
អ្នកស្រី វេជ្ជបណ្ឌិត ឡូរី ហោសវើត (កណ្ដាល)នៅមន្ទីរពេទ្យក្នុងខេត្តមណ្ឌលគិរីកន្លងមក ។ រូបថត សហការី
ក្រចេះ: ប្ដីប្រពន្ធបរទេស ១ គូ ជាគ្រូពេទ្យជំងឺកុមារបម្រើការងាររយៈពេល ៧ ឆ្នាំ នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ធ្លាប់បានត្រៀមខ្លួនរួចហើយសម្រាប់វិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញតាំងពីឆ្នាំ ២០១៥ ម៉្លេះ។
ប៉ុន្ដែលោកវេជ្ជបណ្ឌិត ប៊ីល និងអ្នកស្រី ឡូរី ហោសវើត ដែលមានចិត្តចង់ជួយអស់ពីសមត្ថភាព សម្រាប់តម្រូវការថែទាំសុខភាពកុមារក្នុងប្រទេសកម្ពុជា បានខកខានទៅវិញ ដោយសារតែមើលឃើញថានៅមានចន្លោះប្រហោងច្រើនចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។
អ្នកស្រីឡូរី បាននិយាយថា៖ «ខណៈយើងនៅស្ទាក់ស្ទើរថា តើត្រូវស្នាក់នៅឬត្រូវទៅនោះ ប៊ីល [យើង]បានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដើម្បីពិភាក្សាអំពីតម្រូវការសុខភាពនៅទូទាំងប្រទេសរួមទាំងខេត្តក្រចេះផងដែរ»។
ពួកគេបានកំណត់ថា ខេត្តក្រចេះជាកន្លែងធ្វើការដ៏សំខាន់ ទាំងដោយសារតែបញ្ហាប្រឈមផ្នែកថែទាំសុខភាពផ្ទាល់ខ្លួនដោយអាចបម្រើជាមជ្ឈមណ្ឌលបញ្ជូនបន្ដសម្រាប់តំបន់ជុំវិញដែលមានតម្រូវការធ្ងន់ធ្ងរ។
បន្ទាប់ពីពិភាក្សាបន្ថែមជាមួយដៃគូសំខាន់ៗ និងម្ចាស់ជំនួយដែលចាប់អារម្មណ៍លើការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការកែលម្អសេវាថែទាំសុខភាពកុមារនៅកម្ពុជាក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល អ្នកស្រីបានឱ្យដឹងថា មណ្ឌលថែទាំសុខភាពកុមារចេនឡា ក៏បានកកើតនៅក្នុងឆ្នាំ ២០១៧ តែម្ដង។
អ្នកស្រីវេជ្ជបណ្ឌិត ឡូរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ដៃគូស្ថាបនិករបស់យើងរួមទាំង Partners for Equity នៅអូស្ត្រាលី មូលនិធិ Ptarmigan នៅកាណាដា មូលនិធិ Hrothgar និង Children of Cambodia នៅសិង្ហបុរី ជាក្រុមស្នូលក្នុងការបង្កើតភាពជោគជ័យនៃគំរូភាពជាដៃគូរវាងរដ្ឋ និងឯកជន»។
មណ្ឌលថែទាំសុខភាពកុមារចេនឡាបានដំណើរការនៅតាមបណ្ដាខេត្តដាច់ស្រយាលនៃប្រទេសកម្ពុជា ដែលពួកគេមិនសូវទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ឬកិច្ចការពារនិងការថែទាំកុមារជាប្រចាំប៉ុន្មានឡើយ។
