
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ឱ្យកោះហៅអ្នកសារព័ត៌មានអនឡាញមួយចំនួន មកធ្វើការអប់រំពីក្រមសីលធម៌វិជ្ជាជីវៈ និងស្នើឱ្យបញ្ចប់ជម្លោះរវាងអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ។
ការថ្លែងរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលថ្មីៗនេះ នៅលើស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពេលនោះមានអ្នកសារព័ត៌មានកំពុងធ្វើការផ្សាយផ្ទាល់ បានប្រើពាក្យសម្តីមិនសមរម្យទៅលើបុរសម្នាក់ដែលមកជួយលើកម៉ូតូជនរងគ្រោះខណៈដែលសមត្ថកិច្ចមិនទាន់ដោះស្រាយនិងវាស់វែងលើករណីនេះ។
ក្នុងពិធីអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជាង ៣ ពាន់នាក់ នៅថ្ងៃទី ២៦ ខែមករា លោកនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តីដែលអ្នកសារព័ត៌មានរូបនោះប្រើមកលើបុរសដែលខិតខំជួយលើកម៉ូតូនោះ មិនសមហេតុផលនោះឡើយ។
លោកថា៖ «រឿងហ្នឹងវាអត់អីត្រូវទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវជួយគ្នាសិន រឿងយ៉ាងណាក៏ដោយ ប៉ុន្តែអត់សមហេតុសមផលទេ នូវការប្រើពាក្យសម្តីបែបនេះ បើខ្លួន (អ្នកសារព័ត៌មាន) ជាប៉ូលិសខ្ញុំមិនថាទេ ប៉ុន្តែខ្លួនត្រឹមមានទូរស័ព្ទផ្សាយផ្ទាល់ (live) ហើយបើសម្តីវិញ...»។ប៉ុន្តែអ្នកខ្លះក៏មានមតិជ្រុលហួសថា គួរតែលុបចោលអាជ្ញាប័ណ្ណ អ្នកខ្លះថា សុំឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ អត់ត្រូវទេ បញ្ចប់ត្រឹមនេះទៅ ហើយដកពិសោធន៍វាទៅ»។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន បានប្រាប់ឱ្យលោក ខៀវ កាញារីទ្ធ កោះហៅអ្នកសារព័ត៌មានអនឡាញ មកធ្វើការអប់រំ ពីក្រមសីលធម៌វិជ្ជាជីវៈផងដែរ។ លោកថា៖ «ឥឡូវ ខៀវ កាញារីទ្ធ ល្មមហៅអ្នកសារព័ត៌មាន អនឡាញទាំងប៉ុន្មានទៅអប់រំឱ្យទៅទទួលបទពិសោធន៍ទាំងអស់គ្នា គួរឱ្យហៅមកប្រជុំដើម្បីពង្រឹងថា អ្នកណាធ្វើសកម្មភាពបែបនេះ កុំបណ្តោយពេក កន្លងទៅយើងបណ្តោយជ្រុល យើងមិនមែនបិទសិទ្ធិទេ ប៉ុន្តែត្រូវគោរព សិទ្ធិគេអ្នកដទៃផងបានទេ»។
បន្ថែមពីនេះលោក ហ៊ុន សែន បានលើកទឹកចិត្តដល់បុរសជាអ្នកជួយលើកម៉ូតូនោះថា គឺជាកាយវិការដ៏ល្អក្នុងការជួយសង្គ្រោះមនុស្ស និងបញ្ចៀស ការកកស្ទះចរាចរណ៍ផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានថ្លែងថា ក្រសួងព័ត៌មាននឹងអនុវត្តទៅតាមអនុសាសន៍ របស់លោកនាយករដ្ឋមន្ត្រីដោយនឹងកំណត់នូវយន្តការ និងការរៀបចំជាវគ្គ បណ្តុះបណ្តាល វគ្គអប់រំខ្លីៗដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានប្រកបវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែមានសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀត ពាក់ព័ន្ធផ្លូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យគាត់ស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន។
