កំពង់ស្ពឺៈ ប្រជា​សហគមន៍មាន​​ជម្លោះ​ដីធ្លីដ៏​រ៉ាំរ៉ៃ​ ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ លី យ៉ុង​ផាត់ ​ក្នុង​ខេត្តកំពង់​ស្ពឺ បាន​លើក​គ្នា ជិត​ ១០០ នាក់ មក​ប្រមូលផ្ដុំ​គ្នានៅ​មុខ​ក្រសួង​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់ ក្នុងរាជ​ធានី​ភ្នំពេញ កាល​ពីព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​ ២០២៣ ដើម្បីស្នើសុំ​ឱ្យក្រសួង​នេះ ពន្លឿន​នីតិ​វិធី​ ដោះ​ស្រាយ​លើ​សំណុំរឿង​ដីធ្លី​របស់​ពួកគាត់​ឱ្យបាន​ឆាប់​។

លោក សឹង សុខុម តំណាង​ប្រជា​ពលរដ្ឋ​មក​ពីឃុំ​ត្រពាំង​ជង នៃ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិវាទដីធ្លី​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់​ ជាមួយក្រុម​ហ៊ុន​ចម្ការ​អំពៅ លី យ៉ុង​ផាត់ បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០១០មកម្លេ៉ះ ប៉ុន្ដែមិនទាន់​ការ​ដោះស្រាយ​នោះ​ទេ​។

លោក​សុខុម​ថ្លែង​ថា៖«ជាង​១០ឆ្នាំ​មក​នេះ យើង​ខ្ញុំជាពលរដ្ឋរង​គ្រោះ​ ទទួលបាន​ត្រឹម​តែពា​ក្យ​រង់​ចាំ និង​ការ​​សុំឱ្យ​ពួកយើ​ង​អត់​ធ្មត់​។ តើពួក​យើង​ត្រូវអត់​ធ្មត់​និង​រង់​ចាំ​ដំណោះស្រាយ​នេះដល់​ពេល​ណា? ហើយ​នេះ​ជាមូល​ហេតុ ដែល​យើង​ខ្ញុំ​មក​កាន់​ទីនេះ ដើម្បី​ជំរុ​ញ​ឱ្យក្រសួង ស្ថាប័ន​ជំនាញ​ទទួល​បន្ទុក​ដោះ​ស្រាយ​វិវាទ​ដីធ្លី ពន្លឿន​នីតិវិធី​ដោះ​ស្រាយ​សំណុំរឿង​របស់​ពួក​យើង​ឱ្យ​បាន​ឆាប់​»។

ស្រដៀង​គ្នា​នេះ អ្ន​ក​ស្រី ហាក់ អ៊ីន អាយុ​៦៨ឆ្នាំ មក​ពីឃុំរស្មី​សាមគ្គី ស្រុក​ឱរ៉ាល់​ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លើក​នេះ​មិន​ខុស​គ្នាកាល​ពីលើក​មុនៗ​នោះ​ទេ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ត្រី​នៃក្រសួង​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់ បាន​ប្រាប់​ឱ្យពួក​គាត់​វិល​ត្រឡប់​ទៅផ្ទះ​វិញ ហើយ​រង់​ចាំ​ដំណោះ​ស្រាយ​ពី​ថ្នាក់​ដឹកនាំ​។

អ្នកស្រី​បាន​បន្ត​ថា ពួកគាត់​មក​ប្រមូល​ផ្ដុំគ្នានៅ​មុខ​ក្រសួង​ដែនដី​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌសែន​សុខ រាជ​ធានី​ភ្នំពេញ​នេះ គឺដើម្បី​រង់​ចាំ​ជួបលោក​ស្រី នន់ ភានី អនុ​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លីថ្នាក់​ជាតិ  ដើម្បី​សុំឱ្យគាត់​ជួយអន្តរាគ​មន៍ ពន្លឿន​និតិវិធី​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ឱ្យបាន​ឆាប់​ ព្រោះការ​ធ្វើ​ដំណើរឡើង​មករាជ​ធានី​ភ្នំពេ​ញ មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ទេ សម្រាប់​ពួក​គាត់​ជាពលរដ្ឋ​រងគ្រោះ ដែល​តវ៉ា​ទាមទារ​ដំណោះស្រាយ​ក្នុង​ជម្លោះ​ដីធ្លីបែប​នេះ។

អ្នក​ស្រី អ៊ីន បាន​បញ្ជាក់​ថា៖«យើង​ខ្ញុំ​មកនេះ គឺ​ចង់​ជួប​លោក​ជំទាវ នន់​ ភានី ដើម្បី​សុំឱ្យគាត់​ជួយ​អន្តរា​គមន៍​ពន្លឿន​នីតិវិធី​ដោះ​ស្រាយ​វិវាទដីធ្លី​របស់​ពួកយើ​ង​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ លី យ៉ុង​ផាត់ ឱ្យ​បាន​ឆាប់ ព្រោះពួក​យើង​ត្រូវ​ការ​ដីបង្ក​បង្កើន​ផល​ សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារ​»។

