
លោក ស៊ុន សុវណ្ណារិទ្ធិ និងលោក ផៃ ស៊ីផាន (កណ្ដាល)នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ មករា ។ រូបថត អង្គភាពអ្នកនាំពាក្យ
ភ្នំពេញៈ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៦ ខែមករា លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អះអាងថា នឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឱ្យបានត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ខាងមុខ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា ក្នុងខេត្តកំពង់ឆ្នាំងមាន ១១៩ ៥៤៨ ខ្នងផ្ទះ ស្មើនឹង ១៣៤ ៤៦៣ គ្រួសារ ក្នុងនោះបានសាងសង់បង្គន់ក្នុង ១ ផ្ទះបង្គន់ ១ រួចរាល់បាន ១០៦ ១៣៧ បង្គន់ ដែលមានបង្គន់ប្រើប្រាស់រួមមាន ១០ ៨៣៤ បង្គន់ និងបង្គន់ ដែលសាងសង់រួចក្នុងរយៈពេលជិត ១ ខែចុងក្រោយនេះ បានជាង ៣ ០០០ បង្គន់។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលជិត ១ ខែនេះ មានន័យថា បង្គន់ដែលយើងប្រជុំនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ វាមាននៅសល់បង្គន់ជាង ៤ ០០០ បង្គន់ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមកនេះ យើងបានសាងសង់ជាង ៣ ០០០ បង្គន់ហើយ អ៊ិចឹងនៅសល់ប្រហែល ១ ០០០ បង្គន់ទៀត យើងនឹងបញ្ចប់ជាស្ថាពរតាមផែនការខេត្ត គឺនៅថ្ងៃទី ៣១ ខែមករា ដើម្បីបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល»។
លោកអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងទៀតថា ទីតាំងដែលនៅសល់មិនទាន់បានធ្វើបង្គន់ច្រើនជាងគេ គឺនៅស្រុកកំពង់លែង ដោយសារប្រជាជននៅឃុំផ្លូវទូក ដែលជាប្រវត្តិសាស្ត្រពួកគាត់ធ្លាប់តែនៅលើទឹក ហេតុនេះនៅពេលពួកគាត់ឡើងមកនៅលើគោកគាត់មិនសូវទម្លាប់។ ម្យ៉ាងទៀតស្រុកនៅ មាន ៦ ខែទឹក និង ៦ ខែគោក ហេតុនេះផ្ទះពួកគាត់ខ្លះផុតទឹក ខ្លះមិនផុតទឹកហើយទីនោះជាតំបន់ដាច់ស្រយាលផងដែរ។
លោកបន្តថា ប្រជាជនដែលនៅច្រើនគឺស្ថិតនៅឃុំផ្លូវទូក និងសំរោងសែន ដែលឃុំសំរោងសែនមានផ្ទៃដីធ្វើផ្ទះតែ ១២ ហិកតាប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែជាតំបន់ធ្វើកសិកម្ម។ ម្យ៉ាងវិញទៀតតំបន់នោះជាតំបន់ ៣ ទាំងអស់ ទាំងឃុំផ្លូវទូក និងសំរោងសែន។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានចេញលិខិតសម្រេចធ្វើការកាត់ដីសម្រាប់ឃុំទាំង ២ នេះ ទី១ គឺសម្រាប់លំនៅឋាន និង ការបង្កបង្កើនផល។
លោកថ្លែងថា៖ «ឥឡូវនេះយើងកំពុងតែធ្វើបច្ចុប្បន្នភាពឡើងវិញ ដើម្បីកុំឱ្យចុះធ្វើទៅមានជួបបញ្ហាខ្លះ ជាមួយបងប្អូនប្រជាពលរដ្ឋ អ៊ីចឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាតឱ្យរដ្ឋបាលខេត្ត ជាមួយនឹងជំនាញមន្ទីរដែនដីក៏ដូចជាមន្ទីរ កសិកម្ម និងកងកម្លាំងចុះធ្វើជំរឿនដើម្បីពិនិត្យ ព្រោះកន្លែងខ្លះយើងត្រូវទុកពាក់ព័ន្ធដីមួយចំនួនណាជាបឹងបួ»។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានសម្តែងការសប្បាយរីករាយដែលក្នុងពេលរយៈពេលតែប្រមាណ ១ ខែ អាចធ្វើបង្គន់បានជាង ៣ ០០០ បង្គន់។ យ៉ាងណាក៏ដោយ ភាពជោគជ័យនេះ ដោយសារមានការជួយជ្រោមជ្រែងពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់។
លោកបញ្ជាក់ថា៖ «ការធ្វើបង្គន់នេះ ខុសពីការធ្វើបង្គន់មុនៗ យើងបើកយុទ្ធនាការពីថ្ងៃទី ៣ មករាមក យុទ្ធនាការនេះមានន័យថា ទាំងអភិបាលខេត្ត អភិបាលរងខេត្ត ទាំងចៅហ្វាយស្រុក ទាំងយុវជនសសយក ទាំងយុវជនផ្សេងៗទៀតបូកទាំងមន្ត្រីកងកម្លាំង ប្រដាប់អាវុធ ប្រជាការពារ មេភូមិ មេឃុំ ចុះទៅធ្វើផ្ទាល់ជូនគាត់តែម្តង»។
លោក ស៊ុន សុវណ្ណារិទ្ធិ គូសបញ្ជាក់ថា ការធ្វើបង្គន់បានលឿននេះ ដោយសារធ្វើស្របគ្នា មានន័យថា ៧១ ឃុំ គឺធ្វើទាំង ៧១ ឃុំ ដោយចុះធ្វើទាំងអស់គ្នានៅពេលដែលកម្លាំងណាមួយធ្វើហើយនៅទីតាំងណា គឺត្រូវដកកម្លាំងនោះទៅជួយឃុំផ្សេងៗទៀត។ យ៉ាងណាក៏ដោយ នៅពេលសម្រុកធ្វើបានលឿន បែរជាមានបញ្ហាខ្វះចានបង្គន់ទៅវិញ ដោយសារការកុម្ម៉ង់ទិញចានបង្គន់ច្រើនពេកក្នុងពេលតែមួយ អ្នកផលិត ធ្វើមិនទាន់៕