ព្រះសីហនុៈ ​ស្នងការ​នគរបាល​នៃ​ម៉ាឡេស៊ី ស្វែងរក​កិច្ច​សហការ និង​ផ្តល់​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ទប់ស្កាត់ និង​ជួយ​សង្គ្រោះ​ការជួញដូរ​មនុស្ស ខណៈ​ប្រជាពល​រដ្ឋ​ម៉ាឡេស៊ី​ដែល​ត្រូវ​បាន​ជន​ឆបោក នាំយក​មក​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ជាពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ក្នុងជំនួប​ពិភាក្សា​ការងារ​ ស្តីពី​«ការជួញដូរ​មនុស្ស» ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា លោក​ Data''s Sri Abb Jalil Bin Hassan ស្នងការ​នគរបាល នៃ​ប្រទេស​ម៉ាឡេស៊ី ថ្លែង​ថា ការជួញដូរ​មនុស្ស​ជាក្តី​កង្វល់ និង​ធ្វើ​ឱ្យ​មាន​ការប៉ះពាល់​ដល់​ពិភពលោក ប្រទេស​ម៉ាឡេស៊ី​បាន​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹងការ​ជួញដូរ​មនុស្ស ដោយ​ផ្អែក​នឹង​ច្បាប់។

លោកបន្ត​ថា តាម​ហេតុផល​ជនរង​គ្រោះ​បញ្ជាក់​ថា មាន​ការជួញដូរ​មនុស្ស ដោយ​ស្នើ​សុំការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​នៅ​ក្រៅ​ប្រទេស ក្នុងនោះ​ក៏មាន​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែង​ថា៖ «នេះ​គឺជា​កិត្តិយស​នៃ​ការទទួល​ស្វាគមន៍​នាពេលនេះ​ ក្នុង​គោលបំណង​ស្វែងរក​វិធីសាស្ត្រ​កំណត់​ទីតាំង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ពី​ការស្នើ​សុំកិច្ច​សហការ​ពី​ប្រទេស​ពាក់ព័ន្ធ​ក្នុងការ​ជួយសង្គ្រោះ​ជន​រងគ្រោះ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ជន​ឆបោក យើង​ក៏ចង់​បាន​ព័ត៌មាន និង​បទ​ពិសោធន៍ ដើម្បី​ចែក​រំលែក​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ម៉ាឡេស៊ី​ផង​ដែរ»។

លោក​ស្នងការ សង្ឃឹម​ថា​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​រដ្ឋា​ភិបាល​កម្ពុជា តាម​កិច្ច​ពិភាក្សា​នេះ​នឹង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្តិការ​ទៅវិញ​ទៅមក​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​នាពេល​ខាងមុខ​។

ជាមួយ​គ្នានេះ ​លោក Datuk Eldeen Husaini Mohd Hashim ឯក​អគ្គ​រដ្ឋ​ទូត នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ជួយ​សម្របសម្រួល​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី មក​ធ្វើការ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​កន្លង​មក ទន្ទឹមនោះ​ក៏ចង់​ឃើញ​ជនជាតិ​ម៉ាឡេស៊ី​មក​ធ្វើ​ការវិនិយោគ និង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោក​ឯកអគ្គ​រដ្ឋទូត សន្យាថា​នៅពេល​ខាងមុខ​នឹងនាំ​អ្នក​វិនិយោគ និង​អ្នក​ទេសចេណ៍​ចូល​ជួប​ពិភាក្សា​ការងារ ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​កាន់តែ​ស៊ី​ជម្រៅ ឈ្វេងយល់​សិក្សា​លើ​គម្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ និង​នាំមក​នូវ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោក ម៉ាង ស៊ីណេត អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី​មក​ធ្វើ​ការស្នាក់​នៅខេត្ត​ព្រះសីហនុ គិត​ត្រឹម​ថ្ងៃ​ទី២៣ ខែ​មករា ២០២៣ ស្នាក់នៅ​រយៈពេល​វែង​មាន​ចំនួន ៤៦៨​នាក់ ស្រី ​៩៥នាក់ បម្រើ​ការងារ​នៅកាស៊ីណូ ​សណ្ឋាគារ​ ផ្ទះសំណាក់​ ផ្ទះ​ជួល ខុនដូរ​ សហគ្រាស​ រោងចក្រ​ គ្រឹះស្ថាន​សិក្សា សហគមន៍​ និង​ប្រកប​អាជីវកម្ម​ជាដើម​។

លោក​បន្ត​ថា ខេត្ត​ព្រះសីហនុ ទទួល​ពាក្យ​បណ្តឹង​តាមរយៈ​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ Hotline១១៧ របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក៏ដូច​តាមរយៈ​ពាក្យ​បណ្តឹង​នានា ចូល​មក​រដ្ឋបាល​ខេត្ត​ ជាលទ្ធផល​ប្រតិបត្តិការ​ចាប់​ពី​ថ្ងៃទី៣ ខែ​តុលា ២០២២ ដល់​ថ្ងៃ​ទី១៧ ខែ​មករា ២០២៣ ខេត្ត​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ២៣ បណ្តឹង​៕