លោកថា៖ «ពាក់ព័ន្ធបងប្អូនអ្នកសារព័ត៌មាន ដែលបានប្រព្រឹត្តខុសឆ្គងទៅលើក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ផ្សេងៗ គឺក្រសួងព័ត៌មានបានដាក់ចេញនូវិធានការមួយចំនួន គឺការអប់រំ ណែនាំតម្រង់ទិស ដែលគាត់បានប្រព្រឹត្តខុស ឱ្យគាត់បានយល់និងកែប្រែកំហុសរបស់គាត់តាមរយៈកិច្ចសន្យា។ បន្ថែមពីនេះយើងក៏មានការអនុវត្តនូវវិធានការរដ្ឋបាល ក៏ដូចជាវិធានការទៅតាមនីតិវិធីច្បាប់មួយចំនួនផងដែរ»។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី យល់ឃើញថា ទាក់ទងនឹងការផ្តល់ការអប់រំបណ្តុះបណ្តាលថែមទៀត អំពីការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថរបស់អ្នកសារព័ត៌មាន គឺជាអ្វីដែលយើងគួរគប្បីធ្វើបន្ថែមទៀត។ ប៉ុន្តែលោកថា ការចាត់តាំងឱ្យមន្ត្រីរដ្ឋាភិបាល កោះហៅអ្នកសារព័ត៌មានទៅអប់រំ ណែនាំនោះ គឺជាផ្នែកមួយ ដែលនាំឱ្យមានផលប៉ះពាល់ទៅដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន។
លោកថា៖ «ទី១ អាចធ្វើឱ្យពួកគាត់មានអារម្មណ៍ភ័យខ្លាច នៅពេលដែលមានការកោះហៅពីមន្ត្រីរដ្ឋាភិបាល ធ្វើឱ្យគាត់មានការបារម្ភអំពីសុវត្ថិភាព។ សម្រាប់ខ្ញុំផ្ទាល់គិតថា ជាការពិត ការអប់រំយើងត្រូវតែធ្វើ ក៏ប៉ុន្តែយើងគួរតែមានការរៀបចំឱ្យមានយុទ្ធនាការបណ្តុះបណ្តាល យុទ្ធនាការអប់រំឱ្យបានទូលំទូលាយវិញ ជាជាងយើងចាត់តាំងមន្ត្រីរដ្ឋាភិបាលឬចាត់តាំងឱ្យស្ថាប័នមានសមត្ថកិច្ចរដ្ឋាភិបាលកោះហៅអ្នកសារព័ត៌មានទៅអប់រំ ណែនាំ»។
ជាមួយគ្នានេះដែរ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ លើកឡើងថា ក្រមសីលធម៌អ្នកសារព័ត៌មាន គឺជាអាវក្រោះដ៏សំខាន់សម្រាប់អ្នកសារព័ត៌មាន ហើយបើកាលណាក្រមសីលធម៌ សារព័ត៌មានមិនល្អគឺប៉ះពាល់ដល់អ្នកអនុវត្តន៍នោះ។
លោកបន្តថា បញ្ហាសព្វថ្ងៃនេះ គឺស្ថិតនៅលើបញ្ហាសារព័ត៌មានអនឡាញដែលមិនទាន់គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់គុណតម្លៃសារព័ត៌មាន។
លោកថ្លែងថា៖ «អ្នកសារព័ត៌មានគឺថា ទៅយកព័ត៌មាន ឃើញហេតុការណ៍យ៉ាងម៉េច សាក្សីអ្នកជិតខាងនិយាយប្រាប់ថាម៉េចទិដ្ឋភាពនៅកន្លែងកើតហេតុមានរូបភាពបែបណា? នេះហើយជាអ្វី ដែលអ្នកសារព័ត៌មាន ទៅយកដំណឹងបង្ហាញទៅអ្នកមើល។ អាកប្បកិរិយាលើសពីនេះ មិនមែនជាតួនាទីទេ ខុសឬត្រូវទុកឱ្យសមត្ថកិច្ចអ្នកវិនិច្ឆ័យ»។
លោកលើកឡើងថា បច្ចុប្បន្ននេះ ក្រមសីលធម៌អ្នកសារព័ត៌មានមួយជ្រុងតូចណាមួយហាក់បីដូចជាមានការឆ្គាំឆ្គង ហើយការឆ្គាំឆ្គងនៃជ្រុងតូចនេះ វាបានជះឥទ្ធិពលទៅដល់ជំនឿ គុណតម្លៃ នៅក្នុងវិស័យសារព័ត៌មាន ដែលករណីនេះទាមទារនូវការកែលម្អ ភ្ញាក់រឭកចាប់ពីខ្លួនឯង។
លោកថា៖ «រឿងនេះពិបាក បើសិនជាអង្គភាពសារព័ត៌មាន មានការចាត់តាំងរឹងមាំជានិពន្ធនាយក ចាងហ្វាងការផ្សាយ គឺមានការណែនាំល្អហើយ ប៉ុន្តែនៅក្នុងរបបនៃសារព័ត៌មានអនឡាញជាបុគ្គលម្នាក់ ២ នាក់គឺថា ទប់អត់ជាប់ហើយធ្វើឱ្យមានការប៉ះពាល់ ដែលនេះជាការព្រួយបារម្ភ»៕