
គ្រូពេទ្យកម្ពុជានិងអាមេរិកពេលចុះបំពេញការងារកាលពីថ្ងៃទី ២៣ មករា។ រូបថត មន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី
ភ្នំពេញៈ ក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមករា ក្រុមគ្រូពេទ្យឯកទេសវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ទូទៅមកពីសហរដ្ឋអាមេរិកបានពិនិត្យអ្នកជំងឺ ៨៦ នាក់ និងវះកាត់បានចំនួន ៥៨ នាក់ លើជំងឺ ពោះវៀន ឫសដូងបាត បូសអន្ទង់ ដុំពកក និងមុខមាត់ ជាដើម។
លោកវេជ្ជបណ្ឌិត ម៉ុក ធាវី នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងនៅថ្ងៃទី ២៦ ខែមករាថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ទូទៅមកពីសហរដ្ឋអាមេរិក (Surgeons for Cambodia) បានបើកការពិនិត្យពិគ្រោះនិងព្យាបាលជំងឺធ្ងន់ៗជូនប្រជាពលរដ្ឋដោយប្រើឧបករណ៍ឆ្លុះឡាប៉ារ៉ូស្តូបពិកពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺមួយចំនួនដូចជា ពោះវៀន ឫសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលម្អពិការដៃ និងមុខមាត់។
លោកបន្តថា ការពិនិត្យពិគ្រោះ និងធ្វើការវះកាត់នេះធ្វើឡើងដោយមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋក្រីក្រហើយកម្មវិធីនេះបានធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ ដោយពិនិត្យអ្នកជំងឺសរុបបានចំនួន ៨៦ នាក់ និងវះកាត់បាន ៥៨ នាក់។ លោកបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលបានពិនិត្យមានអ្នកជំងឺមួយចំនួនមិនតម្រូវឱ្យវះកាត់ទេ ដោយសារស្ថានភាពអ្នកជំងឹត្រូវប្រើលេបថ្នាំព្យាបាល។
លោកថ្លែងថា៖ «អ្នកជំងឺត្រូវវះកាត់គាត់បានត្រឡប់ទៅផ្ទះវិញហើយ នៅសល់តែអ្នកជំងឺខ្លះដែលនៅបន្តព្យាបាលប្រហែលជា ២-៣ ថ្ងៃទៀត គាត់អាចនឹងជាសះស្បើយ ហើយអាចត្រឡប់ទៅវិញហើយ។ការវះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិកអាចលឿនទេជំងឺខ្លះយើងវះកាត់ថង់ទឹកប្រមាត់អី គឺតែ ១ ថ្ងៃទេ គាត់អាចត្រឡប់ទៅផ្ទះបានហើយ»។
លោកនាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិករបស់អង្គការ Surgeons for Cambodia បានផ្តល់សម្ភារវះកាត់ ព្រមទាំងផ្តល់គ្រែ និងសម្ភារវះកាត់ផ្នែកកូនក្មេង រួមនឹងសម្ភារផ្សេងៗទៀតជាបន្តបន្ទាប់ ក្នុងពេលកន្លងមក ហើយនៅឆ្នាំ ២០២៣ នេះ បានផ្តល់ម៉ាស៊ីនឆ្លុះឡាប៉ារ៉ូស្តូបពិកចំនួន ៤ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកវេជ្ជបណ្ឌិត ម៉ុក ធាវី ប្រាប់ថា កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិកនេះ គឺដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកនិងជំរុញការអភិវឌ្ឍនៃវិស័យវេជ្ជសាស្ត្រកម្ពុជាឱ្យមានស្តងដាអន្តរជាតិ។
លោកថ្លែងថា៖ «ខ្ញុំជឿថា បច្ចុប្បន្ននេះបើគិតពីចំណេះដឹង គឺគ្រូពេទ្យយើងមានសមត្ថភាពមិនចាញ់គ្រូពេទ្យបរទេសទេ យើងអាចនឹងមានបទពិសោធន៍ប្លែកៗ ល្អៗដែលគ្រូពេទ្យបរទេសតែងតែចង់ចូលរួមធ្វើការជាមួយយើង ហើយរាជរដ្ឋាភិបាលតែងគិតគូរបំពាក់សម្ភារផ្សេងៗដែលខ្វះខាត ធ្វើយ៉ាងណាឱ្យមានដូចបណ្តាប្រទេសអាស៊ានទាំងអស់»។
លោក Elliott Brender ស្ថាបនិករបស់អង្គការ SFC (Surgeons for Cambodia) ប្រចាំនៅសហរដ្ឋអាមេរិក បានលើកឡើងថា សកម្មភាពថ្ងៃនេះគឺជាបេសកកម្មលើកទី១១ ដោយចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ ដែលក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកបានចុះមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជាដោយឥតគិតថ្លៃ។
លោកបន្តថា បេសកកម្មលើកទី១១ នេះ ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យ ពិគ្រោះព្យាបាលជំងឺ នៅតាមរាជធានី-ខេត្តចំនួន ៤ គឺទី១. វះកាត់ ព្យាបាល នៅខេត្តសៀមរាប ទី២. ខេត្តបាត់ដំបង, ទី៣. ខេត្តព្រះសីហនុ និងទី៤. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ថែទាំសុខភាព និងបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជាឱ្យមានជំនាញឯកទេស ព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិក (Laparoscopic) វះកាត់ពោះវៀន ឫសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលម្អពិការដៃ មុខមាត់៕