អ្នកស្រី ឡូរី បានបន្ដថា៖ «សមត្ថភាពរបស់យើងក្នុងការផ្តល់ការថែទាំទារក និងកុមារដែលមានគុណភាពខ្ពស់ក្នុងភាពជាដៃគូផ្ទាល់ជាមួយមន្ទីរពេទ្យបង្អែករបស់រាជរដ្ឋាភិបាល គឺពិតជាល្អបំផុត។ យើងកំពុងដំណើរការយ៉ាងពេញលេញនៅក្នុងខេត្តក្រចេះនិងមណ្ឌលគិរី ហើយថ្មីៗនេះបានចាប់ផ្តើមការងារក្នុងខេត្តស្ទឹងត្រែង»។
អ្នកស្រីបានបន្ថែមថា៖ «កម្រិតនៃការសង្គ្រោះបន្ទាន់និងការថែទាំយ៉ាងយកចិត្ដទុកដាក់របស់មណ្ឌលចេនឡាបានផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ពលរដ្ឋសហគមន៍តំបន់ទាំងនោះ។ យើងបានផ្ដល់សេវាកម្មដល់អ្នកជំងឺជាង ៧ ម៉ឺននាក់មកទល់ពេលនេះ ហើយយើងមានបំណងពង្រីកទៅតាមខេត្តផ្សេងបន្ថែមទៀត (និងអាចសូម្បីតែប្រទេសផ្សេងទៀតផង)»។
កុមារនៅតំបន់ដាច់ស្រយាលត្រូវការការយកចិត្ដទុកដាក់ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពពីដំបូងមុនពេលធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងររួមទាំងការកើតមិនគ្រប់ខែ ជំងឺឆ្លង និងជំងឺត្រូពិកដូចជា ជំងឺគ្រុនឈាមគ្រុនពោះវៀន មេលីអ៊ីយ៉ូត និងជំងឺផ្សេងៗទៀត។
ស្ដ្រីកូន ៤ នាក់ ដែលបានឃ្លាតឆ្ងាយពីមាតុប្រទេសជាង ១ ទសវត្សរ៍រូបនេះបានលើកឡើងថា៖ «តាមរយៈនេះខ្ញុំមានន័យថា កុមារក្រីក្រនិងជនក្រីក្រ យើងផ្តល់សេវាដែលមានគុណភាពខ្ពស់ថ្មី ហើយខណៈការព្យាបាលឥតគិតថ្លៃសម្រាប់អ្នកដែលប្រើប្រាស់មូលនិធិសមធម៌សុខភាព វាមិនមែនជារឿងចម្លែកទេ ដែលកុមារមានធនធានគ្រួសារមួយចំនួនក៏មកទទួលសេវាពីយើងដែរនោះ»។
បើយោងតាមស្ថាបនិកមណ្ឌលថែទាំសុខភាពកុមារចេនឡាបានបង្ហាញថា កិច្ចការដ៏សំខាន់បំផុតមួយគឺត្រូវធានាថា កុមារមកពីភូមិក្រីក្របំផុតដែលមានធនធានតិចបំផុតអាចទទួលបានការថែទាំ។
អង្គការវេជ្ជសាស្ដ្រនេះបាន និងកំពុងធ្វើការជាមួយអង្គការផ្សេងៗគ្នាដូចជា Happy Cambodian Children និងអង្គការផ្សេងៗទៀតដោយមានសាលារៀននិងមេភូមិ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការនាំយកសេវាថែទាំសុខភាពទៅដល់កុមារមូលដ្ឋាន។

បុគ្គលិកពេទ្យរបស់ចេនឡា ពុះពារធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាលដើម្បីទៅជួបកុមារដែលរស់នៅដោយគ្មានអគ្គិសនីនៅចម្ការ និងឆ្ងាយពីភូមិប្រពៃណីជនជាតិវៀតណាមដែលកើតក្នុងប្រទេសកម្ពុជា និងមិនមានសញ្ជាតិផ្លូវការ ជនជាតិដើមភាគតិច ដូចជាជនជាតិចាម កួយ ព្នង ដែលតាមប្រពៃណីមិនទទួលបានសេវារបស់រដ្ឋាភិបាលឡើយ។
