ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោល​ការផ្សព្វផ្សាយ​ព័ត៌មាន​ថា កម្ពុជា​បានផ្តល់ ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន ដោយ​លោក​បញ្ជាក់ថា កម្ពុជា​មិនមាន​សមត្ថភាព​ផ្តល់ជំនួយ​យោធា​ទៅ​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​លោក​ប្រកាស​ស្វាគមន៍​ផ្តល់​ការបណ្តុះបណ្តាល​ប្រទេស ណាក៏ដោយ ដែល​ចង់​មក​រៀន​ដោះមីន​នៅ​កម្ពុជា រាប់ទាំង​ប្រទេស​រុស្ស៊ី​ផងដែរ​។

​លោក​ច្រានចោល​ដូច្នេះ ក្រោយពី​មានការ​ចុះផ្សាយ​របស់​ប​ណ្តា​ញ ផ្សព្វផ្សាយ​សង្គម Telegram ឈ្មោះ ​«Demografiya upala» ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​ថា កម្ពុជា​ស្ថិតក្នុង​ក្រុម​ប្រទេស ដែល​បាន​ផ្តល់ជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ស្របពេល ដែល​កម្ពុជា​បាន​ផ្តល់ជំនួយ បណ្តុះបណ្តាល​អ្នកដោះមីន​អ៊ុយ​ក្រែ​ន ដែល​បានមក​រៀន​នៅ​កម្ពុ​ជាថ្មីៗ​នេះ​។​

​កាលពី​ថ្ងៃទី​ ២៤ ខែមករា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ខ្លឹមសារ​ចុះផ្សាយ​របស់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ​Telegram ឈ្មោះ​«Demografiya upala» នេះ​ផងដែរ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ទទួល​ជយលាភី នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ជាង ៣ ០០០ ​នាក់ នៅ​ថ្ងៃទី​ ២៦ ខែមករា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​កម្ពុជា​មិនបាន​ផ្តល់ជំនួយ​យោធា​ឱ្យ​អ៊ុយ​ក្រែ​ន​ទេ​។ កម្ពុជា គ្មាន​សមត្ថភាព​ដើម្បី​ផ្តល់ជំនួយ​យោធា​ឱ្យ​អ៊ុយ​ក្រែ​ន​ទេ​។ ឯ​រឿង​កម្ពុជា​ជួយ​បណ្ដុះបណ្ដាល អ្នកដោះមីន​អ៊ុយ​ក្រែ​ន គឺជា​កិច្ចការ​មនុស្សធម៌​សុទ្ធសាធ​។ សូមកុំ​ភាន់ច្រឡំ​»​។

​លោក​បាន​បន្តថា កម្ពុជា​បាន​បញ្ជូន​កងទ័ព​ទៅធ្វើ​ការដោះមីន​នៅក្រៅ​ប្រទេស​ដែលជា​ការរួមចំណែក​ការពារ​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ ឥឡូវនេះ​កម្ពុ​ជាមាន​កងទ័ព​ឈរជើង​នៅ​ ៤ ​ប្រទេស គឺ​នៅ​ប្រទេស​ម៉ាលី ស៊ូដង់​ខាងត្បូង លី​បង់ និង​នៅ​អាហ្រ្វិក​កណ្តាល​។ ប៉ុន្តែ​កាលពីមុន កម្ពុជា​ក៏បាន​បញ្ជូន​កងទ័ព​ទៅធ្វើ​ការដោះមីន​នៅ​ប្រទេស​ស៊ី​រី ឆាដ និង​ស៊ី​ប​ផងដែរ​។​

​លោក ​ហ៊ុន សែន ក៏បាន​បញ្ជាក់ដែរថា ចំណែក​នៅក្នុង​ប្រទេស​វិញ កម្ពុជា​បាន​ជួយ​បណ្តុះបណ្តាល​អ្នកដោះមីន​ដែល​មកពី​ប្រទេស​កូ​ឡុំ​ប៊ី និង​ប្រទេស​មួយចំនួន​ផ្សេងទៀត មក​រៀន​ដោះមីន​នៅ​កម្ពុជា ដែល​មជ្ឈមណ្ឌល​មីន​អាស៊ាន មាន​ទីតាំងនៅ​កម្ពុជា​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ប្រទេស​ណាក៏ដោយ ដែល​ចង់​មក​រៀន​ដោះមីន​នៅ​កម្ពុជា សូម​អញ្ជើញ រាប់ទាំង​ប្រទេស​រុស្ស៊ី​។ យើង​ជួយ​បណ្ដុះ បណ្ដាល ឱ្យ​ទាំងអស់​»​។​

