
ស្វាគមន៍ការមកដល់ជាថ្មីរបស់ភ្ញៀវទេសចរជនជាតិចិន នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ រូបថត ទេសចរណ៍កម្ពុជា
ព្រះសីហនុៈ ជើងយន្តហោះជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍Ruili Airlines បានមកកាន់ខេត្តព្រះសីហនុជាមួយនឹងអ្នកដំណើរសរុបចំនួន ១០៤នាក់នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
លោកហោ សារ៉ុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូទៅទទួលស្វាគមន៍ជើងយន្តហោះជាប្រចាំលើកដំបូងនេះ។
ការចាប់ផ្តើមហោះហើរជាប្រចាំឡើងវិញនេះគឺជាស្ពានតភ្ជាប់លំហូរភ្ញៀវទេសចរពីប្រទេសចិនមកកាន់កម្ពុជា ជាពិសេសលើទឹកដីនៃតារារះនាទិសនិរតីរបស់កម្ពុជា បន្ទាប់ពីប្រទេសចិនបានបើកប្រទេសឡើងវិញ។
នៅក្នុងពិធីទទួលស្វាគមន៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមកាតា និងអ្នកមុខអ្នកការ ក្រុមយុវជនជាច្រើនរូបទៀតផងដែរ៕