅពេលអនាគតដ៏ខ្លី។
តាមរយៈរបាយការណ៍ បច្ចុប្បន្ន EBC បានផលិតវីដេអូមាតិកាអប់រំជាច្រើនប្រភេទបានចំនួន៤ ៩៥៤ភាគ ក្នុងនោះមានវីដេអូបង្រៀនកម្មវិធីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ និងកំពុងអនុវត្តគម្រោងសាកល្បងសម្រាប់សិក្សាតាមអ៊ីនធឺណិតជាមួយវិទ្យាល័យហ៊ុន សែន សេរីភាព (ក្រុងតាខ្មៅ) ដែលមានសិស្សសរុបជាង៥ ០០០នាក់។
EBC បានរៀបចំបន្ទប់ចំនួន ២ ដែលបំពាក់ដោយកុំព្យូទ័រយួរដៃ ២៥គ្រឿង ថេបប្លេត ២៥គ្រឿង និងសម្ភារចាំបាច់មួយចំនួន ព្រមទាំងដំឡើងហេដ្ឋារចនាសម្ព័ន្ធផ្តល់សេវាអ៊ីនធឺណិតគ្របដណ្តប់បរិវេណសាលាទាំងមូល។
ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈត ប៊ុនថង លើកឡើងថា គម្រោងនៃការពង្រីក និងអភិវឌ្ឍការអប់រំ តាមរយៈប្រព័ន្ធឌីជីថល ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងបរិបទសព្វថ្ងៃក្នុងដំណាក់កាលកូវីដ១៩ ដែលហាក់មិនទាន់ធូរស្បើយពីពិភពលោក ជាមួយនឹងស្ថានការណ៍សកលកំពុងទំនោរវិវឌ្ឍទៅក្នុងពិភពឌីជីថលនេះទៅហើយ។
លោកថ្លែងថា៖ «ជាការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ កម្ពុជាយើងបានវិវឌ្ឍខ្លួនជាសន្សឹមៗទៅហើយ ជាពិសេសនៅអំឡុងសម័យកូវីដ១៩នេះ ដែលវាបានជួយជំរុញឱ្យការត្រៀមខ្លួនរបស់កម្ពុជាក្នុងវិស័យអប់រំឌីជីថលនេះ កាន់តែប្រញាប់ប្រញាល់ថែមទៀតផង»។
ជាមួយគ្នានេះ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងការងារបណ្តុះបណ្តាលតាមរយៈប្រព័ន្ធឌីជីថល។ លោកបញ្ជាក់ថា នេះជាការវិនិយោគរយៈពេលវែងដើម្បីជួយប្រជាពលរដ្ឋខ្មែរ ឱ្យសម្រេចបាន និងចូលរួមយ៉ាងសកម្ម ក្នុងគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ជាតិ ក្នុងពេលអនាគត ហើយវាបង្កភាពងាយស្រួលផង។
លោកក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ និងរដ្ឋាភិបាល បន្តកិច្ចខិតខំក្នុងដំណើរធ្វើទំនើបកម្មប្រព័ន្ធអប់រំរបស់កម្ពុជា ដើម្បីឱ្យពលរដ្ឋខ្មែរ និងធនធានមនុស្សកាន់តែមានចំណេះដឹង អាចទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថល។ លោកថា រដ្ឋាភិបាលត្រូវបន្តបង្កើនកិច្ចវិនិយោគលើការអប់រំលើផ្នែកនេះ តួយ៉ាងការបង្កើតមាតិកាមេរៀនតាមប្រព័ន្ធឌីជីថលឱ្យកាន់តែសម្បូរបែប និងភាពទាក់ទាញ។
EBC គឺជាគម្រោងរួមគ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដោយទទួលបានគាំទ្រជាជំនួយឥតសំណងពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (MSIT) របស់ប្រទេសកូរ៉េខាងត្បូង និង អនុវត្តដោយស្ថានីយផ្សព្វផ្សាយអប់រំកូរ៉េ (EBS)។
គម្រោងនេះបាននិងកំពុងផលិតមាតិកាអប់រំឌីជីថល អភិវឌ្ឍថ្នាលគ្រប់គ្រងមាតិកាឌីជីថល និងថ្នាលអប់រំបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជំរុញវិស័យអប់រំប្រកបដោយគុណភាព បានទូលំទូលាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសពីគោលជំហរពង្រឹងចំណេះដឹងផ្នែកឌីជីថល ដើម្បីពង្រឹងកម្រិតគុណភាពធនធានមនុស្សនៅកម្ពុជាឱ្យឆ្លើយតបនឹងស្ថានការណ៍វិវឌ្ឍន៍របស់សកលលោក។ ជាក់ស្តែង នៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ កាលពីដើមឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានស្នើឱ្យក្រសួងអប់រំ គាំទ្រដល់ការអប់រំតាមបែបឌីជីថលនេះផងដែរ៕