បាត់ដំបងៈ គម្រោង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ស្ថិតនៅក្នុង​ក្រោម​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ខេត្ត ( Provincial water supply and Sanitation project ) ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​សហ​ហិរញ្ញប្បទាន​ដោយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ព្រមទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ស្ថិតក្នុង​ភូមិ​កំពង់​សី​មា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ឆ្ងាយៗ​។​

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ថ្មី នេះ​ថា បន្ទាប់ពី​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នេះ​សាងសង់​រួច សេវា​ផ្គត់ផ្គង់​ទឹកស្អាត កាន់តែ​ត្រូវ បាន​ពង្រីក​វិសាលភាព បណ្តាញ​ចែកចាយ​កាន់តែ​ទូលំទូលាយ​បាន​មួយកម្រិតធំ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ប្រមាណ ៥០ ០០០ ​ម៉ែត្រត្រីគុណ​ ក្នុង​ ១ ថ្ងៃ ហើយ​នៅ​ទីប្រជុំជន ក្រុង​បាត់ដំបង​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ ១០០% ក្នុង​ឆ្នាំ​ ២០២៥​។​

លោក​បន្តថា បច្ចុប្បន្ន​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ជាង​ ៣ ​ម៉ឺន​ម៉ែត្រត្រីគុណ ​ក្នុង ​១ ថ្ងៃ ដែលមាន​ប្រជាជន​សរុប​ក្នុង​តំបន់​សេវាកម្ម​ជាង​ ២៥ ​ម៉ឺន​នាក់ ហើយ​ការផ្គត់ផ្គង់​ទឹកស្អាត​បានត្រឹមតែ​ ៦៨,៧៥% ប៉ុណ្ណោះ​។​

បើតាម លោក ចម ប្រសិទ្ធ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គឺ មនុស្ស ,​ទឹក ,​ភ្លើង ,​និង​ផ្លូវ ដែល​ជាក់ស្តែង​រដ្ឋបាល​ខេត្តបាត់ដំបង​បានចាប់ផ្តើម​ដំណើរការ​សាងសង់​ប្រព័ន្ធ​ទឹកស្អាត​ ១ ដែលមាន​សមត្ថភាព​ផ្គត់ផ្គង់ ៥០ ០០០​ ម៉ែត្រគុប​ ក្នុង​ ១ ថ្ងៃ ហើយ​នេះ​ជាការ​បង្កើត​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹកស្អាត​ខ្នាត​ធំ ​១​ ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ខេត្តបាត់ដំបង​។​

លោក​បាន​ថ្លែងថា៖ «​មាន​ទឹកស្អាត​ទើប​មានការ​អភិវឌ្ឍ ផ្តើមចេញពី​ការផ្គត់ផ្គង់​ទឹកស្អាត​បាន​គ្រប់គ្រាន់​នេះហើយ ទើប​អាចជួយ​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​យើង ហើយ​យើង​មានលទ្ធភាព​អភិវឌ្ឍមូលដ្ឋាន​ឃុំ​សង្កាត់ គ្រប់ ក្រុង ស្រុក ខេត្ត​របស់​យើង​បាន ក៏ដូចជា​សមិទ្ធផល​ថ្មី​នេះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​»​។​

លោក ខន ណា​រិ​ទ្ធិ មន្ត្រី​នៃ​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តបាត់ដំបង ក៏បាន​ថ្លែង​ដែរ​ថា គម្រោង​នេះ ជា​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​បារាំង (AFD) ដែលមាន​ទឹកប្រាក់​ប្រហែល​ជាង ៣៣,៦ លាន​ដុល្លារ​អាមេរិក​ ដែល​ត្រូវ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នេះ​។​

លោក​ថា វា​មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៥០ ០០០ ម​៣/​ថ្ងៃ ស្ថានីយ​បូមទឹក​ឆៅ និង​ពង្រីក​បំពង់​មេ​បញ្ជូន​ទឹកស្អាត​ប្រវែង ៩៣ គីឡូម៉ែត្រ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន The China Civil Engineering Construction Corporation (CCECC) និង​មានការ​តាមដាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស នៃ​ការអនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន PIAC​។​

​លោក​ ខន ណា​រិ​ទ្ធិ បាន​បន្តថា ៖ «​គម្រោង​នេះ មាន​គោលដៅ​បំពេញបន្ថែម​នូវ​តម្រូវការ​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​ការខ្វះខាត សម្រាប់​ក្រុង​បាត់ដំបង​ទាំងមូល និង​តាម​ឃុំ នានា របស់​ស្រុក​២ គឺ​ស្រុក​ថ្មគោល និង​ស្រុក​សង្កែ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ក្រុង​បាត់ដំបង ដែលជា​ការខិតខំ​ប្រឹង​ប្រែង​សម្រេច​ឲ្យ​បាន​នូវ​ផែនការអភិវឌ្ឍន៍​ផ្គត់ផ្គង់​ទឹកស្អាត ‘​ទឹកស្អាត​ដើម្បី​ទាំងអស់គ្នា​’ ជូន​ដល់​ប្រជាពលរដ្ឋ​តាម​ទីប្រជុំជន​ឲ្យ​បាន ១០០% នៅត្រឹម​ឆ្នាំ​ ២០២៥៕