លោក ញ៉ិល ភាព អ្នក​សម្រប​សម្រួល​ការងារ​សហ​គមន៍ នៃសម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា ជីវភាព​រស់​នៅ​របស់​ប្រជា​កសិករ គឺ​អាស្រ័យ​លើ​ដី​កសិកម្ម ហេតុដូ​ច្នេះ អាជ្ញាធរ​គួរ​តែ​ពិនិត្យ​ទៅលើ​ផល​ប៉ះពាល់​ជាក់​ស្ដែង និង​ផ្ដល់​ដំណោះ​ស្រាយ​ឱ្យបាន​សមស្រប និង​ឆាប់​រហ័ស ដើម្បី​ពួក​គេ​​ទទួល​បាន​ដី សម្រាប់​ការ​បង្ក​បង្កើន​ផល​ដោយ​ស្រប​ច្បាប់​។

លោក​ថ្លែង​ថា៖«ដី​កសិកម្ម គឺ​ជាអាយុ​ជីវិត​របស់​ប្រ​ជា​កសិករ។ វិវាទដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំអម​លាំង ឃុំត្រពាំ​ង​ជោរ និង​ឃុំ​រស្មីសាមគ្គី នៃស្រុក​ថ្ពង និង​ស្រុកឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ លី យ៉ុង​ផាត់ បាន​កើត​ឡើង​ជាង​១០​ឆ្នាំ​មក​ហើយ។ នៅពេល​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ គួរដល់​ពេល​ ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នេះ ហើយ​ប្រគល់​ដីធ្លីជូន​ដល់​ពល​រដ្ឋ ដើម្បី​បាន​បង្កបង្កើនផល​ឡើង​វិញ»​។

ជុំវិញ​ករណី​នេះ លោក សេង ឡូត អ្នក​នាំ​ពាក្យ ក្រសួង​ដែន​ដីនគរូបនី​យកម្ម និងសំណង់ មិនអាច​ទាក់ទង​ស្នើ​សុំការ​អត្ថាអធិប្បាយបា​នទេ កាល​ពីថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣។

ទោះ​យ៉ាង​ណា លោក អុល សុខ​យស អនុ​ប្រធាន​នាយក​ដ្ឋានរដ្ឋ​បាល នៃអគ្គ​នាយក​ដ្ឋាន​​រដ្ឋបា​ល​​ក្រសួង​​រៀបចំដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ បាន​ចេញមក​ប្រាប់ក្រុម​អ្នកភូមិ​ទាំងនោះ​ថា លោក​ស្រី នន់ ភានី បាន​ចុះ​បេស​កកម្ម​ការងារ​ទៅតាម​បណ្ដា​ខេត្ត និង​ប្រាប់ឱ្យ​អ្នកភូមិ​ទាំង​នោះ​ត្រឡប់​ទៅផ្ទះវិ​ញ ដើម្បី​កុំឱ្យ​ខាត​ពេល​វេលា និង​លុយ​កាក់​ ក្នុង​ការ​ចំណាយ​លើការ​ស្នាក់​នៅ ក្នុង​រាជធានី​ភ្នំពេញ​។

លោក​មាន​ប្រសាស​ន៍ថា៖​«សំណុំរឿង​ដីធ្លី​របស់​បងប្អូន ​ក្រសួង​កំពុង​ដំណើរការ​នីតិវិធី​ដោះស្រាយ​ហើយ យ៉ាង​យូរ​នៅ​ដើម​ខែកុម្ភៈខាង​មុខ​នេះ ក្រសួងនឹង​ជូន​ដំណឹង​ឱ្យបង​ប្អូន​បាន​ដឹង។ សូម​បងប្អូន​ត្រឡប់​ទៅផ្ទះ​វិញ​សិន​ចុះ ហើយ​ខ្ញុំនឹង​ពាំនាំ​នូវទុក្ខ​កង្វល់​​របស់​បងប្អូន​ ទៅជ​ម្រាបជូន​ថ្នាក់​ដឹកនាំ ដើម្បីជ្រាប​និង​ដោះស្រា​យឱ្យ​បាន​ឆាប់​»​ ។

បន្ទាប់​ពីស្ដាប់​ការពន្យល់​របស់​លោក សុខយស​ នៅរសៀល​ថ្ងៃទី២​៦ ខែមករា​ ដដែ​លនោះ​ ក្រុម​អ្នក​ភូ​មិ ដែល​មាន​គ្នា​ទាំង​អស់​៩៧នាក់ ​បាននាំ​គ្នា​វិល​ត្រឡប់​ទៅលំនៅ​ឋាន​របស់​ពួកគេវិញ ​ដោយ​មធ្យោបា​យ​រៀងៗ​ខ្លួន៕