មិនត្រឹមតែផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារទៅកាន់តំបន់ដាច់ស្រយាលខ្លាំងប៉ុណ្ណោះទេ មណ្ឌលថែទាំសុខភាពកុមារចេនឡាក៏ជាមជ្ឈមណ្ឌលសម្រាប់គ្រូពេទ្យកុមារដើម្បីទទួលបានបទពិសោធន៍ និងជួយសង្គមផងដែរ។
វេជ្ជបណ្ឌិត លុច ស្រីល័ក្ខ បានទទួលការបណ្តុះបណ្តាលដំបូងនៅមន្ទីរពេទ្យកុមារអង្គរ ហើយបន្ទាប់មកបានក្លាយជាគ្រូពេទ្យកុមារនៅមន្ទីរពេទ្យខេត្តក្រចេះ ជិតស្រុកកំណើតនៅស្នួល។
ស្រី ល័ក្ខ បានឱ្យដឹងថា៖ «ខ្ញុំចូលចិត្តធ្វើការនៅមណ្ឌលសុខភាពកុមារចេនឡានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ព្រោះកន្លែងនេះអនុញ្ញាតឱ្យខ្ញុំធ្វើការជាមួយនឹងជំនាញចំណង់ចំណូលចិត្តនិងចំណេះដឹងរបស់ខ្ញុំ។ ចេនឡាតែងតែគាំទ្រខ្ញុំ និងបុគ្គលិកផ្សេងទៀតសម្រាប់អ្វីៗទាំងអស់ ដែលយើងត្រូវការដើម្បីកែលម្អការថែទាំកុមាររបស់យើង»។
វេជ្ជបណ្ឌិត រូបនេះបានបន្ដថា៖«ខ្ញុំមានមោទនភាពនិងសំណាងណាស់ដែលបានចេនឡាស្ថិតនៅស្រុកកំណើតរបស់ខ្ញុំ។ចេនឡាជាគំរូដ៏ល្អសម្រាប់ខេត្តនិងជាមណ្ឌលសុខភាពដ៏ល្អទាក់ទងនឹងបច្ចេកទេសនិងបរិយាកាសការងារ»។
អ្នកស្រី ឡូរី បាននិយាយថា ទាំងកង្វះបុគ្គលិកនិងតម្រូវការសម្រាប់ម៉ាស៊ីនខ្យល់បន្ថែមទៀតគឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់អ្នកជំងឺក្នុងអំឡុងពេលកូវីដ១៩រាតត្បាតខ្លាំងបំផុត។ការកសាងទំនុកចិត្តនៅក្នុងសហគមន៍និងការផ្តល់ការអប់រំដល់ពួកគេក៏ជាបញ្ហាប្រឈមដែលពួកគេមិនខ្លាចនឹងជម្នះ។
អ្នកស្រីបន្ថែមថា៖ «យើងជឿជាក់ថា អនាគតកាន់តែមានកិច្ចសហប្រតិបត្តិការខ្លាំងឡើងរវាងវិស័យរដ្ឋាភិបាលនិងវិស័យសប្បុរសធម៌ ដើម្បីផ្តល់ការថែទាំសង្គ្រោះជីវិតដល់ទារកទើបនឹងកើតនិងកុមារកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា។ យើងជឿថា មិនគួរជាតួនាទីរបស់នរណាផ្ដាច់មុខឡើយនៅពេលនិយាយអំពីការជួយកុមារដែលមានតម្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ។ ចេនឡារីករាយចំពោះតួនាទីដ៏តូចរបស់យើងក្នុងកិច្ចសហការនេះហើយយើងមានការរំភើបចំពោះការប្តេជ្ញាចិត្ត និងការចូលរួមដ៏សំខាន់របស់រាជរដ្ឋាភិបាល»៕
សម្រាប់ព័ត៌មានលម្អិតអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុក @chenlachildren.cch ឬគេហទំព័រ៖ www.chenlachildrens.org/។