ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ២ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៣ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទៀតឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករានេះ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់បន្ថែមទៀត ដែលសុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ អ្នកទាំង២នាក់នេះ មានម្នាក់ត្រូវបានរកឃើញក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស និងម្នាក់ទៀត ជាករណីនាំចូលមកពីក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី ចំនួន៣នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែមករានេះ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៦៧៩នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦១៤នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៣នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន១៦ ៨៥២នាក់៕