
កាកបាទក្រហមបណ្តុះបណ្តាលគ្រូបង្គោលរយៈពេល៤ថ្ងៃ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០។ រូបថត កាកបាទក្រហមកម្ពុជា
ភ្នំពេញៈ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន» រយៈពេល ៤ ថ្ងៃ កំពុងតែធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ ដើម្បីឈានឆ្ពោះធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
យោងតាមកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី ២៦ ខែមករា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែមករា ឆ្នាំ ២០២៣។ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដែលមានមន្ត្រីទីស្នាក់ការកណ្តាល៥នាក់ មន្ត្រីសាខាខេត្តសៀមរាប ១ នាក់ និងមន្ត្រីកាកបាទក្រហមមីយ៉ាន់ម៉ា ១ នាក់ និងមានការសម្របសម្រួលពីលោក Nattorn Sornvai ជាមន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តសមាគមជាតិ អាស៊ី-អាគ្នេយ៍ របស់សហព័ន្ធអន្តរជាតិ ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានថ្លែងថា ថ្ងៃនេះគឺជាការចាប់ផ្តើមមួយក្នុងដំណើរការឈានឆ្ពោះទៅឱ្យកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
លោកស្រីបានបន្តថា ក្នុងការឈានឆ្ពោះទៅដល់កិច្ចប្រជុំនោះ ដំបូងគឺត្រូវការបណ្តុះបណ្តាលយុវជនជាមុនសិន ព្រោះយុវជនអនាគត គឺជាអ្នកដឹកនាំ ជាអ្នកបន្តវេន។ វគ្គបណ្តុះបណ្តាលនេះគឺមានជំនាញដូចជា ផ្នែកទំនាក់ទំនង ការយល់ដឹងពីមូលដ្ឋានគោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន ដែលជាបរិបទសកល និងការប្រែប្រួលអាកាសធាតុជាដើម៕