
សកម្មភាពចែកអំណោយរបស់មន្ដ្រីកាកបាទនៅខេត្តស្វាយរៀងកាលពីថ្ងៃ២៤ មករា ។ រូបថត កាកបាទក្រហមកម្ពុជា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ នេះ កាកបាទក្រហមកម្ពុជានឹងមិនមានការរៀបចំមីទ្ទីងថ្នាក់ជាតិដើម្បីប្រារព្ធខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៣ ឡើយ ប៉ុន្តែនៅរក្សាការអំពាវនាវកៀរគររកមូលនិធិដូចធ្លាប់បានធ្វើនៅក្នុងឆ្នាំមុនៗដដែល។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមករា ថា សម្រាប់ទិសដៅការងារឆ្នាំ២០២៣ គឺអ្វីដែលកាកបាទក្រហមកម្ពុជាគិតជាអាទិភាពនោះគឺការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា នេះតែម្តង។
លោកស្រីបានបញ្ជាក់ថា៖ «សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំ២០២១ និង២០២២កន្លងមក យើងមិនមានការប្រារព្ធមីទ្ទីងនោះទេ ដោយយើងគ្រាន់តែមានការអំពាវនាវរកមូលនិធិប៉ុណ្ណោះ ដោយសារយើងយល់ថាឆ្នាំនេះប្រទេសយើងជាម្ចាស់ផ្ទះនៃការការប្រកួតស៊ីហ្គេមផង ហើយមួយវិញទៀត ការចំណាយក៏អស់ច្រើន។អ៊ីចឹង!យើងគ្រាន់តែធ្វើការអំពាវនាវបន្តរកមូលនិធិផងដែរតែយើងក៏ត្រូវតែបង្ហាញពីសមិទ្ធផល និងលទ្ធផលការងាររបស់យើងផងដែរ»។
លោកស្រី ម៉ែន នារីសោភ័គ បានបន្ថែមថា កាកបាទក្រហមកម្ពុជានឹងបន្តអនុវត្តការងារនិងគម្រោងមួយចំនួនបន្តទៀតសម្រាប់ឆ្នាំ២០២៣នេះ ហើយសម្រាប់ឆ្នាំនេះដែរ កាកបាទក្រហមកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០និងវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នយ៍ដែលអាចនឹងប្រារព្ធឡើងនៅក្នុងខែកញ្ញា ឬដើមខែតុលា ខាងមុខ។
ទាក់ទងនឹងការមិនប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២៣ លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាបានលើកឡើងថា ទោះជាយ៉ាងណា កាកបាទក្រហមកម្ពុជាចាំបាច់ត្រូវមានប្រធានបទសម្រាប់យុទ្ធនាការផ្សព្វផ្សាយបំផុសការចូលរួមគាំទ្រដល់ សកម្មភាពមនុស្សធម៌ និងការរកមូលនិធិរបស់កាកបាទក្រហមកម្ពុជា។
លោកស្រី លើកឡើងដូចនេះក្នុងលទ្ធផលនៃកិច្ចប្រជុំលើកទី១ ស្ដីពីខ្លឹមសារខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២៣ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នយ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
នាកិច្ចប្រជុំនេះដែរ លោកស្រីបានដាក់ជូនអង្គប្រជុំពិភាក្សាសេចក្តីព្រាងប្រធានបទសម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២៣ គឺ«រួមគ្នា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម»។
លោកស្រី ឃួន សុដារី មានប្រសាសន៍ថា ៖ «ប្រធានបទនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជាក្នុងការបំផុសកម្លាំងមហាជនចូលរួមលុបបំបាត់វិសមភាពនៅក្នុងសង្គមដែលបង្កដោយជំងឺកូវីដ១៩ហើយនៅក្នុងដំណាក់កាលដែលប្រទេសបានបើកឡើងវិញលើគ្រប់វិស័យ កាកបាទក្រហមកម្ពុជាត្រូវចូលរួមចំណែកក្នុងការជួយដល់អ្នកងាយរងគ្រោះបំផុតដែលមាន ជីវភាពលំបាកដោយសារការបាត់បង់ការងារ បាត់បង់ចំណូល និងបញ្ហាសេដ្ឋកិច្ចដែលបង្កដោយសង្គ្រាម ដោយមិនទុកនរណាម្នាក់ចោល»។
យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងទៅ កាកបាទក្រហមកម្ពុជាបានជួយសម្រាលជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧៣ ១៣៤គ្រួសារ កសាងផ្ទះចំនួន១០៤ខ្នងនិងបណ្តុះបណ្តាលជំនាញនិងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារផ្សេងទៀត។
កាកបាទក្រហមកម្ពុជាបានជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងផ្ដល់ស្បៀងសម្រាលជីវភាពរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត ចំនួន១៨ ៥៣៩គ្រួសារ សង់ផ្ទះ១២ខ្នង និងផ្តល់ស័ង្កសីជួសជុលផ្ទះរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១ ២២៥គ្រួសារ។
របាយការណ៍ដដែលបានបន្តថា កាកបាទក្រហមកម្ពុជាបានផ្តោតលើវិស័យសំខាន់អាទិភាពចំនួន៤ សម្រាប់យុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ ក្នុងនោះមាន វិស័យអាទិភាពគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ,វិស័យអាទិភាព សុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍,វិស័យអាទិភាព លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនានិងវិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន៕