ភ្នំពេញៈ កម្ពុជា និង​បារាំង​បានរួម​គ្នា​កសាង​ឡើងវិញ​នូវ​ស្តូប​រំឭក​ដល់​កងជីវពល​កម្ពុជា​និង​បារាំង​ ១៨៤ ​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោកលើកទី​១ ​ពី​ឆ្នាំ ​១៩១៤ ដល់​ឆ្នាំ ​១៩១៨​ ដែល​ពេលនោះ​កម្ពុជា​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​បារាំង​ដែលមាន​សង្គ្រាម​ជាមួយ​ប្រទេស​អាល្លឺម៉ង់ ហើយ​យុវជន​កម្ពុជា​ប្រហែល​ ២​ ម៉ឺន​នាក់ ត្រូវបាន​បញ្ជូនទៅ​ចូលរួម​សកម្មភាព​សង្គ្រាម​នៅ​បារាំង​នាពេលនោះ​។​

​វិមាន ឬ​ស្តូប​រំឭក​ទាហាន​ពលី (Monuments aux Morts) នេះ មាន​កម្ពស់​សរុប​ ១២,៧៤ ​ម៉ែត្រ​ដែល​ត្រូវ​សង់​ឡើង​នៅ​ឧទ្យាន​ស្ថានទូត​បារាំង​ខាងត្បូង​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច និង​ខាងមុខ​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ​។​

​នេះ​ជាការ​សាងសង់​ឡើងវិញ​នូវ​វិមាន​រំឭក​ដល់​ការ​ពលី​ជីវិត​របស់​ពលទាហាន​កម្ពុជា​ជា​លើក​ទី ​២ លើ​ទីតាំង​ចាស់ ក្រោយ​រយៈពេល​ជិត​ ៥០ ​ឆ្នាំ​ដែល​របប ប៉ុល ពត បាន​បំផ្លាញ​វិមាន​ទី១ ក្នុងអំឡុង​ឆ្នាំ​ ១៩៧៧ ក្រោយ​ខ្លួន​ដណ្តើមបាន​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​ ១៩៧៥​។

​នៅ​ផ្នែក​ខាងលើ​បង្អស់​នៃ​វិមាន​រំឭក​ទាហាន​ពលី​របស់​កម្ពុជា​នេះ​នឹងមាន​តម្កល់​រូប​ទាហាន​ខ្មែរ និង​បារាំង​កម្ពស់​​ ៣,៣៩​ សាង​ពី​លង្ហិន ខណៈដែល​ផ្នែក​ខាងក្រោម​សាងសង់​ពី​បេតុង​ និង​ក្រាល​ថ្ម​ក្រា​នី​ត ព្រមទាំង​ដាក់​ស្លាក​ឈ្មោះ​ពលទាហាន​ទាំង​ជាង​ ១៨០ ដែលមាន​ទាំង​ទាហាន​បារាំង​ផង នៅតាម​ជញ្ជាំង​របស់​វិមាន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ ​២០២៣​។​

​បើតាម​លោក ជា សុផារ៉ា វិមាន​រំឭក​ពលទាហាន​កម្ពុជា​ពលី​ជីវិត​ក្នុង​សង្គ្រាមលោកលើកទី​១​ នេះ នឹងត្រូវ​ចំណាយពេល​សាងសង់​រយៈពេល​ ៨ ​ខែ​។ វិមាន​នេះ​នឹង​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ដែលមាន​វ័យ​ចំណាស់​ជិត ៦០០​ ឆ្នាំ​ទៅហើយនោះ​ទទួលបាន​ត្រឡប់មកវិញ​នូវ​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដែល​បាន​បាត់បង់​ទៅជិត​ ៥០ ឆ្នាំ​កន្លងទៅ​។

​លោក​ជា សុផារ៉ា បាន​រំឭក​ឡើងវិញ​ថា វិមាន​លើក​ទី១ ត្រូវបាន​សម្ពោធ​លើក​ទី១​ នៅ​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ ១៩២៥ ត្រូវបាន​គេ​រៀបចំ​យ៉ាង​ឱឡារិក និង​ឧត្ដុង្គ​ឧ​ត្ត​ម​បំផុត​ជាមួយ​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​ព្រះស៊ីសុវត្ថិ និង​ទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន និង​ទេសាភិបាល​បារាំង​ប្រចាំ​នៅ​កម្ពុជា​។ កាលនោះ​ក៏មាន​ព្រះរាជ​ទាយាទ គឺ​ព្រះអង្គម្ចាស់ សុ​ស៊ីវ​ត្ថិ មុនី​វង្ស ផងដែរ​។ ការ​ប្រារព្ធ​ពិធី​សម្ពោធ​មាន​លក្ខណៈ​អធិកអធម​នាពេលនោះ​ដោយសារ​ការ​រំឭក​ដល់​ទាហាន​កម្ពុជា​ដែលមាន​វ័យក្មេង​។

​លោក ជា សុផារ៉ា ថ្លែងថា​៖ «​កងជីវពល​កម្ពុជា​ដែល​បាន​បញ្ជូន​ចេញទៅ​ច្បាំង​នៅក្នុង​ស្រុក​បារាំង​នា​សម័យ​កាលនោះ ភាគច្រើន​ជា​យុវជន គ្មាន​បទពិសោធន៍​នៅក្នុង​សង្គ្រាម និង​ត្រូវ​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​យ៉ាងខ្លាំង​លើក​ទី​១ ​នៅក្នុង​ជីវិត​របស់​ពួកគេ​»​។

