ភ្នំពេញៈ អ្នកជំនាញមកពី​គណៈកម្មការ​ទី៥ នៃរដ្ឋសភា​ តំណាង​គណៈកម្មការ​ពា​ក់​ព័ន្ធ​ និង​ក្រសួង​ព័ត៌មាន បាននិងកំពុង​រួមគ្នា​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​សារព័ត៌​មាននៅ​កម្ពុជា ខណៈ​ស្ថាប័ន​ទាំងនេះ​យល់ថា ព័ត៌មាន​គឺមាន​សារៈសំខាន់​បំផុត សម្រាប់​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​សតវត្សរ៍​ថ្មី​នេះ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ក្រោយពី​​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​រវាង គណៈកម្មការ​ទី៥ ជាមួយនឹង​ក្រសួង​ព័ត៌មាន កាល​ថ្ងៃទី ២៥ ខែមករា លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន (គណៈកម្មការ​ទី៥) នៃ​រដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន​នេះ​ ក្នុង​គោលបំណង​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​សារព័ត៌​មាននៅ​កម្ពុជា សំដៅ​លើកកម្ពស់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ។

លោក​បានឱ្យដឹង​បន្តថា៖ «កិច្ចពិភាក្សា​គ្នា​ក៏បាន​ផ្តោត​សំខាន់​លើ​ការពង្រឹង​គុណភាព និង​គុណ​តម្លៃ​របស់​សារព័ត៌​មាន និង​មធ្យោបាយ​សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យមាន​ក្រម​វិជ្ជាជីវៈ​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា​ដែល​អនុញ្ញាត ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ទទួលយក​ព័ត៌មាន​ ការទទួលខុសត្រូវ​ក្នុង​ការទទួល​ព័ត៌មាន​ស្របតាម​ច្បាប់​»។

ជាងនេះទៀត ប្រធាន​គណៈកម្មការ​ទី៥ រូបនេះ បានបញ្ជាក់​បន្ថែមថា ព័ត៌មាន​មាន​សារៈសំខាន់​បំផុត សម្រាប់​ការដឹកនាំ​នៅក្នុង​សតវត្សរ៍​ថ្មី ប៉ុន្តែ​ការផ្សព្វផ្សាយ​ព័ត៌មាន​ល្អ​គឺ​ជួយ​សង្គម ការផ្សព្វផ្សាយ​ព័ត៌មាន​មិនល្អ ​គឺជា​ការជាន់ពន្លិច​សង្គម។ ហេតុនេះ​តម្លៃ​នៃ​អ្នកសារព័ត៌មាន គឺ​ចាំបាច់​ត្រូវការ​សិក្សា​និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដើម្បី​រាយ​ការ​ណ៍ព័ត៌មាន​ពិត ត្រឹមត្រូវ មិន​កុហក។

ថ្លែង​ក្នុង​សន្និសីទ​នោះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានលើកឡើង​​ថា វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​វិជ្ជាជីវៈ​សេរី ហើយ​ការធ្វើ​ព័ត៌មាន​ គឺជា​សិទ្ធិ​១​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ​បុគ្គល​ណា​ក៏​អាចធ្វើ​ព័ត៌មាន​បានដែរ។ ដោយឡែក ចំពោះ​កំហុស​ការផ្សាយ​ព័ត៌មាន​ កំហុស​វិជ្ជាជីវៈ និង​កំហុស​សីល​ធម៌ គឺ​ក្រសួង​មានតែ​វិធាន​ការអប់រំ និង​ណែនាំ​ជាធំ ខណៈ​ការអប់រំ​នេះ គឺ​ទាមទារ​ពេលវេលា​ផងដែរ។

លោក ខៀវ កាញារីទ្ធ​ បញ្ជាក់ថា៖«សព្វថ្ងៃនេះ យើង​មាន​សមាគម​អ្នកកាសែត​រហូត ៥៣ អ៊ីចឹ​ង​ក្រសួង​តែង​អំពាវ​នាវ​ឱ្យ​សមាគម​ទាំងនោះ ​ជួយ​ពង្រឹង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន។ ក្រសួង​ធ្វើបែបនេះ ដើម្បី​ផ្តល់​សិទ្ធិ​ដល់​សមាគម និង​ចង់ឱ្យ​សមាគម​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។ ប៉ុន្តែ​ករណី​មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​សរសេរ​ខុស ក្រសួង​តែង​សម្រួល​ឱ្យមាន​ការកែតម្រូវ និង​ដក​អត្ថបទ​នោះ​ចេញ ហើយ​ក្នុងករណី​មាន​អ្នកណា​យល់ឃើញថា​ ការ សរសេរ​ព័ត៌មាន​ប៉ះពាល់ដល់ខ្លួន គឺ​អ្នកនោះ​មាន​សិទ្ធិ​ប្តឹ​ង​ទៅ​តុលាការ​បាន»។

ត្រង់ចំណុច​នេះ លោក​រដ្ឋមន្ត្រីបញ្ជាក់​ថា សម្រាប់​ថ្ងៃ​អនាគត ក្រសួង​នឹង​រៀបចំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដើម្បីឱ្យ​សមស្រប​ទៅនឹង​បរិបទ​ជាក់ស្តែង​នៃ​សង្គមជាតិ​ផងដែរ។

សូម​បញ្ជាក់ដែរថា ការរីកចម្រើន​របស់​វិស័យ​ព័ត៌មាន ក្នុង​បរិបទ​នៃ​សម័យ​បច្ចេកវិទ្យា​ទំនើប បានធ្វើឱ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​សាធារណៈ និង​ឯកជន​នៅ​កម្ពុជា មានការ​កើនឡើង​ច្រើន​ទាំង​កាសែត វិទ្យុ ទូរទស្សន៍ និង​បណ្តាញ​ផ្សព្វផ្សាយ អន​ឡាញ។

ទន្ទឹមគ្នានេះ គណៈកម្មការទី៥ នៃ​​រដ្ឋសភា និង​ក្រសួង​ព័ត៌មាន ក៏បាន​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា ​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងអំឡុងពេល​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅក្នុង​ការងារ​គ្រប់គ្រង​ព័ត៌មាន​មិន​ពិត និង​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់លាស់​អំពី​បញ្ហា​ជំងឺ​កូ​វីដ១៩ ដោយ​បាន​​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង។

យ៉ាងណាមិញ ភាគី​ទាំង ២ ​ក៏បាន​លើកឡើង​អំពី​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​​ព័ត៌មាន ដែល​ច្បាប់​នេះ​គឺជា​ច្បាប់​ដ៏​សំខាន់ មាន​ភាពស្មុគស្មាញ និង​មានការ​ពាក់ព័ន្ធ​ ក្រសួង​ស្ថាប័ន​ជាច្រើន​ ដែល​ត្រូវធ្វើ​ការសិក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​បច្ចុប្បន្ន សេចក្តីព្រាងច្បាប់​នេះ ស្ថិតនៅ​ក្រសួងយុត្តិធម៌ កំពុង​ពិនិត្យមើល​លើ​ជំពូក​ស្ដីពី​ទោស​ប្បញ្ញត្តិ និង​មាន​គម្រោង​សម្រេច​ដាក់​ប្រើប្រាស់​ឱ្យបាន​នៅក្នុង​នីតិកាល​ទី៧ នៃ​រដ្ឋសភា នាពេល​ខាងមុខ៕