​គួរ​បញ្ជាក់ដែរថា ដោយមាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ​(JICA) វគ្គ​បណ្តុះបណ្តាល ដែលមាន​រយ​:​ពេល​ ៥ ​ថ្ងៃ សម្រាប់ អ្នកដោះមីន​អ៊ុយ​ក្រែ​ន ត្រូវបាន​បិទ​បញ្ចប់ កាលពី​សប្តាហ៍​មុន​នៅ​ប្រទេស​កម្ពុជា​។ មន្ត្រី​ដោះមីន​អ៊ុយ​ក្រែ​ន ត្រូវបាន​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ឧបករណ៍ ទំនើប សម្រាប់​បោសសម្អាត​មីន របស់​ប្រទេស​ជប៉ុន ក៏ដូចជា ការ ចែករំលែក​ចំណេះដឹង ដ៏​សម្បូរបែប​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(CMAC) ទាក់ទង​នឹង​ការដោះមីន​។​

​លោកនាយក​រដ្ឋមន្ត្រី ចាត់ទុក​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​ដោះមីន​អ៊ុយ​ក្រែ​ន ជា​កិច្ចការ​មនុស្សធម៌​សុទ្ធសាធ ដោយ​លោក​បាន​បន្ថែមថា ការ​បំផ្លាញចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ គឺជា​កិច្ច​ការដែល​ត្រូវធ្វើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅលើ​ពិភពលោក​។ លោក​បញ្ជាក់ថា ដោយ​កម្ពុជា​បាន​ប្រើពេល​ ៣០ ​ឆ្នាំ នៅតែ​ដោះមីន​មិនទាន់​អស់ ទើប​កម្ពុជា​នាពេលនេះ​ត្រូវ​វិនិយោគ លើ​ការដោះមីន​ដោយ​គំហុក​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្ងៃមុន សប្បុរសជន​បាន​ចូលរួម រាប់ទាំង​ព្រះករុណា​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ ជិត​ ១៩​ លាន​ដុល្លារ យើង​បាន​ចំណាយ​អស់​។ ខ្ញុំ​បានរៀបចំ​បន្ទាន់ គេ​ហៅ​មូលនិធិ​គ្មាន​មីន​ឆ្នាំ​ ២០២៥ កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ដាក់ទុន​ចូលទៅក្នុង​ហ្នឹង​ ៣០ ​លាន​ដុល្លារ ភ្លាម ដើម្បីឱ្យ​ប្រតិបត្តិ​ករ​ដោះមីន ទាំង​ស៊ីម៉ាក់ ទាំង​កងកម្លាំង​រក្សា​សន្តិភាព ដោយ​ហ្វឹកហាត់​សម្រាប់​ការដោះមីន ដែលជា​កម្លាំង​ដោះមីន និង​បណ្ដា​អង្គភាព​កងទ័ព​ប្រើប្រាស់ សម្រាប់​ការដោះមីន ដែល​នៅ​សេសសល់ ជាមួយនឹង​ការប្រមូល​ធនធាន​ពី​ក្រៅប្រទេស មក​ដោះមីន​ក្នុងប្រទេស​របស់ខ្លួន គ្រោះថ្នាក់​ខ្លាំងណាស់​»​។​

​លោក ​ថុង ម៉េង​ដា​វិត អ្នកសិក្សា ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ចោទ​កម្ពុជា​បានផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន គឺ​ពិតជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ ដោយសារតែ​កម្ពុជា គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ ក្នុងការ​ថែរក្សា​សន្តិភាព​តំបន់ និង​ពិភពលោក​។

​លោក​បាន​ថ្លែងថា​៖ «​ការបញ្ជូន​ភ្នាក់ងារ​ជំនាញ​ដោះមីន​ទៅ​អ៊ុយ​ក្រែ​ន គឺជា​ជំនួយ​មនុស្សធម៌​សុទ្ធសាធ ដែល​នេះ​បង្ហាញ​អំពី​ទឹកចិត្ត និង​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ដែលមាន​បំណង​ចង់​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​ន ចៀសផុត និង​មាន​សុខ​សុវត្ថិភាព ពី​កាកសំណល់​សង្គ្រាម ដែល​កម្ពុជា​ធ្លាប់​ឆ្លងកាត់​រួចមកហើយ​»​។

​លោក​ ម៉េង​ដា​វិត បន្ថែមថា​៖ «​កម្ពុជា​យល់ច្បាស់​អំពី​គុណ​តម្លៃ​សន្តិភាព និង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​។ ការចោទប្រកាន់ របស់​កាសែត Demografiya upala គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​ចេតនា​ចង់​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង កម្ពុជា និង​រុស្ស៊ី​ផងដែរ​»៕