​ថ្លែង​ក្នុងឱកាស​នោះ លោក អូ​លី​វី​យេ បិ​ច (Olivier Becht) រដ្ឋមន្ត្រី​ប្រតិភូ​អម​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស បាន​ថ្លែងថា កាយវិការ​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ជម្រៅ​នៃ​ទំនាក់ទំនង​ដែល​ផ្សារភ្ជាប់​ប្រទេស​ទាំង​ ២ ក៏ដូចជា ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​ទាំង​ ២ ​មាន​រួមគ្នា ដែល​គិត​មកដល់ពេលនេះ​មាន​រយៈពេល ​១៦០ ​ឆ្នាំ​ហើយ​។

​លោក​បាន​អះអាងថា យុទ្ធជន​កម្ពុជា​ប្រមាណ​ ២ ​ម៉ឺន​នាក់ បាន​ចូលរួម​ក្នុង​សង្គ្រាម​ដែល​ ១០០ ​ឆ្នាំ​ក្រោយមក យើង​នៅ​បន្ត​ហៅថា មហាសង្គ្រាម​ឬ​សង្គ្រាមលោកលើកទី​១​។ នៅទីនេះ ខ្ញុំ​សូម​ឧទ្ទិស​ក៏ដូចជា​សម្តែង​នូវ​សេចក្តី​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​យុទ្ធជន ក៏ដូចជា​មិត្ត​រួម​អាវុធ​របស់​ពួកគេ​។​

​យុទ្ធជន​មួយចំនួន ត្រូវបាន​បញ្ជូនទៅ​ប្រទេស​បារាំង​ដើម្បី​បម្រើ​ការងារ​នៅតាម​រោងចក្រ និង​បំពេញការងារ​ផ្នែក​រដ្ឋបាល​។​អ្នក​ខ្លះទៀត​ចាប់តាំងពី​ឆ្នាំ​ ១៩១៦​ បាន​ចូលរួម​ក្នុង​កងវរសេនាតូច​ឥណ្ឌូចិន​ក្នុងនោះ​ក៏មាន គិលានុបដ្ឋាក និង​អ្នកបើកបរ​រថយន្ត​ផងដែរ​។ ចាប់តាំងពី​ឆ្នាំ​ ១៩១៦ ​នោះមក ពួកគេ​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​បូព៌ា​នៅ Chemin des Dames ឆ្នាំ​ ១៩១៧ និង​នៅ​Vosges ក្នុង​ឆ្នាំ​ ១៩១៨​។​

​លោក​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ពិតជា​មានការ​រំភើប​ចំពោះ​ការសម្រេចចិត្ត​ដ៏​មាន​អត្ថន័យ​ក្នុងការ​សាងសង់​វិមាន​នេះ​ឡើងវិញ ដោយសារ​ទីនេះ​ជា​កន្លែង​មួយ​ដែល​រំឭក​ពី​ប្រវត្តិសាស្ត្រ​រួម ក៏ដូចជា​គូសបញ្ជាក់​ជាថ្មី​ពី​គុណ​តម្លៃ​ដែល​យើង​មាន​រួមគ្នា​»​។

​លោក​រដ្ឋមន្ត្រី​បន្តថា​៖ «​ការសម្រេចចិត្ត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​កាយវិការ​ដ៏​ឧ​ត្ត​ម​មួយ​ក្នុងការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់​របស់​យុទ្ធជន​កម្ពុជា និង​បារាំង​ដែល​បាន​ពលី​ក្នុងការ​ប្រយុទ្ធ និង​ការតស៊ូ​ដើម្បី​ប្រទេស​បារាំង ហើយ​ការ​នេះ​មាន​សារៈសំខាន់​ចំពោះ​រូបខ្ញុំ​ដែលជា​តំណាង​រដ្ឋាភិបាល​បារាំង ក្នុងការ​រំឭក​អំពី​រឿងនេះ​។ តាមរយៈ​សេចក្តីក្លាហាន​របស់​ពួកគេ​ធ្វើឱ្យ​យើង​ទទួលបាន​ជ័យជម្នះ​នៅ​ឆ្នាំ​ ១៩១៨​។

​ចំពោះ​ឈ្មោះ​នីមួយៗ​នៃ​យុទ្ធជន​ទាំងនេះ ត្រូវបាន​ឆ្លាក់​នៅក្នុង​ថ្ម​ម៉ាប​ដែលមាន​ពណ៌​ផ្កាឈូក ពោលគឺ​មានឈ្មោះ​យុទ្ធជន​ចំនួន​ ១៨៤ ​នាក់​ដែល​ត្រូវបាន​ចារ​លើ​ថ្ម​ម៉ាប​ខាងលើ ក្នុងនោះ​មាន ​៣៣ ​នាក់​ជា​ជនជាតិ​បារាំង និង​ ១៥១ នាក់​ជា​ជនជាតិ​កម្ពុជា​។ ពួកគេ​ទាំងអស់​បាន​ពលី​ជីវិត ដើម្បី​ប្រទេស​បារាំង​៕