
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសមភាគីរុស្សុី នៅក្នុងកិច្ចប្រជុំនាពេលកន្លងមក។ រូបថត ស្ថានទូតរុស្សុី
ភ្នំពេញៈ សមាគមនិស្សិតខ្មែរស្តីពីអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានប្រកាសជូនដំណឹងផ្តល់អាហារូបករណ៍ចំនួន ៤០ កន្លែង នៅឆ្នាំ ២០២៣-២០២៤។ នេះបើតាមការបញ្ជាក់របស់មន្ត្រីស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា និងសេចក្តីជូនដំណឹងរបស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។ អាហារូបករណ៍នេះសម្រាប់សិស្ស និស្សិតកម្ពុជា មកសិក្សានៅសហព័ន្ធរុស្ស៊ី មានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ជំនាញឯកទេស (Specialist) និងថ្នាក់បណ្ឌិត។ ការដាក់អាហារូបករណ៍នេះនឹងផុតកំណត់នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។
យោងតាមលិខិតដដែល ក្នុងចំណោមអាហារូបករណ៍ទាំង ៤០ កន្លែង ការផ្តល់ ១ កន្លែង សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើជំនាញសិល្បៈ វប្បធម៌ តូរ្យតន្ត្រី ចម្រៀង ភាពយន្ត និង ៦ កន្លែងសម្រាប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ ព្រមទាំង៣៣កន្លែងផ្សេងទៀត សម្រាប់ការសិក្សាជំនាញទូទៅ ដូចជា ពេទ្យ វិស្វកម្មអគ្គិសនី វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង បច្ចេកវិទ្យាព័ត៌មាន (IT) ច្បាប់ បរិស្ថាន កសិកម្ម ជាដើម។
នៅពេលបច្ចុប្បន្ន និស្សិតកម្ពុជាដែលកំពុងសិក្សាលើជំនាញផ្សេងៗនៅសហព័ន្ធរុស្ស៊ីមានចំនួន ៧៧ នាក់ ប្រុស ៥៨ នាក់ ស្រី ១៩ នាក់។ នេះបើយោងតាមតួលេខដែលផ្តល់ដោយសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។
និស្សិតស្រីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ីនៃឆ្នាំសិក្សា ២០២២-២០២៣ ឈ្មោះ វ៉ន វណ្ណរ័ត្ន ដែលកំពុងសិក្សា និងស្នាក់នៅទីក្រុង Saint Petersburg បាននិយាយក្នុងវីដេអូចែករំលែក១ឃ្លីបថា ការដាក់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីមាន ៣ដំណាក់កាលសំខាន់ៗ ដូចជា ការបង្កើត ឬចុះឈ្មោះគណនីឱ្យបានមុនថ្ងៃទី ២០ ខែកុម្ភៈ និងការរៀបចំនិងដាក់ឯកសារពាក់ព័ន្ធនានារាប់តាំងពីលិខិតឆ្លងដែន រហូតដល់ព្រឹត្តបត្រពិន្ទុពាក់ព័ន្ធដែលតម្រូវ ហើយរាល់ឯកសារទាំងអស់ត្រូវយកទៅបកប្រែនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្រៅពីនោះ គ្រួសាររបស់អ្នកជាប់អាហារូបករណ៍ត្រូវត្រៀមចំណោយចន្លោះពី ២០០ ទៅ ៣០០ ដុល្លារ ក្នុង ១ ខែ សម្រាប់ការចំណាយប្រចាំថ្ងៃ។
យោងតាមការបញ្ជាក់របស់មន្ត្រីទទួលបន្ទុកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញ សហព័ន្ធរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សធម៌ ដោយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក មាននិស្សិតខ្មែរជាង ៨ ០០០ នាក់ បានបញ្ចប់ការសិក្សានៅសហព័ន្ធរុស្ស៊ី៕