ភ្នំពេញៈ បេឡា​ជាតិ​សន្តិសុខ​សង្គម​ (ប.ស.ស.)​ ណែនាំឱ្យ​បណ្តា​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ទាំងអស់​បំពេញ​កាតព្វកិច្ច​បញ្ចូល​ទិន្នន័យ​នៃ​ការប្រើប្រាស់​សេវា​ព្យាបាល ​និង​ថែទាំ​វេជ្ជសាស្ត្រ​របស់​សមាជិក ​ចូលទៅ​ក្នុង​ប្រព័ន្ធ​ទូទាត់ ​ឱ្យបាន​ទាន់ពេល​ ខណៈ​មូលដ្ឋាន​សុខាភិបាល ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប.ស.ស. ​ទាំង​ផ្នែក​ហានិភ័យ​ការងារ ​និង​ផ្នែក​ថែទាំ​សុខភាព​ មាន​ជិត​ ២ ០០០ មូលដ្ឋាន។

សេចក្តី​ណែនាំ​របស់​ប.ស.ស.​ចុះ​ថ្ងៃទី ២៤ ​មករា ​បញ្ជាក់ថា ​ដើម្បី​អភិវឌ្ឍ ​និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការទូទាត់​ថ្លៃ​សេវា​ព្យាបាល ​និង​ថែទាំ​វេជ្ជសាស្ត្រ​ជូន​មូលដ្ឋាន​សុខាភិបាល ​និង​សមាជិក ​ប.ស.ស.​ តាម​ខែ​នីមួយៗ​ឱ្យបាន​ទាន់ពេលវេលា​ និង​ដើម្បី​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ និង​តាមដាន​ការចូល​ប្រើប្រាស់​សេវា ​និង​យន្តការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៃ​ការ​ចូល​​​ប្រើប្រាស់​សេវា​ប្រកប​ដោយ​ប្រសិទ្ធភាព ​បេឡា​ជាតិ​សន្តិសុខ​សង្គម ​នឹង​តម្រូវឱ្យ​មូលដ្ឋាន​សុខាភិបាល​ដៃគូ​ទាំង​អស់​​បញ្ចូល​ទិន្នន័យ​នៃ​ការប្រើប្រាស់​សេវា​ព្យាបាល ​និង​ថែទាំ​វេជ្ជសាស្ត្រ​របស់​សមាជិក​ ប.ស.ស. ​ចូលទៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​ថ្លៃ​សេវា ​ប.ស.ស. ​(HSPIS) ​ប្រចាំថ្ងៃ​ជា​កំហិត ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី១ ​ខែកុម្ភៈ ​ឆ្នាំ ២០២៣​ តទៅ។

ប.ស.ស.​បញ្ជាក់ថា​៖ «ក្នុង​ករណី​ដែល​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ​និង​ឯកជន​ជា​ដៃគូ ​ប.ស.ស.​ណាមួយ​ខកខាន​មិនបាន​អនុវត្ត​តាម​សេចក្ដីណែនាំ​នេះ ​ប.ស.ស. ​នឹងមិន​ទទួល​ខុសត្រូវ​ចំពោះ​ការយឺតយូរ​ក្នុង​ការទូទាត់​សំណង​ជូន​មូល​ដ្ឋាន​សុខាភិបាល​ឡើយ»។

ប.ស.ស.​ បន្ថែមថា​៖ «បេឡា​ជាតិ​សន្តិសុខ​សង្គម ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ​និង​ឯកជន​ជា​ដៃគូ ​ប.ស.ស. ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន ​និង​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់»។

លោក ​ហេង ​សុផាន់​ណារិទ្ធ ​អគ្គនាយករង​ ប.ស.ស.​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៦​ មករា​ ថា ​សេចក្តីណែនាំ​នេះ ​គឺ​គ្រាន់​តែ​ចង់​ជំរុញ​ឱ្យ​មូលដ្ឋាន​សុខាភិបាល​ទាំងអស់​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​ទូទាត់​របស់ ​ប.ស.ស. ​ក្រោយពី​ ប.ស.ស.​ ទទួល​បាន​ការស្នើសុំ​ពី​បណ្តា​មូលដ្ឋាន​សុខាភិបាល​មួយចំនួន ​ដែល​អះអាងថា ​ប.ស.ស. ​បាន​ទូទាត់​ថវិកា​យឺត​យ៉ាវ។ ប៉ុន្តែ​ជាក់ស្តែង ​ការយឺតយ៉ាវ​ក្នុង​ការទូទាត់​ថវិកា​ប្រចាំថ្ងៃ​នេះ ​គឺ​បណ្តាលមក​ពី​កំហុស​ខ្លួន​គាត់​ដោយ​ផ្ទាល់ ​ដោយ​មិនបាន​បញ្ចូល​ទិន្នន័យ​របស់​អ្នកជំងឺ​ឱ្យបាន​ទាន់​ពេល​វេលា។

