ភ្នំពេញៈ លោក Dominic Williams ​ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្នាក់​ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ចូលរួម​​ក្នុង​កម្មវិធី​ពិភាក្សា​ពិគ្រោះ​យោបល់ អំពី​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន ជាពិសេស​លើ​គម្រោង​សិក្សា​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ MRT ក្នុង​រាជធានី​ភ្នំពេញ។

កម្មវិធី​នោះ ក៏មាន​ទាំងសិក្ខា​សាលា​អំពី “ការកៀរគរ​វិស័យ​ឯកជន​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា” (Mobilizing Private Sector for Sustainable Development in Cambodia) ដែល​ស្ថានទូត​នៃ​ចក្រភព​អង់គ្លេស គ្រោង​នឹង​រៀបចំ​នាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣​។

ការអញ្ជើញ​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក Dominic Williams និង​សហការី អញ្ជើញ​ចូលជួប​សម្តែង​ការគួរ​សម និង​ពិភាក្សា​ការងារ ជាមួយ​លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ទី១៦​ខែមករា។

ជាការ​ឆ្លើយតប លោក​ស៊ុន ចាន់ថុល បាន​ឯកភាព​ក្នុង​ការចាត់តាំង​ថ្នាក់​ដឹកនាំ​ក្រសួង អម​ដោយ​មន្ត្រី​ជាន់​ខ្ពស់​មួយចំនួន ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ពិភាក្សា​ពិគ្រោះ​យោបល់ និង​សិក្ខា​សាលា​នោះ។

នៅក្នុង​ជំនួប​នេះដែរ ក្រៅពី​លើក​ឡើង​ពី​ការរីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ដឹក​ជញ្ជូន របស់​កម្ពុជា លោក​ទេស​រដ្ឋ​មន្ត្រី ក៏បាន​លើកឡើង​អំពី​គម្រោង​ដែល​ក្រសួង​កំពុង​សិក្សា គឺ​ការដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​តាម​ទន្លេ​បាសាក់ ភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​ក្នុង​ខេត្ត​កំពត ដើម្បី​សម្រួល​ដល់ការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ឱ្យ​កាន់តែ​មាន​ភាព​ឆាប់​រហ័ស និង​កាត់​បន្ថយ​ការចំណាយ។

បន្ថែម​ពីនេះ លោកស៊ុន ចាន់ថុល ក៏បាន​លើក​ពីការសិក្សា​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ​(AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) និង​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង​ Monorail ដើម្បី​ចូលរួម​កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក៏បាន​លើក​ឡើង​អំពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យ​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន៕