លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹង សុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់កាយសាសនា និងប្រឆាំងរាល់ទង្វើរើសអើងក្នុងចំណោមប្រជាជន ដែលបណ្តាមកពីភាពខុសគ្នានៃជំនឿសាសនា សំដៅទប់ស្កាត់ ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ នេះជាការថ្លែងរបស់លោក នៅក្នុងពិធីអបអរសាទរខួប ១០០ ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា។
លោក ហ៊ុន សែន មានប្រសាសន៍បន្តថា ពិធីជួបជុំនេះ គឺបង្ហាញឱ្យឃើញនូវការរីកចម្រើនរបស់ជំនឿគ្រិស្តសាសនានៅកម្ពុជា ក្រោមម្លប់សន្តិភាព និងផ្តល់ឱកាសសម្រាប់អង្គពិធីជួបជុំប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកក្នុងការលើកស្ទួយសុខដុមនីយកម្មវិស័យគ្រិស្តសាសនានៅកម្ពុជាសំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
លោកបន្ថែមថា រាជរដ្ឋាភិបាលក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ទទួលបាននូវការគាំពារ ធានា និងលើកទឹកចិត្តសុខដុមណីយកម្ម សាសនា ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ លោកកោតសរសើរ និងមានមោទនភាពចំពោះប្រជាជនកម្ពុជាដែលប្រកាន់ភ្ជាប់សាសនាផ្សេងគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ ដែលនេះមិនមែនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។
លោកថ្លែងថា៖ «ខ្ញុំធ្លាប់និយាយច្រើនលើកហើយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គ នៃការអភិវឌ្ឍប្រទេសជាតិនោះទេ សូមកុំនាំគ្នាចាប់បង្ខំឱ្យអ្នកនេះជឿសាសនានេះ ជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ វាមិនអាចទៅរួចទេ។ ហើយ ៧ មករា មិនមែនគ្រាន់តែធ្វើឱ្យរស់ឡើងវិញនៃជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់»។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ ១០០ ឆ្នាំ» ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថា៖ «ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿសាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅកម្ពុជាមានគ្រិស្តបរិស័ទចំនួន ១១៤ ៤០២ នាក់ ដែលបានចុះបញ្ជី។ លោកថ្លែងថា៖ «បច្ចុប្បន្នគ្រិស្តបរិស័ទក៏បានចូលរួមសកម្មភាពសង្គមជាច្រើន តាមរយៈសកម្មភាពអប់រំមនុស្សធម៌ និងកិច្ចការប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈអង្គការសមាគម ដូចជាការជួយសាងសង់សាលារៀន ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ អំណោយជាក្តីស្រឡាញ់ដល់កុមារ ក្មេងកំព្រា ចាស់ជរា។ល។ ខ្ញុំពិតជាមានសេចក្តីរីករាយ និងកោតសរសើរចំពោះសេចក្តីស្រឡាញ់ទាំងនេះរបស់គ្រិស្តបរិស័ទ»៕