លោក​ថ្លែងថា​៖ «កន្លងមក​មាន​មូលដ្ឋាន​សុខាភិបាល​ស្ទើរតែ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ហើយ ​ដែល​គាត់​បាន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ ​មានន័យ ​គាត់​បានបញ្ចូល​ទិន្នន័យ​ឱ្យ​យើង​មែន។ ប៉ុន្តែ​ការបញ្ចូល​ទិន្នន័យ​នេះ ​គឺ​យឺតមានន័យ​ថា​ គាត់​មិនបាន​បញ្ចូល​ទិន្នន័យ​ឱ្យទាន់​ពេល​វេលា​ទេ»។

លោក​បន្តថា​៖ «ហើយ​នៅពេល​មាន​បញ្ហា​ទូទាត់​សំណង​ទៅវិញ ​បែរជា​មូលដ្ឋាន​សុខា​ភិបាល ​ប្រតិកម្ម​ថា​ ប.ស.ស.​ ទូទាត់​ឱ្យ​គាត់​យឺតយូរ។ ដូច្នេះ​ដើម្បី​កុំឱ្យ​មាន​ការរុញ​ដាក់គ្នា​ទៅវិញ​ទៅមក ​ទើប​យើង​ចេញ​សេចក្តី​ណែនាំ​នេះ»។

បើ​តាម​លោក​ហេង ​សុផាន់​ណារិទ្ធ ​គិត​មកដល់​បច្ចុប្បន្ន ​មូលដ្ឋាន​សុខាភិបាល ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប.ស.ស. ​គឺ​មាន​ប្រមាណ​ជិត​ ២ ០០០ មូលដ្ឋាន ​ដោយ​ក្នុងនោះ​ត្រូវបាន​បែងចែក​ជា ​២ ផ្នែក ​គឺ​មាន​ផ្នែក​ហានិភ័យ​ការងារ​ មាន​ចំនួន​ ៣២៦ មូលដ្ឋាន​សុខាភិបាល។ ក្នុង​នោះ ​មាន​ថ្នាក់ជាតិ​ចំនួន​ ៥ មូលដ្ឋាន​សុខាភិបាល ​កម្រិត​ CPA ១ CPA ២ ​និង ​CPA ៣ ​មាន​ចំនួន​ ១២២ មូលដ្ឋាន ​និង​កម្រិត​ថ្នាក់​មណ្ឌល​សុខភាព​មាន​ចំនួន​ ១២៣ ​ព្រមទាំង​ទាំង​គ្លីនិក​ឯកជន​មាន​ចំនួន ​៧៦ ​កន្លែង។

ចំណែក​ផ្នែក​ថែទាំ​សុខភាព ​គឺ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ផ្នែក​សុខាភិបាល​ចំនួន ​១ ៥០២ មូលដ្ឋាន​សុខាភិបាល​ ក្នុង​នោះ​មាន​ថ្នាក់​ជាតិ​ចំនួន​ ៦ មូលដ្ឋាន​សុខាភិបាល​ កម្រិត​ CPA ១ CPA ២ ​និង​ CPA ៣ ​មាន​ចំនួន​ ១២៣ មណ្ឌល​សុខ​ភាព​មាន​ចំនួន​ ១ ២៤២ មណ្ឌល ​និង​គ្លីនិក​ឯកជន​មាន​ចំនួន ​១៣១ កន្លែង ​ដោយ​គ្របដណ្តប់​ទូទាំង​ប្រទេស។

ជាមួយ​គ្នានេះ ​លោក​ ហេង ​សុផាន់ណារិទ្ធ ​អះអាងថា ​កាលពី​ថ្ងៃទី ២៤ ​មករា ​គ្រាន់តែ​ក្នុង​ ១ ថ្ងៃ​ មាន​សមាជិក ​ប.ស.ស.​ ចូលទៅ​ប្រើប្រាស់​សេវា​ចំនួន ​១១ ៩៨៦ ករណី ​ក្នុងនោះ​មាន​ស្ត្រី​ចំនួន ​៩ ១២១ ករណី។ ​ការបែងចែង​ការចូល​រួម​ប្រើ​ប្រាស់​សេវា​នេះ​ក្នុង​មូលដ្ឋាន​សាធារណៈ ​និង​ឯកជន ​គឺ​សេវា​ឯកជន ​មាន​ចំនួន​អ្នក​ចូលរួម​ប្រើប្រាស់​ច្រើន​ជាង​។

លោក​បញ្ជាក់ថា​៖ «ការចូល​ទៅ​ប្រើប្រាស់​សេវា​នេះ​នៅ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ ដែលជា​ដៃគូ ​គឺ​មាន ​១០ ៩៦៧ ​ករណី ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៨ ៧៣៤ ករណី។ រីឯ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជា​ដៃគូ​វិញ ​មាន​ត្រឹមតែ​ ១ ០១៩​ ករណី ​ក្នុង​នោះ​ស្ត្រី​មាន​ដល់​ទៅ​ ៣៨៧ ​ករណី»៕