ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ​បានណែនាំ​ដល់​អភិបាល​ខេត្ត​ ដែល​គ្រប់គ្រង​លើ​ក្រុង ​ស្រុក​ទាំងឡាយ​ ដែល​ទើប​ត្រូវបាន​បំបែក ​និង​បង្កើត​ថ្មី​ត្រូវ​សិក្សា ​និង​កំណត់​ទីតាំង​ជាក់​ស្តែង​នៃ​សាលាក្រុង ​ស្រុក​នីមួយៗ ​ក្នុង​នោះ​ត្រូវ​សិក្សា ​និង​សហការ​រៀបចំ​គម្រោង​ផែនការ ​និង​ថវិកា​សម្រាប់​ការសាងសង់​សំណង់​អគារ​រដ្ឋបាល ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ឱ្យបាន​សមស្រប​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​នានា​ជាយថា​ហេតុ។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ​ក្រសួង​មហាផ្ទៃ ​លោក ​ប្រាក់ សំអឿន ​ដែលបាន​ណែនាំ​បែប​នេះ ​នៅ​ថ្ងៃទី ២៥ ​ខែមករា ​ឆ្នាំ ២០២៣​ ខណៈ​លោក​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ ​ពិភាក្សា​លើ​ការរៀបចំ​មន្ត្រី ​បុគ្គលិក​ ក្នុង​រចនាសម្ព័ន្ធ ​នៃ​រដ្ឋបាល​ក្រុង ​ស្រុក​ ដែល​ទើប​បំបែក ​និង​បង្កើត​ថ្មី។

លោក​ ប្រាក់ សំអឿន ​បញ្ជាក់ថា ​អភិបាល​ខេត្ត​នីមួយៗ​ត្រូវ​សម្រប​សម្រួល ​និង​គាំទ្រ​ការអនុវត្ត​ការងារ​រៀបចំ​បញ្ជិកា ​បញ្ជីឯកសារ ​បញ្ជីមន្ត្រី​ បុគ្គលិក ​បញ្ជី​មន្ត្រី​កិច្ចសន្យា ​បញ្ជីថវិកា ​និង​សាច់ប្រាក់ ​និង​បញ្ជី​សារពើភណ្ឌ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ដែល​ផ្ទេរ​សិទ្ធិ ​និង​ការទទួល​ខុស​ត្រូវ​ពី​រដ្ឋបាល​ស្រុក​ បច្ចុប្បន្ន ​ទៅឱ្យ​រដ្ឋបាល​ក្រុង​ ស្រុក​បំបែក ​និង​បង្កើត​ថ្មី។

លោក​បញ្ជាក់ថា​៖«រដ្ឋបាល​ខេត្ត ​ត្រូវ​ធ្វើឱ្យ​រដ្ឋបាល​ក្រុង ​ស្រុក ​ដែល​បំបែក ​និង​បង្កើត​ថ្មី ​អាច​ដំណើរការ​ការងារ​របស់​ខ្លួន​ស្រប​តាម​ច្បាប់ ​និង​ត្រូវ​រៀបចំ​អង្គការ​ចាត់តាំង ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ឱ្យបាន​ត្រឹមត្រូវ ​ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ​ដើម្បី​ធានា​ដល់​ការចាប់​ផ្តើម​ដំណើរការ​នៃ​រដ្ឋបាល​ក្រុង​ ស្រុក ​ឱ្យ​រលូន ​និង​ជោគជ័យ»។

លោក​គង់ សោភ័ណ្ឌ ​អភិបាល​ខេត្តកណ្តាល ​ថ្លែងថា ​លោក ​នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ ​និង​មន្ត្រី​នៅ​មូលដ្ឋាន ​រៀបចំ ​សិក្សា ​ពិនិត្យ​ និង​កំណត់​គោលដៅ ​ទីតាំង ​និង​ផែនការ ​តាម​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ ​ដើម្បី​ធ្វើយ៉ាង​ណា ​ឱ្យទាំង​រដ្ឋបាល ​និង​មន្ត្រី​បម្រើ​ការងារ​ ឱ្យបាន​សមរម្យ។

រដ្ឋាភិបាល​កម្ពុជា ​កាលពី​ថ្ងៃ​ទី២៣ ​ខែធ្នូ ​ឆ្នាំ២០២២ ​បានសម្រេច​បង្កើត​ក្រុង​ថ្មី​ចំនួន​៣​បន្ថែម​ទៀត​ និង​ពង្រីក​ស្រុក​ថ្មី​ចំនួន​២បន្ថែម​ រួមមាន​ ក្រុង​សំពៅ​ពូន​ និង​ក្រុង​អរិយក្សត្រ​ ស្ថិត​ក្នុង​ខេត្តកណ្ដាល ​រីឯ​ក្រុង​ឧដុង្គម៉ែជ័យ​ ស្ថិត​ក្នុង​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ។​ ស្រុក​ឧដុង្គ​ ក៏​ត្រូវ​បាន​ពង្រីក​ស្រុក​១បន្ថែម​ទៀត​ដែរ​ គឺ​ស្រុក​សាមគ្គីមុនីជ័យ​  ខណៈ​ស្រុក​ថ្មី​១​ទៀត​ ត្រូវ​បាន​បង្កើត​នៅ​ខេត្ត