សៀមរាបៈ ការរៀបចំ​សណ្តាប់ធ្នាប់​ទេសចរណ៍​នៅតាម​ប្រាសាទ​ជា​ការងារ​អាទិភាព​មួយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្ត​ទុកដាក់​ជាប្រចាំ ដើម្បី​ធានា​ដល់​ការលើក​តម្លៃ​បេតិកភណ្ឌ ការថែរក្សា​សណ្តាប់ធ្នាប់ និង​បញ្ចៀស​រាល់ការ​កកស្ទះ និង​ហានិភ័យ​ផ្សេងៗ​ចំពោះ​ប្រាសាទ ក៏ដូចជា​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ។

​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ក្រុម​អ្នកបច្ចេកទេស​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ កំពុង​យកចិត្ត​ទុកដាក់​ពង្រឹង​ការងារ​រៀបចំ​ទិសដៅ​ទស្សនា​នៅតាម​ប្រាសាទ​នានា ដោយ​ធ្វើ​ការដាក់​បង្ហាញ​ស្លាក​ព័ត៌មាន​ទូទៅ ស្លាក​សញ្ញា​បង្ហាញ​ទិស​សម្រាប់​ដើរ​ទស្សនា ស្លាក​សញ្ញា​ហាមឃាត់ និង​ស្លាក​សញ្ញា​ពាក់ព័ន្ធ​ដទៃទៀត​នៅតាម​បណ្តា​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​បរិវេណ​ប្រាសាទ។​

​ក្រៅពីនេះ ដោយសារ​ប្រាសាទបុរាណ​ទាំងអស់ សុទ្ធ​តែមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ មាន​កន្លែង​ខ្លះ​ត្រូវ​បាក់ បែក​ខូច កន្លែង​ខ្លះ​សឹក​រអិល ពិសេស​នៅតាម​ជណ្តើរ​ឡើង​ចុះ​ដែល​មាន​សភាព​ចោត​ខ្លាំង ក្រុម​ការងារ​បាន​ធ្វើ​កម្រា​លក្តារ និង​ជណ្តើរ​ឈើ​ជំនួស ដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ​ចូល​ទស្សនា​របស់​ភ្ញៀវ​ប្រកបដោយ​សុវត្ថិភាព។​

​ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ ដែល​ចូលមក​ទស្សនា​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ សូមមេត្តា​គោរព​នូវ​ក្រម​ប្រត្តិបត្តិ​អង្គរ និង​ស្លាក​សញ្ញា​ផ្សេងៗ​នៅតាម​ប្រាសាទ ដើម្បី​ធានាបាន​នូវ​សុខសុវត្ថិភាព សេចក្តី​ថ្លៃថ្នូរ ព្រមទាំង​លើក​តម្លៃ​បេតិកភណ្ឌ​អង្គរ​ផងដែរ៕​