
សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ក្រសួងការពារជាតិ និងរូបលោក ឡុង សុគន្ធារៈ។ រូប ក្រសួងការពារជាតិ
ភ្នំពេញៈ ក្រសួងការពារជាតិ ថ្កោលទោសអ្នកធ្វើអត្ថាធិប្បាយ តាមបណ្តាញសង្គម លោក ឡុង សុគន្ធារៈ ដែលក្រសួងអះអាងថា បានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត អំពាវនាវដល់ «ជនរួមជាតិ» ទាំងអស់ កុំចែកចាយបន្តនូវវីដេអូ របស់អ្នកធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គមរូបនេះ ដែលក្រសួងការពារជាតិ ហៅថា «បុគ្គលពាលក្រៅសង្គម» និងអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសលោក ឡុង សុគន្ធារៈ តាមផ្លូវច្បាប់។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃទី ២៣ ខែមករាថា៖ «សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្ដិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត»។
អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា «ទង្វើ» របស់លោក ឡុង សុគន្ធារៈ តាមរយៈការញុះញង់ ការគ្រងឯកសណ្ឋានយោធា ដោយខុសច្បាប់ ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឱ្យបាន។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា៖ «សូមប្រកាសប្រឆាំងដាច់ខាតចំពោះជនណា ដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយមករំលោភបំពានបានឡើយ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ ដែលជាប្អូនប្រុសបង្កើតរបស់លោក ហ៊ុន ម៉ាណែត បានចេញសារបង្ហោះនៅលើហ្វេសប៊ុកថា៖ «នេះជាការប្រមាថ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសម្តីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរោះនេះបានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ»។
លោក ហ៊ុន ម៉ានី ដែលក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានសរសេរបន្តថា៖ «ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង»។
លោក ឡុង សុគន្ធារៈ ដែលទំនងជារស់នៅឯក្រៅប្រទេស បានចេញវីដេអូឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ នាថ្ងៃទី ២៤ ខែមករា ដោយថ្លែងថា នៅក្នុងវីដេអូ ដែលលោកបានផ្សាយផ្ទាល់ (Live) កាលពីលើកមុននោះ លោកប្រកាសថា លោកបានទិញឯកសណ្ឋានយោធានេះពីផ្សារ។ ប៉ុន្តែ មិនបាននិយាយតាំងខ្លួន ជាឧត្តមសេនីយ៍ ដែល មានអត្តលេខនៅក្នុងកងយោធពលខេមរភូមិន្ទនោះទេ។ លោកថា ក្នុងវីដេអូ ដែលលោកបានផ្សាយផ្ទាល់នេះ គឺលោកចង់បញ្ចេញប្រតិកម្មរិះគន់លោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត។
លោកបញ្ជាក់ថា៖ «បើខ្ញុំនិយាយនៅក្នុងវីដេអូហ្នឹង ក្នុងនាមខ្ញុំជាកងយោធពលខេមរភូមិន្ទ នោះទើបខ្ញុំវាខុស ពីព្រោះខ្ញុំក្លែងបន្លំខ្លួនជាកងយោធពលខេមរភូមិន្ទ។ តែខ្ញុំអត់មាននិយាយថា ខ្ញុំជាកងយោធពលខេមរភូមិន្ទទេ គ្រាន់ខ្ញុំថា ផ្កាយ ៣ នេះ គឺផ្កាយដែលកើតឡើងដោយសារញើសឈាមរបស់ខ្ញុំ គឺខ្ញុំប្រឹងរកលុយយកទៅទិញអាហ្នឹងមកពាក់»។
ក្រៅពីការបង្ហោះវីដេអូ នៅថ្ងៃទី ២៤ ខែមករា នេះ លោក ឡុង សុគន្ធារៈ ក៏បានសរសេរជាសារទៀតថា៖ «ឆ្លើយតប សម្តេច ទៀ បាញ់ [រដ្ឋមន្ត្រី] ក្រសួងការពារជាតិ ខ្ញុំឱ្យថ្នាក់ដឹកនាំក្រសួងទាំងអស់ បង្ហាញជំហរការពារជាតិ និងប្រជាពលរដ្ឋ។ សូមកុំអគតិ ប្រើប្រាស់ស្ថាប័នជាតិ ការពារគ្រួសារ និងបក្ខពួក»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអគ្គស្នងការរងនគរបាលជាតិ មិនអាចទាក់ទង ដើម្បីសុំការបញ្ជាក់បានទេ នៅថ្ងៃទី ២៤ ខែមករា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការបកស្រាយទៅវិញទៅមក គឺជាមធ្យោបាយមួយក្នុងសង្គមប្រជាធិបតេយ្យរដ្ឋ។ ទោះបីយ៉ាងណា ការប្រើប្រាស់វោហារសាស្ត្រ នៃអ្នកលេងហ្វេសប៊ុកកន្លងមក ក៏ធ្វើឱ្យមានការប្រេះស្រាំ ធ្វើឱ្យមានការរើសអើង ធ្វើឱ្យមាននិន្នាការនយោបាយ និងក៏ធ្វើឱ្យមានការស្អប់ខ្ពើមគ្នា។ ទាំងអស់នេះអាចជាបច្ច័យមិនល្អ សម្រាប់គោលដៅនៃការង្រួបបង្រួមជាតិ សាមគ្គីភាពជាតិ ក៏ដូចជាសេចក្ដីថ្លៃថ្នូររបស់ជាតិផងដែរ។
លោកថ្លែងថា៖ «ទាំងអស់នេះខ្ញុំយល់ថា គួរតែមានការធ្វើការពន្យល់ ការសម្រប សម្រួលណាមួយ កុំឱ្យមានការប្រើប្រាស់វោហារសាស្ត្រ ដែលធ្វើឱ្យមានការស្អប់ខ្ពើមគ្នា ឬក៏ធ្វើឱ្យមានការយល់ច្រឡំពាក់ព័ន្ធព័ត៌មានផ្សេងៗ»។
ជុំវិញបញ្ហានេះ លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ជារឿងមិនត្រឹមត្រូវឡើយក្នុងការបន្លំឯកសណ្ឋានជាមន្ត្រីយោធា និងការជេរប្រទេចក្រោមហេតុផលតស៊ូមតិ ដែលជារឿងអសីលធម៌សង្គមមួយ ហើយថែមទាំងល្មើសច្បាប់ទៅទៀត។
លោក ឈត ប៊ុនថង គូសបញ្ជាក់ថា៖ «ប្រទេសសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ គេយកច្បាប់ជាគោល អំពើទាំងអស់ត្រូវស្ថិតក្រោមច្បាប់ ហើយក្រៅពីច្បាប់គ្រប់គ្រងដោយសីលធម៌សង្គម។ បើបុគ្គលណា ឬអង្គភាពណាធ្វើមិនត្រឹមត្រូវតាមច្បាប់ត្រូវមានទោសទណ្ឌមិនថារាស្ត្រ មិនថាមន្ត្រី»។
លោកបន្តថា៖ «ការតស៊ូមតិនៅតែធ្វើ ប៉ុន្តែយើងប្តូរវិធីធ្វើដោយនិយាយដោយពីរោះពិសា មានតឹកតាង ហេតុផល ទ្រឹស្តីទស្សនវិជ្ជា ចៀសវាងការជេរប្រទេចគ្នា»៕
វីដេអូ៖